ពីរទសវត្សរ៍បន្ទាប់ពីអង្គការសហប្រជាជាតិបានបង្កើតលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា តំណាងរាស្ត្រ៥៥រូបរបស់គណបក្សសង្គ្រោះជាតិនឹងចាប់ផ្ដើមចូលប្រជុំនៅក្នុងរដ្ឋសភានៅថ្ងៃសុក្រ ដោយសង្ឃឹមថា នឹងប្រើប្រាស់សមាជិកដ៏ច្រើនរបស់ខ្លួនដើម្បីសម្រេចឲ្យបាននូវអ្វីដែលអ្នកមុនពួកគាត់មិនអាចសម្រេចបាន។
ចាប់ពីការកោះហៅរដ្ឋមន្ត្រីបម្រើការរយៈពេលយូរ ដែលបានគេចវេះពីការរិះគន់ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ដែលនៅពេលនោះគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជា គឺជាគណៈកម្មាធិការរបស់បក្សកុម្មុយនីស្ត រហូតដល់ការបង្កើត “គណៈរដ្ឋមន្ត្រីស្រមោល” ដែលស្មោះត្រង់លើកដំបូងនៅកម្ពុជានោះ គណបក្សសង្គ្រោះជាតិបានបង្ហាញនូវវប្បធម៌នយោបាយថ្មីមួយ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីថ្ងៃទី២៤ ខែកក្កដាថា ” យើងចង់ឲ្យមានការទទួលស្គាល់គណបក្សប្រឆាំងដូចនៅក្នុងប្រព័ន្ធអង់គ្លេស ដូចជាគណបក្សប្រឆាំងដែលស្មោះត្រង់របស់មហាក្សត្រី (HerMajesty’sLoyalOpposition)”។ លោកបានមានប្រសាសន៍ថា បើមានការបង្កើតរដ្ឋាភិបាលមួយផ្សេងទៀត មែន អាចមានការផ្ទេរអំណាចដោយរលូននៅឆ្នាំ២០១៨។
ទោះជាយ៉ាងណា ផែនការបែបនេះដែលគណបក្សប្រជាជនកម្ពុជានិយាយថា ជាការខុសច្បាប់ប្រសិនបើមានមែននោះ មិនធ្លាប់មានទេនៅក្នុងប្រទេសនេះ (កាលពីឆ្នាំ២០០៥រដ្ឋាភិបាលបានចាប់មន្ត្រីគណបក្សប្រឆាំងម្នាក់ដាក់ពន្ធនាគារពីបទព្យាយាមធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិស្រមោល)។
យោងតាមលោក ហង់រី ឡូកាត ប្រវត្តិវិទូបារាំងដ៏ឆ្នើមបានឲ្យដឹងថា លោក សម រង្ស៊ី ដែលឥឡូវនេះមានអាយុ៦៥ឆ្នាំ តាមពិតលោកមានអាយុតែ៩ឆ្នាំប៉ុណ្ណោះនៅពេលដែលគំនិតនេះត្រូវបានបង្កើតឡើងដំបូង។
លោក ឡូកាត បានឲ្យដឹងថា ” លោក សម សារី ឪពុករបស់លោក សម រង្ស៊ី ចង់បង្កើតគណបក្សប្រឆាំងមួយ និងរដ្ឋាភិបាលប្រឆាំងមួយយកគំរូតាមប្រទេសអង់គ្លេស នៅពេលលោកត្រូវចាកចេញពីស្ថានទូតកម្ពុជាប្រចាំទីក្រុងឡុងដ៍ កាលពីទសវត្សរ៍៥០។ សីហនុ សម្រេចចាប់ខ្លួនគាត់ ប៉ុន្តែមិត្តភក្ដិនៅក្នុងរដ្ឋាភិបាលនោះបានឲ្យដំណឹងដល់គាត់មុន ហើយបានគេចខ្លួន។
ឪពុករបស់លោក សម រង្ស៊ី បានធ្វើសំណើជាផ្លូវការទៅព្រះអង្គម្ចាស់ សីហនុ កាលពីខែមករា ឆ្នាំ១៩៥៩ គឺមានរយៈពេលបួនឆ្នាំបន្ទាប់ពីព្រះអង្គបានបង្កើតរបបផ្ដាច់ការសង្គមរាស្ត្រនិយម ហើយបានយកជ័យជម្នះលើគណបក្សប្រជាធិបតេយ្យ ដែលបានឈ្នះឆ្នោតនៅឆ្នាំ១៩៤៦ ១៩៤៧ និង១៩៥១។
