ក្រុមការងារ​គណបក្ស សម រង្ស៊ី ចង់​បាន​តំណែង​អនុប្រធាន​ទី​២​ព្រឹទ្ធសភា តែ​គណបក្ស​ប្រជាជន​ថា​ចាំ​យោបល់​ថ្នាក់លើ​សិន​​

ដោយ៖​ អ៊ិត សូធឿត​
ថ្ងៃពុធ ទី6 សីហា 2014
http://vodhotnews.com

​ក្រុមការងារ​របស់​គ​ណ​បក្ស​ប្រជាជន និង​គណបក្ស សម រង្ស៊ី កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​ជួប​ពិភាក្សា​គ្នា​អំពី​ការរៀបចំ​ឡើងវិញ​ក្បាលម៉ាស៊ីន​ដឹកនាំ​ព្រឹទ្ធសភា តែ​ពុំ​ទាន់​បាន​សម្រេច​បាន​អ្វី​នៅឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ​យោបល់​ពី​ថ្នាក់ដឹកនាំ ។​

​លោក គង់ គាំ ប្រធាន​ក្រុមការងារ​គណបក្ស សម រង្ស៊ី សម្រាប់​កិច្ចចរចា​ប្រាប់​VOD នៅ​ថ្ងៃ​ពុធ​នេះ ថា ខាង​គណបក្ស សម រង្ស៊ី ផ្ដោត​ទៅលើ​កម្រិត​ក្បាលម៉ាស៊ីន​ដឹកនាំ​៣​គឺ អនុប្រធាន​ទី​២ ប្រធាន​គណៈកម្មការ​ចំនួន​៣ និង​អគ្គលេខាធិការរង​មួយ តែ​ពុំ​ទទួលបាន​ការព្រមព្រៀង​ពី​គណបក្ស​ប្រជាជន​កម្ពុជា ។​

​លោក​មានប្រសាសន៍ថា «​ខាង​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ហាក់ដូចជា​ទទួល​ការចង្អុល​ពី​ថ្នាក់ដឹកនាំ​របស់​គេ​ថា រៀបចំ​តែ​ប្រធាន​គណកម្មការ​ពីរ​សម្រាប់​គណបក្ស សម រង្ស៊ី ដូច្នេះ​សំណូមពរ​របស់​យើង​ទាំង​ប៉ុន្មាន​ទាល់តែ​គេ​ដកថយ​ទៅ​ពិភាក្សា​ទៅ​ពិគ្រោះ​ជាមួយ​ថ្នាក់ដឹកនាំ​របស់​គេ​សិន​បាទ​» ។​

លោក​ថា គណបក្ស​ទាំងពី​រពុំទាន់​បាន​កំណត់​ថ្ងៃ​ជួប​ចរចា​ជា​ថ្មី​នៅឡើយ​ទេ គឺ​ត្រូវ​រង់ចាំ​ខាង​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ខ្លួន​សិន ។​

​សមាសភាព​ក្រុមការងារ​សម្រាប់​ពិភាក្សា​ការរៀបចំ​ឡើងវិញ​ក្បាលម៉ាស៊ីន​ដឹកនាំ​ព្រឹទ្ធសភា​មាន​ម្ខាង​៣​រូប ដោយ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​មាន លោក ទេព ង​ន ជា​ប្រធាន និង​លោក អ៊ុក ប៊ុន​ឈឿន និង​លោក ជា ជេ​ដ្ឋ ជា​សមាជិក ចំណែក​ឯ​គណបក្ស សម រង្ស៊ី លោក គង់ គាំ ជា​ប្រធាន និង លោក ទាវ វ​ណ្ណុល និង​លោក ហុង សុខ​ហួរ ជា​សមាជិក  ។​

​ការចរចា​នេះ​ធ្វើឡើង​តាម​កិច្ចព្រមព្រៀង​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ ដែលមាន​៧​ប្រការ ដោយ​ត្រង់​ប្រការ​៥ សរសេរថា "គណបក្ស​ទាំង​ពីរ ឯកភាព​គ្នា​ពិនិត្យ​រៀបចំ​ឡើងវិញ​នូវ​ក្បាលម៉ាស៊ីន​ដឹកនាំ​ព្រឹទ្ធសភា​"​

សូមសរសេរមកកាន់លោក អ៊ិត សូធឿត តាមរយៈ sothoeuth@vodhotnews.com

What Next?

Recent Articles