Tue, 5 August 2014
សូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ខណៈប្រជាប្រិយភាពកំពុងរីកលូតលាស់ ក្រោយចូលជ្រកដំបូលហង្សមាស ដែលធ្វើឲ្យ កញ្ញា ផន លីដា ហៅស្រីខួច ញញឹមបិទមាត់មិនជិតនោះ បែរជាលេចរឿងដ៏ហ្មងសៅបោកផ្ទប់មកលើតារាចម្រៀងរូបនេះ ដែលបង្កឲ្យនាងឆេះដុំមួយរយអង្សាទៅនឹងព័ត៌មានថានាងធ្លាក់ខ្លួនឈឺព្រោះគ្មានអ្នកស្រឡាញ់នេះ។
តារាចម្រៀងស្រីលេចមុខថ្មីក្នុងផលិតកម្ម ហង្សមាស កញ្ញា ផន នីដា ហៅ ស្រីខួច និងជាអតីតម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធី រ៉ុកស្ដារ ត្រូវបានមជ្ឈដ្ឋាននិយមគាំទ្រវិស័យសិល្បៈចម្រៀងលើកឡើងថា ប្តូរទ្រនំជ្រកក្រោមដំបូលផលិតកម្មធំ (រស្មីហង្សមាស) និងឃើញមានចេញបទចម្រៀងកាយវិការក្នុងវ៉ុលថ្មីៗនោះ ហាក់បានបង្ហាញពីភាពលេចធ្លោ របស់នាងមួយកម្រិតទៀត។ ទន្ទឹមនឹងការលើកតម្កើងពីមហាជននោះ នៅក្នុងគណនីហ្វេសប៊ុក តារាចម្រៀងរូបនេះ ក៏បានបង្ហាញពីការរំពឹងភាពជោគជ័យ និងអាចឆក់បានប្រជាប្រិយភាពសម្រាប់បទចម្រៀងថ្មីចេញលក់បន្ត។
តារាចម្រៀងដែលមានទឹកដមទាក់ទាញជាងសម្រស់នាង ផន លីដា ក៏បានអះអាងផងដែរថា បទចម្រៀងនោះសុទ្ធតែជាបទនិពន្ធថ្មីសន្លាងទាំងអស់។
នាងបញ្ជាក់ថា៖ «មិនសូវកាក់កបនឹងបទចម្រៀងចម្លងទំនុកពីគេទេ ព្រោះត្រូវធ្វើតាមគេ។ តែបើបទថ្មីវិញ គឺស្រួលសម្រាប់នាងទៅវិញ»។
ទន្ទឹមនឹងអារម្មណ៍មោទនភាព ដែល តារាចម្រៀងចំណូលថ្មីរបស់ផលិតកម្មហង្សមាសនាង ផន លីដា រីកចិត្តរីកថ្លើមនោះ នាង ផន លីដា ក៏បានសរសេរប្រាប់មិត្តភក្ដិក្នុងហ្វេសប៊ុកនាងនូវដំណឹងហួសចិត្តផងដែរ ដែលកើតឡើងមកលើនាង។
នាងបានសរសេរថា៖ «នៅមានដំណឹងមួយ ដែលធ្វើឲ្យខ្ញុំអត់ទ្រាំមិនខឹងមិនបានដែលកើតឡើងចំពោះខ្ញុំ»។ ឆ្លើយតបការជជីកសួរពីក្រុមអ្នកសួរទាំងនោះ តារាចម្រៀងរូបនេះបានរៀបរាប់ថា៖ «ខ្ញុំត្រូវបានបណ្ដាញព័ត៌មានក្នុងស្រុកមួយចំនួនចុះផ្សាយថា ផន លីដា ហៅស្រីខួច ត្រូវស្គមរីងរៃ ដោយសារតែពិបាកចិត្តនឹងរឿងគ្មានអ្នកស្រឡាញ់»។
តារាស្រីដែលធ្លាប់ល្បីបរាជ័យស្នេហាក្រោយប្រជែងពិធីការិនី សូដា នីតា នាង ផន លីដា បានចាត់ទុកថា ព័ត៌មានដែលសារព័ត៌មានយករឿងនាងទៅចេញផ្សាយបែបនេះ មិនត្រឹមតែជារឿងអាម៉ាស់សម្រាប់ខ្លួននាងទេ វាក៏ជារឿងប៉ះពាល់ដល់ស្រ្តីៗឯទៀតៗដែរ។
ក្នុងអារម្មណ៍មិនសប្បាយចិត្តនោះ នាងលើកឡើងថា៖ «ព័ត៌មានមិនល្អសម្រាប់ខ្ញុំជាស្ត្រីភេទ ហើយក៏ប៉ះពាល់ដល់ស្រ្តីឯទៀតផងដែរ»។
កញ្ញា ផន នីដា បានចោទជាសំណួរទៀតថា៖ «ព្រោះគ្មានអ្នកស្រឡាញ់សោះ អីក៏ដល់ថ្នាក់ហ្នឹង ធ្វើមើលតែមានទុក្ខធំប៉ុនភ្នំអ៊ីចឹង ហើយបើសិនរឿងអ្វីផ្សេង អាចទទួលយកបាន តែនេះជាមនុស្សស្រី ហើយស្រីក្រមុំ បើសរសេរមកបែបនេះ ខ្មាសគេណាស់»។
នាងក៏ធ្លោយសរសរបង្ហើបពីអាថ៌កំបាំងស្នេហ៍ថា៖ «មានតែពិបាកសម្រេចថា ត្រូវជ្រើសរើសមួយណាប៉ុណ្ណោះ»៕
