ដោយ៖ ឡុង គីមម៉ារីតា
ថ្ងៃព្រហស្បតិ៍ ទី7 សីហា 2014
http://vodhotnews.com
បណ្តាអង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យអប់រំនៅកម្ពុជា ផ្តល់អនុសាសន៍ដល់ក្រសួង អប់រំ ឲ្យបន្តពង្រឹងគុណភាពក្នុងការកែវិញ្ញាសារប្រឡង និងការបូកសរុបលទ្ធផលនៃការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
សេចក្តីថ្ងែងការណ៍ដែលចេញដោយវិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍន៍ជាតិ (KIND) សម្ព័ន្ធដើម្បីសុចរិតភាព និង គណនេយ្យភាពសង្គម (CISA) និង សម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (ANSA-EAP) នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា នេះស្នើថា ដើម្បីឲ្យដំណើរការប្រឡងសញ្ញាបត្រទុតិយភូមិប្រព្រឹត្ត ដោយជោគជ័យប្រកបដោយ តម្លាភាព គុណភាព យុត្តិធម៌ អង្គការសង្គមស៊ីវិល ផ្តល់អនុសាសន៍ដល់ ក្រសួងអប់រំ ឲ្យបន្តពង្រឹងគុណភាពក្នុងការកែវិញ្ញាសារប្រឡង និងការបូកសរុបលទ្ធផលនៃការប្រឡង ។
សេចក្តីថ្ងែងការណ៍ដដែលនោះស្នើឲ្យក្រសួងអប់រំ គួរតែអនុញ្ញាតឲ្យអ្នកអង្គេតការណ៍ ចូលរួមតាមដានក្នុងការកែវិញ្ញាសារប្រឡង ព្រមទាំងការបូកសរុបលទ្ធផល និងការបន្តរឹតបន្តឹង ឬបន្តអនុញ្ញាតឲ្យមានអ្នកអង្គេតការណ៍នៅឆ្នាំក្រោយៗទៀត។
អង្គការទាំងនេះ ដែលបានដាក់ពង្រាយអ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួន៨០នាក់នៅមណ្ឌលប្រឡងនានាក្នុងរាជធានី និងខេត្តកំពត ក៍បានសំដែងការអបអរសាទរចំពោះដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ដែលប្រព្រឹត្តទៅ ដោយរលូន គ្មានការបែកធ្លាយវិញ្ញាសារ គ្មានការ សូកប៉ាន់ និងមានសភាពស្ងប់ស្ងាត់ទាំងក្នុង និងក្រៅមណ្ឌល់ប្រឡង។
សូមសរសេរមកកាន់កញ្ញា ឡុង គីមម៉ារីតា តាមរយៈ longkimmarita@gmail.com