ដោយ អាន ស៊ីថាវ
2014-08-16
RFA

រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishob) (ឆ្វេង) ជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤។ RFA/Van Vichar
សារព័ត៌មានអន្តរជាតិជាច្រើនបានចុះផ្សាយថា កិច្ចព្រមព្រៀងទទួលជនភៀសខ្លួនពីប្រទេសអូស្ត្រាលី មកកម្ពុជា ថាអាចនឹងមានចុះហត្ថលេខាឆាប់ៗនេះជាសម្ងាត់។ ប៉ុន្តែអង្គការសង្គមស៊ីវិលជួយគាំទ្រដល់ជនភៀសខ្លួននៅកម្ពុជា លើកឡើងនៅថ្ងៃទី១៦ សីហា ថា គ្មានហេតុផលណាមួយដែលកម្ពុជា ត្រូវចុះកិច្ចព្រមព្រៀងទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី ឡើយ។
វាជារឿងដ៏ចម្លែកនៅពេលដែលប្រទេសមួយប្រកាសទទួលយកជនភៀសខ្លួនពីបរទេស ស្របពេលប្រទេសនេះមិនអាចធានាបាននូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋរបស់ខ្លួន។
កាសែត ឌឹ ស៊ីដនី ម៉នីង (The Sydney Morning Herald) ដែលចុះផ្សាយនៅថ្ងៃទី១២ សីហា បានសរសេរថា កិច្ចព្រមព្រៀងទទួលយកជនភៀសខ្លួនរបស់អូស្ត្រាលី មកកម្ពុជា អាចនឹងចុះហត្ថលេខាជាសម្ងាត់រវាងរដ្ឋាភិបាលប្រទេសទាំងពីរ ទោះបីជាមានការតវ៉ាប្រឆាំងលើកិច្ចព្រមព្រៀងនេះច្រើនយ៉ាងណាក៏ដោយ។ ជនភៀសខ្លួនដែលគ្រោងនឹងបញ្ជូនមកនោះ មានចំនួន ១ពាន់នាក់។
អង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើន បានរិះគន់រដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលី ពាក់ព័ន្ធនឹងការធានាឲ្យបាននូវសិទ្ធិជាមូលដ្ឋានរបស់ជនភៀសខ្លួនទាំងនោះ នៅពេលបញ្ជូនមករស់នៅប្រទេសកម្ពុជា។ បន្ថែមលើនេះ អង្គការមិនមែនរដ្ឋាភិបាល ដែលជួយគាំពារដល់ជនភៀសខ្លួនយល់ថា ប្រទេសកម្ពុជា មានលទ្ធភាពតិចតួចប៉ុណ្ណោះក្នុងការទទួលបានជនភៀសខ្លួនពីប្រទេសអូស្ត្រាលី។
នាយកអង្គការ ជី.អ.អែស (JRS) ដែលផ្ដល់សេវាគាំទ្រដល់ជនភៀសខ្លួន អ្នកស្រី ដែននីស ហ្កតឡែន (Denis Coghlan) មានប្រសាសន៍ថា គ្មានហេតុផលណាមួយដែលប្រទេសកម្ពុជា ត្រូវចុះកិច្ចព្រមព្រៀងទទួលយកជនភៀសខ្លួន ព្រោះ កម្ពុជា ជាប្រទេសក្រីក្រដែលមិនអាចផ្ដល់សិទ្ធិជ្រកកោនដល់ប្រជាពលរដ្ឋណាមួយត្រង់បរិមាណច្រើននោះទេ។
អ្នកស្រីបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជា និងប្រទេសអូស្ត្រាលី មិនទាន់បានចុះកិច្ចព្រមព្រៀងទទួលជនភៀសខ្លួនពីប្រទេសអូស្ត្រាលី ឡើយ។ ប៉ុន្តែ បើប្រទេសទាំងពីរឈានដល់ការចុះកិច្ចព្រមព្រៀងពិតប្រាកដមែននោះ គឺជារឿងមួយដ៏ចម្លែក៖ «ខ្ញុំគិតថា រដ្ឋាភិបាលកម្ពុជា ចេតនានឹងផ្ដល់ការជ្រកកោន គឺជារឿងមួយដែលខ្ញុំសប្បាយចិត្ត ប៉ុន្តែប្រទេសអូស្ត្រាលី វិញ ខ្ញុំគិតថា គឺជារឿងចម្លែក»។
