លោក ខៀវ សំផន និង នួន ជា ត្រូវ​កាត់​ទោសឲ្យ​ជាប់ពន្ធនាគារអស់មួយជីវិត​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃព្រហស្បតិ៍ ទី7 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក ខៀវ សំផន (ធ្វេង) និងលោក នួន ជា (រូបថតពី ECCC)

អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង​០០២/០១ ដោយ​កាត់ទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ​លោក នួន ជា និង​លោក ខៀវ សំផន ឲ្យ​ជាប់​ពន្ធនាគារ​អស់មួយជីវិត ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ។ 

​សំណុំរឿង​០០២ ត្រូវបាន​បែងចែក​ជា​២​ករណី ដើម្បី​សម្រួល​ដល់​ការកាត់ក្តី គឺ​ករណី​០០២/០១ និង​០០២/០២ ដោយសារ​ភាពស៊ាំ​ញ៉ាំ និង​វ័យ​ចាស់ជរា​របស់​ជន​ជាប់ចោទ​។ ជនជាប់ចោទ​ក្នុង​សំណុំរឿង​០០២ រួមមាន លោក នួន ជា អាយុ​៨៨​ឆ្នាំ អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង ខៀវ សំផន អាយុ​៨៨​ឆ្នាំ អតីត​ប្រមុខរដ្ឋ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​។ 

​ប្រធាន​អង្គជំនុំជម្រះ​សាលាដំបូង លោក និល ណុន បាន​ចំណាយពេល​ប្រហែល​១​ម៉ោងនិង​៣០​នាទី អាន​ឯកសារ​ពាក់ព័ន្ធ និង​បទ​ចោទ​នានា​ប្រឆាំងនឹង​លោក​នួន ជា និង​លោក​ខៀវ សំផន​។ លោក​ប្រកាស​សាលា​ក្រម​ដោយ​កាត់ទោស​ឲ្យ​ជនជាប់ចោ​ទទាំង​ពីរ ជាប់ទោស ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ រួម​មាន​ការសម្លាប់​រង្គាល អំពើ​មនុស្សឃាត ការ​ធ្វើទុក្ខបុកម្នេញ​ន​យោ​បាយ និង​អំពើ​អមនុស្សធម៌​ផ្សេងទៀត ដូចជា​ការជម្លៀស​ដោយ​បង្ខំ និង​ការធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​។​ លោក​បញ្ជាក់ថា អ្នក​ទាំង​ពីរ ត្រូវ​ទទួលខុសត្រូវ​ជា​ថ្នាក់លើ ក្នុង​ការរៀបចំ​បង្កើត​គោលនយោបាយ​មួយ​ចំនួន ការរៀបចំ​ផែនការ បញ្ជា ញុះញង់ ជួយ និង​ជំរុញ​ឲ្យមាន​អំពើ​មនុស្សឃាត និង​អំពើ​អមនុស្សធម៌​ផ្សេងៗ​។​

​លោក និល ណុន បន្តថា លោក នួន ជា បាន​ប្រព្រឹត្ត​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ដោយសារ​លោក​មាន​អំណាច​ធ្វើ​សេចក្តីសម្រេច​ចុងក្រោយ​របស់​បក្ស ទាំង​កិច្ចការ​រដ្ឋាភិបាល រដ្ឋបាល និង​យោធា​។ លោក​ច្រានចោល​ចំពោះ​ការលើកឡើង​ថា លោក នួន ជា មិន​មាន​តួនាទី​ខ្ពស់​ក្នុង​បក្ស គ្រាន់តែ​ជា​សមាជិក​របស់​បក្ស​កុម្មុយនីស្ត​មួយរូប​ទេ​។​
​លោក និល ណុន ប្រកាសថា លោក ខៀវ សំផន មាន​សិទ្ធិ​សម្រេច​លើ​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​តែប៉ុណ្ណោះ តែ​លោក​ពិតជា​បានដឹង​ពី​គោលនយោបាយ​បក្ស និង​បាន​ដឹង​ពី​ស្ថានភាព​ទូទៅ​នៃ​ប្រទេស​កម្ពុជា​។​