ផ្ទុយទៅវិញ លោក សម សារី បានចូលរួមជាមួយឧទ្ទាមខ្មែរសេរី ជាកងជីវពលជាតិនិយម ដែលប្រឆាំងនឹង សីហនុ ដែលមានមូលដ្ឋាននៅភាគខាងជើង ជាឧទ្ទាមដែលលោក សឺន ង៉ុកថាញ់ អតីតនាយករដ្ឋមន្ត្រីបានបង្កើតឡើងដោយមានការឧបត្ថម្ភពីអាមេរិក។ លោក សម សារី ត្រូវបានបាញ់សម្លាប់បួនឆ្នាំក្រោយមកនៅក្នុងខេត្តបា៉កសេរបស់ឡាវជាប់ព្រំដែន។
នៅក្នុងកំណត់ប្រវត្តិផ្ទាល់ខ្លួនឆ្នាំ២០១៣របស់លោក ដែលមានចំណងជើងថា ” យើងមិនបានបង្កាត់ភ្លើង” លោក សម រង្ស៊ី បានសរសេរថា ការខ្វះសមត្ថភាពរបស់ឪពុកលោក ក្នុងការបង្កើតគណបក្សប្រឆាំង បានបង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរនៅក្នុងវប្បធម៌នយោបាយកម្ពុជា។
លោក សម រង្ស៊ី បានសរសេរថា ” ការដែល សម សារី ខ្វះសមត្ថភាពបង្កើតរដ្ឋាភិបាលមួយទៀតសម្រាប់ប្រឆាំងនឹងរដ្ឋាភិបាលនោះបង្ហាញពីភាពទន់ខ្សោយរបស់រដ្ឋសម័យទំនើប ដែលលោកបានជួយបង្កើតឡើង។ គំនិតនៃបក្សប្រឆាំងដែលស្មោះត្រង់ និងស្របច្បាប់នេះមិនត្រូវបានទទួលយកទេ”។
លោក ឡូកាត បានបញ្ជាក់ថា “គ្រួសាររបស់លោក សម រង្ស៊ី បានទៅដល់ប្រទេសបារាំងក្នុងឆ្នាំ១៩៦៥ ដោយបានក្លាយជាជនភៀសខ្លួននយោបាយទី១នៅក្នុងទីក្រុងបារីស” ខណៈដែលព្រះអង្គម្ចាស់ សីហនុ លាក់បាំងទង្វើរបស់គណបក្សប្រឆាំងផ្សេងៗក្នុងរយៈពេលប្រាំឆ្នាំក្រោយរហូតដល់ព្រះអង្គត្រូវបាន លន់ នល់ ទម្លាក់នៅក្នុងឆ្នាំ១៩៧០។
ជិត៥០ឆ្នាំក្រោយមក ការកើនឡើងហួសពីការរំពឹងទុកនៃការគាំទ្រគណបក្សសង្គ្រោះជាតិនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៣អាចធ្វើឲ្យការគាំទ្រលោក ហ៊ុន សែន ដែលបានកាន់អំណាចអស់រយៈពេល២៩ឆ្នាំនោះធ្លាក់ចុះ នៅពេលដែលលោកពិចារណាពីការទាមទាររបស់លោក សម រង្ស៊ី និងស្វះស្វែងដាក់សម្ពាធដើម្បីធ្វើឲ្យចុះខ្សោយដល់ការប្រឆាំងដែលកំពុងតែកើនឡើង។
លោក ហ៊ុន សែន គឺជាមនុស្សហេតុការណ៍និយមដ៏ប្រុងប្រយ័ត្ន ដោយបង្ហាញកម្លាំងចំពោះអ្នកប្រឆាំងទន់ខ្សោយ ប៉ុន្តែបង្ហាញពីការរួចទុក្ខទោសនៅពេលត្រូវបានគំរាមកំហែង។ ផែនការរបស់គណបក្សសង្គ្រោះជាតិអាចផ្ដល់ផលប្រយោជន៍ដល់គណបក្សកាន់អំណាច ប្រសិនបើលោកនាយករដ្ឋមន្ត្រីមើលឃើញប្រយោជន៍នៅក្នុងការប្រមូលអ្នកប្រឆាំងឲ្យចូលទៅក្នុងក្រុមតែមួយតាមដែលលោកអាចគ្រប់គ្រងបាន រហូតដល់មានជម្រើសផ្សេងទៀត។
