គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បង្ហាញ​សមាសភាព​ក្រុមការងារ​រុះរើ​ក្បាលម៉ាស៊ីន​ព្រឺទ្ធសភា​​

ដោយ៖​ អ៊ិត សូធឿត​
ថ្ងៃអង្គារ ទី5 សីហា 2014
http://vodhotnews.com

​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​ថ្ងៃ​អង្គារ​នេះ បង្ហាញ​សមាសភាព​ក្រុមការងារ​សម្រាប់​ពិភាក្សា​អំពី​ការរៀបចំ​ឡើងវិញ​ក្បាលម៉ាស៊ីន​ដឹកនាំ​ព្រឹទ្ធសភា  ។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កាល​ពី​ម្សិលមិញ សរសេរ​លិខិត​មួយ​ផ្ញើជូន​លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ស្នើ​ឲ្យមាន​ការចាត់ចែង​ការជួប​គ្នា​រវាង​ក្រុម​ការងារ​គណបក្ស​ទាំង ដើម្បី​ពិភាក្សា​រៀបចំ​ឡើងវិញ​នូវ​ក្បាលម៉ាស៊ីន​ដឹកនាំ​ព្រឹទ្ធសភា ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ស្ដី​ពី​ដំណោះស្រាយ​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា​កន្លងទៅ ។​

​នៅក្នុង​លិខិត​ដដែល​នោះ​លោក សម រង្ស៊ី ក៏​បាន​ឧទ្ទេសនាម​សមាសភាព​ក្រុមការងារ​គណបក្ស សម រង្ស៊ី ដែលមាន​៣​រូប​ដែល​មាន​លោក គង់ គាំ ជា​ប្រធាន និង លោក ទាវ វ​ណ្ណុល និង​លោក ហុង សុខ​ហួរ ជា​សមាជិក ។​

​ជា​ការឆ្លើយតប លោក ជា ស៊ីម នៅ​ថ្ងៃនេះ​បាន​សរសេរ​លិខិត​ទៅ​លោក សម រង្ស៊ី ដោយ​បាន​ឧទ្ទេសនាម​នូវ​សមាសភាព​ទាំង​៣​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន លោក ទេព ង​ន ជា​ប្រធាន និង​លោក អ៊ុក ប៊ុន​ឈឿន និង​លោក ជា ជេ​ដ្ឋ ជា​សមាជិក ។​

​គណបក្ស​ទាំង​ពីរ​មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ជាក់លាក់​ណាមួយ​ក្នុង​ការជួប​ពិភាក្សា​គ្នា​នោះទេ តែ​លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​លោកថា «​ព្រឹទ្ធសភា​នឹង​រៀបចំ​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​ខ្លួន​ជា​ថ្មី នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​» ។​

​កិច្ចព្រមព្រៀង​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ មាន​៧​ប្រការ ហើយ​ត្រង់​ប្រការ​៥ សរសេរថា "​គណបក្ស​ទាំង​ពីរ ឯកភាព​គ្នា​ពិនិត្យ​រៀបចំ​ឡើងវិញ​នូវ​ក្បាលម៉ាស៊ីន​ដឹកនាំ​ព្រឹទ្ធសភា​"​

សូមសរសេរមកកាន់លោក អ៊ិត សូធឿត តាមរយៈ sothoeuth@vodhotnews.com

What Next?

Recent Articles