ដោយ៖ បាន វិទ្យា
ថ្ងៃពុធ ទី6 សីហា 2014
http://vodhotnews.com
មន្ត្រីនគរបាលមួយរូបនៅប៉ុស្តិរំលេច នៅភូមិឬស្សីសាញ់ ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ផុងជើងហូរតាមទឹក ខណៈបំពេញភារកិច្ចរៀបទំនប់ទប់ទឹកជំនន់ ។
អធិការស្រុកស៊ីធរកណ្តាល លោក ឡុង ប៊ុនធឿន បានប្រាប់VOD នៅថ្ងៃពុធនេះថា កាលពីព្រឹកមិញ កម្លាំងមន្ត្រីនគរបាលមួយចំនួនបានទៅជួយទប់ស្កាត់ទឹកជំនន់ដែលហក់ឡើងខ្លាំងនៅក្បាលស្ពានខាងលិចសាលាស្រុក ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ។ លោកបន្តថា ខណៈបំពេញភារកិច្ចនៅម៉ោង ១១:៥០ព្រឹក មន្ត្រីនគរបាលម្នាក់លោក ម៉ោង មុន បានផុងជើងហូរតាមទឹក និងបោកនឹងគល់ស្ពាន ដោយសារទឹកហូរគួចខ្លាំងមិនអាចជួយសង្គ្រោះទាន់ពេល។
លោកអធិការបន្តថា សម្ថកិច្ចស្វែងរកជនរងគ្រោះអស់រយៈពេលជាច្រើនម៉ោងរហូតមកដល់រសៀលនេះនៅតែពុំឃើញ ហេតុនេះលោកសន្និដ្ឋានជនរងគ្រោះបានបាត់បង់ជីវិត ។ លោកថា កងកម្លាំងកំពុងបន្តស្វែងរក លុះត្រាតែឃើញសាកសពទើបឈប់។
ភរិយាលោក ម៉ោង មុន សន្លប់បន្ទាប់ពីទទួលដំណឹងគ្រោះថ្នាក់របស់ប្តីគាត់ និងត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពព្រៃដើមថ្នឹង ។ ជនរងគ្រោះមានកូន៥នាក់ ប្រុស៣ ស្រី២ ដែលមានប្រពន្ធជាមេផ្ទះ។
សូមសរសេរមកកាន់កញ្ញា បាន វិទ្យា តាមរយៈ vitcheaban77@gmail.com