លោក JohnCiorciari សាស្ត្រាចារ្យបង្រៀនអំពីកម្ពុជានៅមហាវិទ្យាល័យគោលនយោបាយសាធារណៈ GeraldR. Ford នៃសាកលវិទ្យាល័យមីឈីហ្គែន បាននិយាយថា ” ទោះជាយ៉ាងណាការបង្កើតគណបក្សប្រឆាំងខ្លាំងមួយនៅក្នុងរដ្ឋសភាមិនមែនជាការងាយស្រួលទេ។ គណបក្សប្រជាជនកម្ពុជាមានសំឡេងភាគច្រើនដាច់ខាត និងមានប្រវត្តិប្រើប្រាស់វិធានការល្អ និងអាក្រក់យ៉ាងមានប្រសិទ្ធភាពជាយូរមកហើយ ដើម្បីធ្វើឲ្យអ្នកប្រឆាំងរបស់ខ្លួននៅក្នុងរដ្ឋសភាចុះខ្សោយ”។
លោក Ciorciari បាននិយាយថា លោក ហ៊ុន សែន មានអំណាចផ្ដាច់ការកាន់តែខ្លាំងនៅក្នុងការដឹកនាំរបស់លោកចាប់តាំងពីលោកបានក្លាយជាអ្នកកែទម្រង់និយមនាំមុខគេនៅចុងទសវត្សរ៍ឆ្នាំ១៩៨០ ប៉ុន្តែនៅតែមានអំណាចកំពូលនៅក្នុងរចនាសម្ព័ន្ធគណបក្ស ដែលមានអ្នកកែទម្រង់និយមសម័យទំនើបដែលចង់ឃើញសំណើរបស់គណបក្សប្រឆាំងស្មោះត្រង់។
លោកបាននិយាយថា ” ច្បាប់ និងការអនុវត្តនានាដែលអាចជួយការពារគណបក្សសង្គ្រោះជាតិសព្វថ្ងៃនេះក៏មានសារៈសំខាន់ផងដែរនៅក្នុងការផ្ទេរអំណាចនាពេលអនាគត ដោយធានាអះអាងចំពោះសមាជិកគណបក្សប្រជាជនកម្ពុជាថា ពួកគេនឹងទទួលបានការការពារពីស្ថាប័នណាមួយ ប្រសិនបើពួកគេបានក្លាយជាគណបក្សដែលមានសំឡេងតិច”។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា ការអះអាងបែបនេះចំពោះគណបក្សកាន់អំណាចមានសារៈសំខាន់សម្រាប់ការខិតខំប្រឹងប្រែងរបស់គណបក្សសង្គ្រោះជាតិក្នុងការបង្កើតគណបក្សប្រឆាំង ដែលស្មោះត្រង់នៅក្នុងរដ្ឋសភា។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា ” យើងដឹងយ៉ាងច្បាស់ថា យើងឈ្នះការបោះឆ្នោតចុងក្រោយនេះ ប៉ុន្តែយើងត្រូវតែប្រាកដ។ គោលបំណងរបស់យើងឥឡូវនេះ គឺដើម្បីបង្កើត ព្យាយាមធ្វើឲ្យមានការផ្លាស់ប្ដូរនៅក្នុងវប្បធម៌នេះ”។
លោកបានបន្តទៀតថា ” វប្បធម៌នេះគឺជាវប្បធម៌ដែល ហ៊ុន សែន បាននិយាយ ‘នៅពេលទឹកឡើង ត្រីស៊ីស្រមោច នៅពេលទឹកហោចស្រមោចស៊ីត្រី’។ យើងកំពុងស្ថិតនៅក្នុងវប្បធម៌សងសឹកនេះ គឺថា គណបក្សណាដែលឡើងកាន់អំណាចនឹងលុបបំបាត់អ្នកកាន់អំណាចមុន”។
“ ដំណោះស្រាយរបស់យើងនៅពេលនេះ គឺដើម្បីបង្កើតវប្បធម៌ថ្មីមួយ និងធ្វើឲ្យប្រជាជន និងគណបក្សប្រជាជនកម្ពុជាមិនមានការភ័យខ្លាចអំពីការផ្លាស់ប្ដូររបប ដែលនឹងមិននាំឲ្យមានការបង្ហូរឈាម និងការសងសឹក”។
ទោះជាយ៉ាងណា មនុស្សដែលជិតធ្វើឲ្យលោក ហ៊ុន សែន ទុកចិត្តមិនបានបង្កើតគណបក្សប្រឆាំងដ៏មានន័យទេ នៅពេលណាមានភាពចលាចលកាន់តែខ្លាំងនោះ។
