ផន នីដា ឆេះដុំ​នឹង​ពាក្យ​ថា​នាង​ឈឺ​គ្មាន​អ្នកស្រឡាញ់

Content image - Phnom Penh Post




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ខណៈ​ប្រជាប្រិយភាព​កំពុង​រីកលូតលាស់ ក្រោយ​ចូល​ជ្រក​ដំបូល​ហង្សមាស ដែល​ធ្វើឲ្យ កញ្ញា ផន លីដា ហៅ​ស្រីខួច ញញឹម​បិទមាត់​មិន​ជិត​នោះ បែរ​ជា​លេច​រឿង​ដ៏ហ្មងសៅ​បោកផ្ទប់​មក​លើ​តារាចម្រៀង​រូប​នេះ ដែល​បង្ក​ឲ្យ​នាង​ឆេះដុំ​មួយរយ​អង្សា​ទៅ​នឹង​ព័ត៌មាន​ថា​នាង​ធ្លាក់​ខ្លួន​ឈឺ​ព្រោះ​គ្មាន​អ្នក​ស្រឡាញ់​នេះ​។

តារាចម្រៀង​ស្រី​លេចមុខ​ថ្មី​ក្នុង​ផលិតកម្ម ហង្សមាស កញ្ញា ផន នីដា ហៅ ស្រីខួច និង​ជា​អតីត​ម្ចាស់​ជ័យលាភី​លេខ​១ ក្នុង​កម្មវិធី រ៉ុកស្ដារ ត្រូវ​បាន​មជ្ឈដ្ឋាន​និយម​គាំទ្រ​វិស័យ​សិល្បៈ​ចម្រៀង​លើក​ឡើង​ថា ប្តូរ​ទ្រនំ​ជ្រក​ក្រោម​ដំបូល​ផលិតកម្ម​ធំ (រស្មី​ហង្សមាស) និង​ឃើញ​មាន​ចេញ​បទចម្រៀង​កាយវិការ​ក្នុង​វ៉ុល​ថ្មីៗ​នោះ ហាក់​បាន​បង្ហាញ​ពី​ភាព​លេចធ្លោ របស់​នាង​មួយ​កម្រិត​ទៀត​។ ទន្ទឹម​នឹង​ការ​លើក​តម្កើង​ពី​មហាជន​នោះ នៅក្នុង​គណនីហ្វេសប៊ុក តារាចម្រៀង​រូប​នេះ ក៏​បាន​បង្ហាញ​ពី​ការ​រំពឹង​ភាព​ជោគជ័យ និង​អាច​ឆក់​បាន​ប្រជាប្រិយភាព​សម្រាប់​បទចម្រៀង​ថ្មី​ចេញ​លក់​បន្ត​។

តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្សមាស។ សេត គឹមសឿន

តារាចម្រៀង​ដែល​មាន​ទឹកដម​ទាក់ទាញ​ជាង​សម្រស់​នាង ផន លីដា ក៏​បាន​អះអាង​ផង​ដែរ​ថា បទចម្រៀង​នោះ​សុទ្ធតែ​ជា​បទនិពន្ធ​ថ្មី​សន្លាង​ទាំងអស់​។

នាង​បញ្ជាក់​ថា៖ «​មិន​សូវ​កាក់កប​នឹង​បទចម្រៀង​ចម្លង​ទំនុក​ពី​គេ​ទេ ព្រោះ​ត្រូវ​ធ្វើ​តាម​គេ​។ តែ​បើ​បទ​ថ្មី​វិញ គឺ​ស្រួល​សម្រាប់​នាង​ទៅវិញ»។

ទន្ទឹម​នឹង​អារម្មណ៍​មោទនភាព ដែល តារាចម្រៀង​ចំណូល​ថ្មី​របស់​ផលិតកម្ម​ហង្សមាស​នាង ផន លីដា រីកចិត្ត​រីកថ្លើម​នោះ នាង ផន លីដា ក៏​បាន​សរសេរ​ប្រាប់​មិត្តភក្ដិ​ក្នុង​ហ្វេសប៊ុក​នាង​នូវ​ដំណឹង​ហួសចិត្ត​ផង​ដែរ ដែល​កើតឡើង​មក​លើ​នាង។

នាង​បាន​សរសេរ​ថា៖ «នៅ​មាន​ដំណឹង​មួយ ដែល​ធ្វើឲ្យ​ខ្ញុំ​អត់ទ្រាំ​មិន​ខឹង​មិន​បាន​ដែល​កើតឡើង​ចំពោះ​ខ្ញុំ»។ ឆ្លើយតប​ការ​ជជីក​សួរ​ពី​ក្រុម​អ្នក​សួរ​ទាំងនោះ តារាចម្រៀង​រូប​នេះ​បាន​រៀបរាប់​ថា៖ «ខ្ញុំ​ត្រូវ​បាន​បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ចុះផ្សាយ​ថា ផន លីដា ហៅ​ស្រីខួច ត្រូវ​ស្គម​រីងរៃ ដោយសារ​តែ​ពិបាកចិត្ត​នឹង​រឿង​គ្មាន​អ្នក​ស្រឡាញ់​»។

តារាស្រី​ដែល​ធ្លាប់​ល្បី​បរាជ័យ​ស្នេហា​ក្រោយ​ប្រជែង​ពិធីការិនី សូដា នីតា នាង ផន លីដា បាន​ចាត់​ទុក​ថា ព័ត៌មាន​ដែល​សារព័ត៌មាន​យក​រឿង​នាង​ទៅ​ចេញ​ផ្សាយ​បែប​នេះ មិន​ត្រឹម​តែ​ជា​រឿង​អាម៉ាស់​សម្រាប់​ខ្លួន​នាង​ទេ វា​ក៏​ជា​រឿង​ប៉ះពាល់​ដល់​ស្រ្តីៗ​ឯទៀតៗ​ដែរ។

ក្នុង​អារម្មណ៍​មិន​សប្បាយ​ចិត្ត​នោះ នាង​លើក​ឡើង​ថា៖ «​ព័ត៌មាន​មិន​ល្អ​សម្រាប់​ខ្ញុំ​ជា​ស្ត្រីភេទ ហើយ​ក៏​ប៉ះពាល់​ដល់​ស្រ្តី​ឯទៀត​ផង​ដែរ​»។

កញ្ញា ផន នីដា បាន​ចោទ​ជា​សំណួរ​ទៀត​ថា៖ «ព្រោះ​គ្មាន​អ្នក​ស្រឡាញ់​សោះ អី​ក៏​ដល់​ថ្នាក់ហ្នឹង ធ្វើ​មើល​តែ​មាន​ទុក្ខធំ​ប៉ុនភ្នំ​អ៊ីចឹង ហើយ​បើសិន​រឿង​អ្វី​ផ្សេង អាច​ទទួល​យក​បាន តែ​នេះ​ជា​មនុស្សស្រី ហើយ​ស្រី​ក្រមុំ បើ​សរសេរ​មក​បែប​នេះ ខ្មាសគេ​ណាស់​»។

នាង​ក៏​ធ្លោយ​សរសរ​បង្ហើប​ពី​អាថ៌កំបាំង​ស្នេហ៍​ថា៖ «មាន​តែ​ពិបាក​សម្រេច​ថា ត្រូវ​ជ្រើសរើស​មួយ​ណា​ប៉ុណ្ណោះ​»៕


What Next?

Recent Articles