ដោយ៖ បូ សាវី
ថ្ងៃពុធ ទី6 សីហា 2014
http://vodhotnews.com
ដើមឈើនិងថ្មភ្នំ បានបាក់ធ្លាក់ មកលើផ្លូវ ឡើងទៅកាន់ ប្រាសាទព្រះវិហារ ជាច្រើនកន្លែង ដោយសារ ភ្លៀងធ្លាក់ជាប់ៗគ្នា ចាប់តាំងពីថ្ងៃ ទី៥ ខែសីហាមក ដែលអាចបណ្ដាលឲ្យ មានគ្រោះថ្នាក់ដល់ ភ្ញៀវទេសចរ ជាយថាហេតុ។
អ្នកយកព័ត៌មាន VOD លោក បូ សាវី ដែលបានធ្វើដំណើរ ទៅកាន់ ប្រាសាទព្រះវិហារ នៅថ្ងៃពុធ ទី៦ ខែសីហានេះ រាយការណ៍មកថា ដោយសារភ្លៀងធា្លក់ខ្លាំង ជាប់ៗគ្នាជាច្រើនថ្ងៃ ធ្វើឲ្យទឹកហូរច្រោះថ្ម និងឫសឈើ បណ្ដាលឲ្យបាក់ធា្លក់ មកលើផ្លូវ បេតុងឡើងទៅកាន់ ប្រាសាទព្រះវិហារ ។ លោក បូ សាវី រាយការណ៍បន្តថា គ្រោះធម្មជាតិនេះ មិនមានបង្កគ្រោះថ្នាក់ ដល់ភ្ញៀវទេសចរ បរទេស ឬពលរដ្ឋខ្មែរឡើយ។ ប៉ុន្តែលោកថា គ្រោះធម្មជាតិនេះ បានរំខានដល់ ការធ្វើដំណើរ ចុះឡើងទៅកាន់ ប្រាសាទ ព្រះវិហារ ។
ទោះជាយ៉ាងណា នៅថ្ងៃពុធនេះ ក្រុមមន្ដ្រីអាជ្ញាធរជាតិព្រះវិហារ នគរបាល និងយោធា បានគាស់ដុំថ្មនិងកាត់ដើមឈើ ដែលបាក់ធ្លាក់កាត់ទទឹងផ្លូវចេញនោះចេញ ហើយអាចធ្វើចរាចរដូចធម្មតាវិញហើយ។
VODមិនអាចទាក់ទង មន្ត្រីអាជ្ញាធរជាតិព្រះវិហារ ដើម្បីសួរព័ត៌មានលម្អិត អំពីស្ថានភាពផ្លូវ ឡើងទៅកាន់ ប្រាសាទព្រះវិហារ បានទេ ប៉ុន្តែមន្ត្រីនគរបាល និងយោធាដែល សម្អាតផ្លូវនោះឲ្យដឹងថា ជារឿយៗ ពេលមានភ្លៀងខ្លាំង និងអូសបន្លាយ រយៈពេលយូរ តែងតែមានការ បាក់រលំដើមឈើ និងរអិលបាក់ដី ធ្លាក់ដុំថ្មមកលើផ្លូវនេះ ដូច្នេះអ្នកដំណើរ គួរមានការ ប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរ តាមផ្លូវនេះ ខណៈមាន ភ្លៀងខ្លាំង៕
សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com