កាលពីទសវត្សរ៍ឆ្នាំ១៩៨០ នៅពេលដែលការចរចាបញ្ចប់សង្គ្រាមស៊ីវិលហាក់ដូចជាដើម្បីទាក់ទាញឧទ្ទាមហ្វុ៊នស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់ សីហនុ ឲ្យធ្វើជាគណបក្សនយោបាយសម្រាប់ប្រកួតប្រជែងនៅក្នុងការបោះឆ្នោតទូទៅប្រឆាំងនឹងរដ្ឋាភិបាលក្រុងភ្នំពេញនោះ មន្ត្រីកុម្មុយនីស្តមួយក្រុមបានស្នើបង្កើតគណបក្សថ្មីរបស់ខ្លួន។
ដឹកនាំដោយលោក អឹុង ផាន អតីតប្រធានទីស្ដីការគណៈរដ្ឋមន្ត្រីដែលបានភៀសខ្លួនពីរបបខ្មែរក្រហមទៅប្រទេសវៀតណាមនៅក្នុងឆ្នាំ១៩៧៧ ក្រុមនេះបានស្នើដោយចំហបង្កើតគណបក្សប្រជាធិបតេយ្យសង្គមសេរី។
លោក អុីវ៉ាន ហ្កតថេសមែន បានបញ្ជាក់នៅក្នុងសៀវភៅរបស់លោកដែលមានចំណងជើង ” កម្ពុជាក្រោយរបបខ្មែរក្រហម” ដែលផ្អែកតាមឯកសារបណ្ណាល័យ និងកំណត់ហេតុនៃកិច្ចប្រជុំរបស់បក្សកុម្មុយនីស្តិមុនសម័យអ៊ុនតាក់ថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩០ សំណើរបស់លោក ផាន សុំបង្កើតគណបក្សនេះត្រូវបានអនុម័តដោយទីស្ដីការគណៈរដ្ឋមន្ត្រី។
លោក ហ្កតថេសមែន បានសរសេរថា លោក ផាន និងលោក នូ សាំងខន មន្ត្រីក្រសួងទូរគមនាគមន៍ដែលបានបង្កើតគោលនយោបាយបក្សនេះ ក្រោយមកត្រូវបានចាប់ខ្លួននៅខែមេសា បន្ទាប់ពីពួកគាត់បានចែកចាយគោលនយោបាយរបស់បក្សពួកគាត់ទៅឲ្យមន្ត្រីនានា រួមមានលោក ហុ៊ន សែន និងលោក ជា ស៊ីម ដែលជាមនុស្សសំខាន់នៅក្នុងបក្ស។
មន្ត្រីផ្សេងៗនៅក្នុងក្រសួងការបរទេស និងក្រសួងការពារជាតិ ព្រមទាំងលោក ធន សារ៉ាយ ប្រធានអង្គការអាដហុកបច្ចុប្បន្ន ដែលនៅពេលនោះបានដឹកនាំស្ថាប័នស្រាវជ្រាវមួយពាក់ព័ន្ធនឹងគណបក្សកុម្មុយនីស្ត ដែលគេស្គាល់ថា ជាវិទ្យាស្ថានសង្គមវិទ្យា ក៏បានជាប់ពន្ធនាគារផងដែរ ហើយការដកហូតក៏បានចាប់ផ្ដើមឡើងធ្វើឲ្យមានការដោះដូររដ្ឋមន្ត្រីមួយចំនួន។
លោក ហ្កតថេសមែន បានសរសេរថា ” វិទ្យាស្ថានសង្គមវិទ្យាបិទទ្វារដោយសារការឃុំខ្លួនលោក ធន សារ៉ាយ។ លោក ខៀវ កាញារីទ្ធ និពន្ធនាយកដែលមិនសូវសេរីរបស់កាសែតប្រចាំសប្ដាហ៍កម្ពុជា និងសព្វថ្ងៃនេះជារដ្ឋមន្ត្រីក្រសួងព័ត៌មានក៏ត្រូវបានដកចេញពីតួនាទីរបស់លោកមួយរយៈពេលខ្លីដែរ។ ការពិភាក្សាដែលបានធ្វើឡើងអំពីកំណែទម្រង់នយោបាយកាន់តែមានការសម្ងាត់ថែមទៀត”។
ដោយមានការប្រឈមនៅពេលក្រោយមកជាមួយនឹងអំណាចរបស់គណបក្សប្រជាជនកម្ពុជា សកម្មភាពទាំងនោះត្រូវបានអនុញ្ញាតឲ្យបង្កើតឡើងដោយចំហ ហើយក្រោយមកត្រូវបានកែប្រែវិញ។
លោក ខាលីល ថាយ័រ អ្នកជំនាញផ្នែកអាស៊ីអាគ្នេយ៍នៅបណ្ឌិតសភាកងកម្លាំងការពារជាតិអូស្ត្រាលីបាននិយាយថា ការជៀសវាងពីប្រតិកម្មភ្លាមៗបែបនេះ គឺជាទង្វើមានតុល្យភាពសម្រាប់លោក សម រង្ស៊ី នៅពេលលោកព្យាយាមបង្កើនកម្លាំងគណបក្សប្រឆាំងរបស់លោក បន្ទាប់ពីមានកិច្ចព្រមព្រៀងដោយប្រុងប្រយ័ត្នជាមួយលោក ហ៊ុន សែន កាលពីថ្ងៃទី២២ ខែកក្កដា។
