​អភិបាលក្រុង និង​ខេត្ដ ឆ្លើយ​ដាក់​គ្នា រឿង​ដំណោះស្រាយ​ដី​ពលរដ្ឋ​៧៨​គ្រួសារ នៅ​ព្រះវិហារ​

ដោយ៖​ បូ សាវី​
ថ្ងៃពុធ ទី20 សីហា 2014
http://vodhotnews.com

​ប្រជាពលរដ្ឋ​៧៨​គ្រួសារ នៅ​ក្រុង​ព្រះវិហារ ទទូច​ឲ្យ​អភិបាលខេត្ដនេះ លោក អ៊ុំ ម៉ា​រ៉ា ចុះ​ដោះស្រាយ​ជម្លោះ​ដីធ្លី ដើម្បី​ឲ្យ​ពួក​គាត់​រស់នៅ​ដោយ​ស្របច្បាប់ ទៅតាម​ចំណារ​រដ្ឋាភិបាល កាលពីដើមឆ្នាំ​២០១៤​។

​តំណាង​ពលរដ្ឋ លោក ទូច ថា​រី ប្រាប់​VOD​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា អាជ្ញាធរ​ខេត្ដ​ព្រះវិហារ មាន​គំរោង​ដក ដី​ផ្ទះ​អ្នកភូមិ​៧៨​គ្រួសារ ស្មើ​៨​ហិកតា យក​ធ្វើជា​ដី​បម្រុង​ទុក​របស់​រដ្ឋ ដោយ​សន្យា​ដោះដូរ​ដី​នៅ​កន្លែង​ផ្សេង ប៉ុន្ដែ​ពលរដ្ឋ​មិន​ព្រម ដោយសារ​ពលរដ្ឋ​នៅក្បែរ​នោះ​អាច​រស់​បាន​។ លោក​សង្ស័យថា អាជ្ញាធរ​ខេត្ដ​ចង់​យក​ដី​នោះ​លក់​ឲ្យ​ក្រុមហ៊ុន ព្រោះ​នៅ​ក្បែរ​ភូមិ​មាន​ក្រុមហ៊ុន​កិន​ថ្ម​។​


​ ពលរដ្ឋ​មួយរូប​ទៀត អ្នកស្រី តាំង លី ឲ្យដឹងថា នៅ​ឆ្នាំ​២០០២ គាត់​បាន​ទិញ ដី​ឡូ​ទំហំ​ជាង​កន្លះ​ហិកតា (៧០​ម​x៨០​ម​) សម្រាប់​ធ្វើ​ផ្ទះ​រស់នៅ ដោយ​មាន​ការទទួលស្គាល់​ពី​ភូមិ​ឃុំ​។ ស្ដ្រី​មេម៉ាយ​រូបនោះ​បន្ដ​ថា បន្ទាប់ពី​ពួកគាត់​ខំ​ស្វែងរក​អន្ដរាគមន៍​ពី​គ្រប់​ស្ថាប័ន ទើប​នៅ​ដើមឆ្នាំ​២០១៤​នេះ អាជ្ញាធរ​ថ្នាក់​ជាតិ​ចេញ​សេចក្ដី​បង្គាប់​ឲ្យ​អភិបាលខេត្ដដោះ​ស្រាយ​ជូន​ ពួកគាត់ ប៉ុន្ដែ​បច្ចុប​ន្ប​ន្ន​នេះ អាជ្ញាធរ​ខេត្ត​ព្រះវិហារ​មិន​បាន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ តាម​បញ្ជា​របស់​នាយក​រដ្ឋមន្ត្រី ក៏​ដូច​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ទេ ផ្ទុយទៅវិញ​បែរជា​ហាម​ពួកគាត់​មិនឲ្យ​ធ្វើ​ផ្ទះ និង​បង្កបង្កើនផល​ទៅវិញ​។ អ្នកស្រី​ស្នើ​ឲ្យ​អាជ្ញាធរខេត្ដ ប្រគល់​ដី​៨​ហិកតា​នោះ​ជួន​ពួកគាត់ ដើម្បី​ឲ្យបាន​រស់​នៅ​ស្របច្បាប់​។​

​ករណីនេះ អាជ្ញាធរ​ខេត្ដ និង​អភិបាល​ក្រុង​ព្រះវិហារ លោក នុង សោភ័ណ ឆ្លើយ​ដាក់​គ្នា​ទៅវិញទៅមក​។ នាយក​រដ្ឋបាល​សាលា​ខេត្ដ​ព្រះវិហារ លោក សុខ ហៃ បង្វែរ​សំណួរ​ទៅ​អភិបាល​ក្រុង​ព្រះវិហារ​។ ចំណែក​អភិបាលក្រុង​ព្រះវិហា លោក នុត សោភ័ណ  ឲ្យ​សួរ​ទៅ​អភិបាលខេត្ដ លោក អ៊ុំ ម៉ា​រ៉ា​។

​នៅ​ថ្ងៃ​ពុធ​នេះ ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហា បាន​ផ្ញើលិខិត​ចំនួន​៥ ដែល​មាន​ចំណារ​ពី​ខុទ្ទកាល័យ​នាយករដ្ឋមន្ដ្រី រដ្ឋសភា ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ និង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ស្នើសុំ​ឲ្យ​អភិបាល​ខេត្ដព្រះវិហារ លោក អ៊ុំ ម៉ា​រ៉ា បញ្ឈប់​ការដកហូត​ដី​លំនៅដ្ឋាន​ពលរដ្ឋ​៨​ហិកតា ស្ថិតនៅ​ភូមិ​ហ្ម​សែត សង្កាត់​ប៉ា​លហាល និង​ត្រូវ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ជូន​ពលរដ្ឋ​ឲ្យបាន​ស្របច្បាប់​។​

​ យ៉ាងណាក៏ដោយ អ្នកសម្របសម្រួល​សមា​គម​ការពារ​សិទ្ធិមនុស្ស អាដហុក ខេត្ដ​ព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា អភិបាលខេត្ដ​មាន​ចេតនា​មិន​ដោះស្រាយ​ជូន​ពលរដ្ឋ ដោយសារតែ​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​។ លោក ស្នើឲ្យ​អាជ្ញាធរ​ចាត់វិធានការ​តាម​ចំ​ណារខុទ្ទកាល័យ​នាយករដ្ឋមន្ដ្រី និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ឲ្យមាន​ប្រសិទ្ធភាព​៕

សូមសរសេរមកកាន់លោក បូ សាវី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles