ដោយ៖ បូ សាវី
ថ្ងៃអង្គារ ទី5 សីហា 2014
http://vodhotnews.com
ប្រជាពលរដ្ឋជាង១០០នាក់ នៅស្រុកគូលេន ខេត្ដព្រះវិហារ ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងក្រុមហ៊ុនបរទេសមួយ កុំឲ្យធ្វើការឈូសឆាយរំលោភយកដីពួកគាត់ ដែលក្រុមយុវជនបានវាស់ជូនពលរដ្ឋកន្លងមក។
ពលរដ្ឋនៅភូមិស្រយ៉ង់ត្បូង លោក ហាត់ ហ៊ី ប្រាប់VODនៅព្រឹកថ្ងៃនេះថា កាលពីថ្ងៃទី៤ខែសីហានេះ ក្រុមហ៊ុនបរទេស ឈ្មោះ សិលាដាមិច មានអ្នកគ្រប់គ្រងជាជនជាតិបារាំង បានយកគ្រឿងចក្រចំនួនបីគ្រឿង មកឈូសឆាយរំលោភលើក្បាលដីស្រែចម្ការពួកគេ បណ្ដាលឲ្យខូចខាតដំណាំអស់ជាច្រើនហិកតា។ លោកបន្ដថា ដីពួកគាត់មានលិខិតកាន់កាប់ត្រឹមត្រូវ ដែលផ្ដល់ឲ្យដោយក្រុមយុវជនស្ម័គ្រចិត្ដ។
ពលរដ្ឋមួយរូបទៀត អ្នកស្រី គេ អ៊ុច ឲ្យដឹងថា ដីស្រែចម្ការរបស់អ្នកស្រីចំនួន៥ហិកតា បានបង្កបង្កើនផលតាំងពីដូនតាមក ប៉ុន្ដែត្រូវបានក្រុមហ៊ុនសិលាដាមិចនោះ ធ្វើការឈូសឆាយរំលោភយកអស់ជាច្រើនហិកតា ដើម្បីដាំកៅស៊ូ។ អ្នកស្រីបន្ដថា ម្ចាស់ក្រុមហ៊ុនជនជាតិបារាំងមិនត្រឹមតែរំលោភយកដីពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងប្រើហិង្សាមកលើកុមារកម្ពុជាទៀតផង។
VOD មិនអាចទាក់ទងអ្នកគ្រប់គ្រងក្រុមហ៊ុនសិលាដាមិច ដែលពលរដ្ឋអះអាងថា ជាជនជាតិបារាំង ដើម្បីបំភ្លឺពីករណីនេះបាននៅឡើយទេ។
ប៉ុន្ដែអភិបាលស្រុកគូលេន លោក ជុំ ពុយ បដិសេធថា ក្រុមហ៊ុននោះមិនបានយកគ្រឿងចក្រឈូសឆាយលើដីស្រែចម្ការរបស់ពលរដ្ឋនោះទេ គឺឈូសឆាយលើដីក្រុមហ៊ុនដែលរដ្ឋាភិបាលផ្ដល់ឲ្យប៉ុណ្ណោះ។ លោកចោទពលរដ្ឋដែលតវ៉ានោះថា គឺចង់បានដីព្រៃបម្រុងរបស់រដ្ឋដើម្បីចែកកូនចៅពួកគេ។
ទោះជាយ៉ាងណា អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក ខេត្ដព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា ជម្លោះដីធ្លីរវាងក្រុមហ៊ុន និងពលរដ្ឋនៅតំបន់នោះមានការកើតឡើងជាបន្ដបន្ទាប់ ដោយសារក្រុមហ៊ុនដែលទទួលបានដីសម្បទានទាំងនោះ មិនបានអនុវត្ដតាមគោលការណ៍រដ្ឋាភិបាល រហូតដល់ប្រើហិង្សាលើពលរដ្ឋទៀត។
កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅថ្មីៗនេះ ពលរដ្ឋម្នាក់ត្រូវបានទាហានកងពលតូចថ្មើរជើង លេខ៤១ ប្រើអាវុធបាញ់សម្លាប់ ដោយសារជម្លោះដីធ្លីនៅឃុំស្រយ៉ង ស្រុកគូលេន ក្បែរតំបន់នោះដែរ៕
សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com