លោក ថាយ័រ ក៏បាននិយាយថា ” យើងត្រូវពិនិត្យមើលអ្វីដែលគេបានអនុវត្ត ព្រោះកាលពីអតីតកាលកិច្ចព្រមព្រៀងបែបនេះមិនមានប្រយោជន៍ទេ។នៅពេលដែលគណបក្សប្រឆាំងបានធ្វើអ្វីមួយ រដ្ឋាភិបាល ជាពិសេសលោក ហ៊ុន សែន មិនចូលចិត្តឡើយ”។
លោកបាននិយាយថា ភារកិច្ចធំបំផុតរបស់លោក សម រង្ស៊ី គឺបន្តបង្កើនការគាំទ្រលោក និងធ្វើជាគណបក្សប្រឆាំងក្នុងសភា ហើយលោក ហ៊ុន សែន ពិតជាមិនចូលចិត្តគណបក្សសង្គ្រោះជាតិទេនៅពេលការបោះឆ្នោតឆ្នាំ២០១៨ជិតចូលមកដល់។
លោកបាននិយាយថា ” បញ្ហាប្រឈមគឺការបង្កើនការគាំទ្របន្តិចម្តងៗ និងធ្វើឲ្យលោក ហ៊ុន សែន ចូលរួមនៅក្នុងសភាបន្តិចម្តងៗ។ ប្រសិនបើលោកទទួលយក វាជាកេរដំណែលសម្រាប់កម្ពុជា ដែលនឹងមានរយៈពេលយូរទៀតបន្ទាប់ពីរូបលោកទៅ”។
ទោះជាយ៉ាងណា លោក ដេវីដ ឆានល័រ ប្រវត្តិវិទូអំពីកម្ពុជាដ៏ឆ្នើមនេះបាននិយាយថា លោកគិតថា លោក សម រង្ស៊ី ទំនងជាមិនមានសំណាងជាងឪពុករបស់លោកក្នុងការបង្កើតគំនិតអំពីគណបក្សប្រឆាំងស្មោះត្រង់នេះទេ។
លោក ឆានល័រ បានសរសេរតាមអុីម៉េលថា ចំពោះខ្ញុំវាហាក់ដូចជានៅក្រៅព្រំដែននៃកិច្ចពិភាក្សានយោបាយកម្ពុជា ប៉ុន្តែការទទួលយកអាសនៈរបស់សមាជិកគណបក្សប្រឆាំងទាំង៥៥រូប បន្ទាប់ពីមិនចូលធ្វើការអស់រយៈពេលមួយឆ្នាំ គឺជាសញ្ញាល្អដែលមានតុល្យភាព”។
លោកបានលើកឡើងថា ” មិនមានរឿងបែបនេះនៅអាមេរិក ឬបារាំងទេ ហើយរដ្ឋធម្មនុញ្ញរបស់កម្ពុជាក៏មិនយកគំរូតាមរដ្ឋធម្មនុញ្ញអង់គ្លេសដែរ។ គេពិតជាចង់ឃើញអ្វីដែលលោក ហ៊ុន សែន ធ្វើជាមួយសមាជិកគណបក្សប្រឆាំង”៕ គឹមហឿន
© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
តើនៅកម្ពុជាពិតជាមានតំណរពីឳពុកទៅកូនមែនឬ ទាំងការផ្ទេរអំណាច និងការស្លាប់ដោយសារអំណាច? បើមានពិតមែន នោះវាជាសំណាងអាក្រក់របស់សម រង្សីុ ហើយ?!
This article looks very comprehensive and provided practical reasons to cite the incidents. I wish NOT to see Sam Ransy to repeat his father’s history. I always place my cast in doubts about Sam Ransy and believe that Sam Ransy is trying to realize his father’s envision by trying to introduce UK Country governing system to replace the France’s system. if it is a case he will meet and repeat his father’s history! Sadness Sam Ransy!