ពេលប្រកាសសាលក្រម លោក នួន ជា លើកឡើងថា លោកមិនអាចងើបឈរបានទេ។

​លោក​និល ណុន បន្តថា អង្គជំនុំជម្រះ បាន​ច្រាន​ចោល​ការលើក​ឡើង​របស់​មេធាវី​ការពារ​ក្តីថា ការជម្លៀស​ប្រជាជន​ចេញពី​ភ្នំពេញ​ក្នុង​ឆ្នាំ​១៩៧៥ គឺ​ដើម្បី​គេច​ពី​ទម្លាក់​គ្រាប់បែក និង​ដើម្បី​គេច​ពី​ការខ្វះខាត​ស្បៀង​។​ លោក​ឲ្យដឹង​ទៀតថា ចាប់ពី​ឆ្នាំ​១៩៧៥​ ដល់​១៩៧៧ មាន​ការវាយប្រហារ​ជា​ប្រព័ន្ធ​ប្រឆាំង​ប្រជាជន​កម្ពុជា ដែល​នាំឲ្យ​មាន​ការសម្លាប់​រង្គាល ការជម្លៀស​ដោយ​បង្ខំ ការ​ធ្វើទុក្ខបុកម្នេញ លើ​ប្រជាជន​រាប់លាន​នាក់​ដែល​រងគ្រោះ ដើម្បី​អនុលោម​តាម​ផែនការ​បក្ស​មាន​ទ្រង់ទ្រាយ​ធំ ទាំង​ភូមិសាស្ត្រ និង​ចំនួន​ជនរងគ្រោះ​។​ លោក​បន្តថា ការវាយប្រហារ​ជា​ប្រព័ន្ធ​នេះ មានការ​គ្រោងទុកជាមុន និង​អនុលោម​តាម​បក្ស ប្រឆាំង​ជន​ស៊ីវិល​។ 

​បទចោទប្រកាន់​នានា​ក្នុង​សំណុំរឿង​០០២/០១​នេះ ផ្តោត​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែល​ពាក់ព័ន្ធ​នឹង​ការផ្លាស់​ទីលំនៅ​ប្រជាជន​ដោយ​បង្ខំ​ចេញពី​ភ្នំពេញ នៅ​ខែ​មេសា​ឆ្នាំ​១៩៧៥ និង​ការផ្លាស់​ទីលំនៅ​ប្រជាជន​ចេញពី​តំបន់​ផ្សេងៗ​ទៀត ក្នុង​ដំណាក់កាល​ក្រោយ​ទៀត​(​ដំណាក់កាល​ទី​១ និង​ដំណាក់កាល​ទី​២) និង​ការសម្លាប់​ទាហាន​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​នៅ​ទួល​ពោធិ៍​ជ្រៃ​ក្នុង​ខេត្ត​ពោធិ៍សាត់​នៅ​ខែ​មេសា ឆ្នាំ​១៩៧៥​។ 

មេធាវីជនជាប់ចោទទាំងពីររូប មានរយៈពេល៣០ថ្ងៃក្នុងការប្តឹងឧទ្ធរណ៍។

​សវនាការ​លើ​សំណុំរឿង​០០២​នេះ បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១១ និង បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​បិទ​បញ្ចប់​កិច្ច​ពិភាក្សា​ដេញដោល​នៅ​ខែ​តុលា​ឆ្នាំ​២០១៣​។​ សំណុំរឿង០០២/០១ អង្គជំនុំជម្រះបានស្តាប់សក្ខីកម្មពីសាក្សីចំនួន៩២នាក់។

​ចំណែក​សំណុំរឿង​០០២/០២​មាន​បទ​ចោទ​ពាក់ព័ន្ធ អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​ចាម ជនជាតិ​វៀតណាម ការរៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ និង​រំលោភ​សេពសន្ថវៈ ការ​បោសសំអាត​ផ្ទៃ​ក្នុង​មន្ទីរ​សន្តិសុខ ស​-២១ មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់ មន្ទីរ​សន្តិសុខ​អូរ​កន្សែង មន្ទីរ​សន្តិសុខ​ភ្នំ​ក្រោល ការដ្ឋាន​ទំនប់​១​មករា ការដ្ឋាន​សាងសង់​ព្រលាន​យន្តហោះ​កំពង់ឆ្នាំង ការដ្ឋាន​ទំនប់​ត្រពាំងថ្ម     ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ និង​ការប្រព្រឹត្ត​ជាក់លាក់​លើ​អ្នករដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​៕

​សរសេរ​មកកាន់​លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com

What Next?

Recent Articles