ដោយ៖ បាន វិទ្យា
ថ្ងៃចន្ទ ទី4 សីហា 2014
http://vodhotnews.com
ពលករ៥នាក់ រត់ពីប្រទេសថៃមកវិញ និង ចោទថាក្រុមហ៊ុន RNT Co.,Ltd ដែលប្រកាសជួយស្វែងរកការងារ និងជួយធ្វើលិខិតឆ្លងដែនឲ្យពលករ បានឆបោកពួកគាត់ ។
ពលករម្នាក់ លោក ជ័យ លន មកពីឃុំចង្កោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែងប្រាប់VODនៅថ្ងៃចន្ទនេះថា គាត់បានមកធ្វើលិខិតឆ្លងដែននៅក្រុមហ៊ុន RNT ដែលប្រកាសពត៌មានតាមវិទ្យុថាជួយស្វែងរកការងារជូនពលករដែលមានបំណង ចង់ទៅធ្វើការនៅប្រទេសថៃ ក្នុងម្នាក់តម្លៃ២៥០ដុល្លារ ។
លោកបន្តថា ក្រុមហ៊ុនបានធ្វើលិខិតឆ្លងដែនរួចហើយ ប៉ុន្តែក្រុមហ៊ុនបែរជាមិនព្រមប្រគល់ឲ្យពលករ ហើយបែរជាធ្វើប័ត្រព្រំដែនជំនួសវិញ ដែលមានសុពលភាពរយៈពេលខ្លីប៉ុណ្ណោះក្នុងការធ្វើការងារ ដែលធ្វើឲ្យពលករប្រឈមនឹងគ្រោះថ្នាក់នៅពេលធ្វើការនៅក្រៅស្រុក។
ពលករម្នាក់ទៀត លោក គុំ អឿន នៅភូមិទ្រា ឃុំទ្រា ស្រុកស្ទង ខេត្តកំពង់ធំ មានប្រសាសន៍ថា ថៅកែថៃបានគាបសង្កត់ក្នុងការងារដោយឲ្យធ្វើការ១ថ្ងៃ៩ម៉ោង និងមិនផ្តល់សិទិ្ធសេរីភាពគ្រប់គ្រាន់ ។ លោកថា ដោយមិនមានលិខិតឆ្លងដែនស្របច្បាប់ក្នុងដៃ ហេតុនេះទើបគាត់ត្រឡប់មកស្រុកវិញជាមួយពលករ៤នាក់ទៀត ដើម្បីទាមទារលិខិតឆ្លងដែនស្របច្បាប់ពីក្រុមហ៊ុន។
លោក គុំ អឿន បន្តថា ព្រឹកមិញពួកគាត់ទាំង៥នាក់ ទៅទាមទារលិខិតឆ្លងដែនពីក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុទារប្រាក់៦០០ដុល្លារបន្ថែមពីពលករម្នាក់ៗ ទើបអាចប្រគល់លិខិតឆ្លងដែនស្របច្បាប់បាន។
ពលករទាំង៥នាក់បានស្នើទៅស្នងការឲ្យជួយអន្តរាគមន៍ ប៉ុន្តែស្នងការបានប្រគល់ភារកិច្ចនេះជូនទៅក្រសួងការងារក្នុងការស្វែងរកដំណោះស្រាយ ។
កញ្ញា សៅ ស្រីណា ផ្នែកទីផ្សាររបស់ក្រុមហ៊ុន RNT មានប្រសាសន៍ថា ពលករដំបូងមិនមានសិទិ្ធក្នុងការកាន់លិខិតឆ្លងដែនស្របច្បាប់ឡើយ ដែលនេះជាលក្ខខណ្ឌការងាររបស់ថៅកែនៅប្រទេសថៃ ដោយត្រូវកាត់កងប្រាក់ខែ២ពាន់បាតរបស់ពលករម្នាក់ៗ ក្នុងរយៈពេល១០ខែ ឬ៨ខែចំពោះពលករធ្វើការសំណង់។
កញ្ញាបន្តថា តាមច្បាប់នៅប្រទេសថៃ ថៅកែថៃជាអ្នកកាន់លិខិតឆ្លងដែនរបស់ពលករម្នាក់ៗ ដើម្បីកាត់កងនៃការធានាសុខភាព និងការធានាលើការធ្វើការងារនៅប្រទេសថៃ២ឆ្នាំ ប៉ុន្តែថៅកែថៃផ្តល់ប័ណ្ណសម្គាល់ខ្លួនក្នុងការធ្វើដំណើរបាន «ក្រុមហ៊ុនបានប្រាប់ពួកគាត់ការងារសំណង់បានប្រាក់ខែច្រើន ប៉ុន្តែលំបាកបន្តិច…. នេះជាកំហុសរបស់ក្រុមហ៊ុនដែលធ្វើឲ្យគាត់ធ្វើការមិនកើត ចឹងក្រុមហ៊ុនសម្រួលរកការងារថ្មីឲ្យពួកគាត់»។
អ្នកឃ្លាំមើលសិទ្ធិមនុស្សជាន់ខ្ពស់របស់អង្គការលីកាដូ លោក សែន ចៅសុខប្រាប់VODឲ្យដឹងថា លោកទើបបានចុះទៅសម្ភាសន៍ជាមួយក្រុមកម្មករមួយជំហ៊ាន ដូច្នេះពុំទាន់សន្និដ្ឋានបានថាករណីនេះយ៉ាងណានៅឡើយទេ តែបើយោងតាមឯកសារ និងព័ត៌មានដែលកម្មករផ្ដល់ជូន បានបង្ហាញក្រុមហ៊ុនមិនមានការទទួលខុសត្រូវចំពោះកម្មករ ។
លោកបន្តថា ក្រុមហ៊ុនបានយកកម្មករទៅធ្វើការខុសពីលក្ខខណ្ឌនៃកិច្ចសន្យា ហើយពុំមានឯកសារគតិយុតណាមួយបង្ហាញថា កម្មករចូលទៅធ្វើការតាមរយៈក្រុមហ៊ុននេះឡើយ គឺហាក់ដូចជាយកពួកគាត់ទៅបោះបង់ចោល ។
កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ក្រុមហ៊ុនបានបញ្ជូនពលករចំនួន២០នាក់ទៅធ្វើការនៅប្រទេសថៃ ដោយក្រុមហ៊ុនបញ្ជូនពលករ១៥នាក់ទៅខេត្តផ្សេងៗគ្នា និងពលករ៥នាក់ទៅធ្វើការផ្នែកសំណង់នៅជិតទល់ដែនកម្ពុជា និងថៃ ប៉ុន្តែពលករទាំង៥នាក់នេះ បានត្រឡប់មកកម្ពុជាកាលពីម្សិលមិញ ដោយមិនហ៊ានធ្វើការបន្ត ពីព្រោះមិនមានលិខិតឆ្លងដែនស្របច្បាប់។
សូមសរសេរមកកាន់កញ្ញា បាន វិទ្យា តាមរយៈ vitcheaban77@gmail.com