សាលាក្តី​ខ្មែរក្រហម ​ប្រកាស​សាលក្រម​ប្រឆាំង​នួន ជា និង​ខៀវ សំផន នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃព្រហស្បតិ៍ ទី7 សីហា 2014
http://vodhotnews.com

លោក ខៀវ សំផន (ធ្វេងដៃ) និងលោក នួន ជា (រូបថតដោយសាលាក្តីខ្មែរក្រហម)

លោក ខៀវ សំផន (ធ្វេងដៃ) និងលោក នួន ជា (រូបថតដោយសាលាក្តីខ្មែរក្រហម)

សាលាក្តី​ខ្មែរក្រហម នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ វេលា​ម៉ោង​៩​នេះ នឹង​ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង​០០២/០១​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ប្រឆាំងនឹង​ជនជាប់ចោទពីររូប គឺលោក នួន ជា និង​លោក ខៀវ សំផន​។ 

​ជនជាប់ចោទ​ក្នុង​សំណុំរឿង​០០២/០១ រួមមាន លោក នួន ជា អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង ខៀវ សំផន អតីត​ប្រមុខរដ្ឋ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​។ សវនាការ​លើ​សំណុំរឿង​នេះ​បាន​ចាប់ផ្តើម​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១១ និង បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​បិទ​បញ្ចប់​កិច្ច​ពិភាក្សា​ដេញដោល​នៅ​ខែ​តុលា​ឆ្នាំ​២០១៣​។ 

​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម លោក នេត្រ ភ​ក្ត្រា ធ្លាប់​មានប្រសាសន៍ថា ការប្រកាស​សាលក្រម ខាងមុខនេះ ធ្វើឡើង​បន្ទាប់​ពី​មាន​ការពិនិត្យ វាយតម្លៃ​លើ​ភ័ស្តុតាង និង​ឯកសារ​ផ្សេងៗ​ដែល​ទទួលបាន​ពី​សំណុំរឿង និង​សក្ខី​កាម​របស់​សាក្សី អ្នកជំនាញ ក៏​ដូច​ដើម​បណ្តឹងរដ្ឋប្បវេណី​ក្នុង​ការជំនុំជម្រះ​ក្តី​អស់រ​យៈ​ពេល​២២២​ថ្ងៃ​កន្លងមក​។​លោក​បញ្ជាក់ថា ការប្រកាស​សាលក្រម​នេះ នឹង​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ និង​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​។​

​បទចោទប្រកាន់​នានា​ក្នុង​សំណុំរឿង​០០២/០១​នេះ ផ្តោត​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែល​ពាក់ព័ន្ធ​នឹង​ការផ្លាស់​ទីលំនៅ​ប្រជាជន​ដោយ​បង្ខំ​ចេញពី​ភ្នំពេញ នៅ​ខែ​មេសា​ឆ្នាំ​១៩៧៥ និង​ការផ្លាស់​ទីលំនៅ​ប្រជាជន​ចេញពី​តំបន់​ផ្សេងៗ​ទៀត ក្នុង​ដំណាក់កាល​ក្រោយ​ទៀត​(​ដំណាក់កាល​ទី​១ និង​ដំណាក់កាល​ទី​២) និង​ការសម្លាប់​ទាហាន​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​នៅ​ទួល​ពោធិ៍​ជ្រៃ​ក្នុង​ខេត្ត​ពោធិ៍សាត់​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលាក្តី ឲ្យដឹងទៀតថា អង្គជំនុំជម្រះ​សាលាដំបូង​ក៏​បាន​ស្តាប់​ភ័ស្តុតាង​អំពី​ប្រវត្តិ​សាវតារ​ការបង្កើត​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ ព្រមទាំង​តួនាទី​របស់​ជនជាប់ចោទ​នៅក្នុង​រដ្ឋាភិបាល​នោះ និង​ស្តាប់​ភ័ស្តុតាង​ទាក់ទិន​នឹង​រចនាសម្ព័ន្ធ​រដ្ឋបាល និង​រចនាសម្ព័ន្ធ​ទំនាក់ទំនង​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ផង​ដែរ​។ ភ័ស្តុតាង​ទាំងនេះ​ក៏​នឹង​ក្លាយជា មូលដ្ឋានគ្រឹះ​សម្រាប់​ការជំនុំជម្រះ​ក្តី​បន្ទាប់​ទៀត​ពាក់ព័ន្ធ​នឹង​ជនជាប់ចោទ​ទាំង​ពីរ​នេះ​នៅ ក្នុង​សំណុំរឿង​០០២/០២ ដែល​រំពឹង​ថា​អាច​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០១៤​នេះ​៕

​សរសេរ​មកកាន់​លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com

What Next?

Recent Articles