ក្រៅពីនេះ អង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើនទៀត ធ្លាប់បានផ្ដល់យោបល់ដល់ប្រទេសកម្ពុជា ពុំគួរទទួលយកជនភៀសខ្លួនតាមរយៈការចុះកិច្ចព្រមព្រៀងទ្វេភាគីរវាងរដ្ឋាភិបាលកម្ពុជា និងប្រទេសអូស្ត្រាលី ឡើយ។ ប៉ុន្តែបើរដ្ឋាភិបាលកម្ពុជា មានបំណងទទួលយកជនភៀសខ្លួននោះ គឺទទួលត្រឹមតែអ្នកណាដែលស្ម័គ្រចិត្តមកកម្ពុជា តែប៉ុណ្ណោះ។
ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិទាំងនោះ បានលើកហេតុផលថា ប្រទេសកម្ពុជា មិនអាចផ្ដល់ការការពារ និងសេវានានា គាំទ្រដល់ជនភៀសខ្លួនបានគ្រប់គ្រាន់នោះទេ។ ជាក់ស្ដែង ជនភៀសខ្លួនមួយចំនួនដែលកំពុងរស់នៅកម្ពុជា បច្ចុប្បន្ន មានជីវភាពខ្វះខាតពុំអនុញ្ញាតឲ្យមានការងារធ្វើ និងត្រូវបង្ខំចិត្តរស់នៅយ៉ាងលំបាក។
អង្គការទាំងនោះបានអះអាងថា បញ្ហាបញ្ជូនជនភៀសខ្លួនមានរឿងរ៉ាវជាច្រើនដែលលាក់បាំងពីរដ្ឋាភិបាលប្រទេសទាំងពីរ។ សារព័ត៌មានរបស់អូស្ត្រាលី ធ្លាប់បានរាយការណ៍ថា រដ្ឋាភិបាលអូស្ត្រាលី បានសន្យាផ្ដល់ទឹកប្រាក់ទៅឲ្យរដ្ឋាភិបាលកម្ពុជា ជាជំនួយអភិវឌ្ឍន៍ ដើម្បីប្ដូរការផ្ដល់ជម្រកដល់ជនភៀសខ្លួនទាំងនោះ ប៉ុន្តែការលើកឡើងនោះធ្លាប់ត្រូវអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង បដិសេធ។ បច្ចុប្បន្ន ប្រទេសកម្ពុជា មានជនភៀសខ្លួនចំនួន ៦៨នាក់ ដែលបានចុះបញ្ជី និង ១២នាក់ ជាអ្នកសុំសិទ្ធិជ្រកកោន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាជ្ញាធរហាមក្រុមយុវជនជិះកង់ក្នុងយុទ្ធនាការការពារតំបន់ស្ទឹងអារ៉ែង
- អាដហុកនឹងស៊ើបអង្កេតលើសន្តិសុខកាស៊ីណូនៅអូស្មាច់ព្រួតគ្នាវាយពលរដ្ឋម្នាក់របួសធ្ងន់
- ពលរដ្ឋមួយចំនួននៅព្រះវិហារត្អូញត្អែរថាមិនអាចទទួលបានព័ត៌មានគ្រប់គ្រាន់
- អង្គការនានាថ្កោលទោសរដ្ឋាភិបាលបង្ក្រាបអ្នកភូមិឡពាង
- អូស្ត្រាលីគ្រោងបញ្ជូនជនភៀសខ្លួន១ពាន់នាក់មកកម្ពុជា
- ក្រុមហ៊ុនស្ករអំពៅថៃចំនួនពីរវិនិយោគនៅកម្ពុជាជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនិងដី
- សហគមន៍ជនជាតិដើមភាគតិចនៅភាគឦសានស្នើឲ្យជួយការពារសិទ្ធិជនជាតិ
- កូនប្រសាលោក ហ៊ុន សែន ត្រូវតែងតាំងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ
- ជនជាតិដើមភាគតិចប្រមាណ១ពាន់នាក់គ្រោងហែក្បួននៅមណ្ឌលគិរី