​បណ្តាញ​យុវជន​នឹង​យក​ទីលាន​ប្រជាធិបតេយ្យ ប្រារព្ធ​ទិវា​យុវជន​អន្តរជាតិ​នៅ​សប្តាហ៍​ក្រោយ​

ដោយ៖​ ជន ស្រីណុច​
ថ្ងៃព្រហស្បតិ៍ ទី7 សីហា 2014
http://vodhotnews.com

ក្រុមយុវជនប្រមាណ​៦០០​នាក់ មក​ពី​ស្ថាប័ន​ផ្សេងៗ នឹង​ប្រារព្ធ​ទិវា​យុវជន​អន្តរជាតិ ថ្ងៃទី​១២ ខែ​សីហា នៅ​ទីលាន​ប្រជាធិបតេយ្យ បន្ទាប់​មក​ហែ​ក្បួន​ទៅ​ស្ថាប័ន​ជាតិ​មួយ​ចំនួន ដើម្បី​បង្ហាញ​ពី​កង្វល់​របស់​ពួកគេ ធ្វើយ៉ាងណា​ឲ្យ​ការដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព។​

លិខិត​ ជូនដំណឹង​រួមគ្នា​របស់​យុវជន សម្ព័ន្ធ​សហជីព និង​សមាគម​ជាដើម ដាក់ជូន​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ចុះ​ថ្ងៃ​ទី​០៥ ខែ​សីហា​នេះ​ឲ្យដឹងថា ពួកគេ នឹង​រៀបចំ​ទិវាយុវជន​អន្តរជាតិ ខួប​លើក​ទី​១៥ ឆ្នាំ​២០១៤ ដោយ​បង្ហាញ​ពី​កង្វល់​របស់​យុវជន​ទៅដល់​ស្ថាប័ន​ជាតិ​រួម​មាន រដ្ឋសភា ក្រសួង​អប់រំ យុវជន​ និង​កីឡា និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជី​រៈ ដើម្បី​ឲ្យ​ស្ថាប័ន​ទាំងនេះ​ដោះស្រាយ។

កម្មវិធីនេះ​ នឹង​ចាប់​ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​១២​ថ្ងៃត្រង់ នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​មាន​អ្នកចូលរួម​ចំនួន​៦០០​នាក់ ជា​យុវជន កម្មករ​និយោជិត មន្ត្រីរាជការ និង​អង្គការ​សង្គម​ស៊ីវិល ជាដើម និង​មាន​ការ​ដង្ហែ​ក្បូន​ឆ្ពោះទៅ​កាន់​រដ្ឋសភា កាត់​តាម​បណ្តោយ​វិថី​ព្រះស៊ីសុវត្ថិ។

ប្រធាន​គណៈកម្មាការ​យុវជន លោក ទុយ ស៊ី​ធៀង មានប្រសាសន៍ថា ការ​ដែល​ក្រុម​យុវជន​ក៏ដូចជា​សហជីព​ផ្សេងៗ​ប្រារព្ធ​កម្ម​វី​ធី​នេះ គឺ​ដើម្បី​ចង់បាន​ដំណោះស្រាយ​ពី​ស្ថាប័ន​ជាតិ​មួយចំនួន ដូចជា​បញ្ហា​ការងារ​របស់​យុវជន​ជា​ដើម ដែល​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​ពួកគេ។

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ឡុង ឌី​ម៉ង់ មានប្រសាសន៍ថា លោក​បាន​ទទួល​លិខិត​នេះ​រួច​ហើយ ហើយ​លោក​នឹង​ហៅ​តំណាង​ក្រុម​ទាំងនោះ​ចូលប្រជុំ​អំពី​កម្មវិធី​នេះ​។​

សាលា​រាជធានី បាន​បើក​ទីលាន​ប្រជាធិបតេយ្យ​ឡើងវិញ កាលពី​ថ្ងៃ​ទី​៥​ខែ​សីហា គឺ​ភ្លាមៗ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ព្រម​ស្បថ​ចូល​សភា​៕

សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles