ដោយ៖ អុិត សូធឿត
ថ្ងៃព្រហស្បតិ៍ ទី21 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ពលករខ្មែរ តម្រង់ជួរគ្នាដើម្បីធ្វើលិខិតបែបបត់ ចូលទៅធ្វើការនៅប្រទេសថៃវិញនាពេលកន្លងមក (រូបថត៖ បូ សាវី)
ក្រសួងការបរទេស នៅថ្ងៃព្រហស្បតិ៍នេះឲ្យដឹងថា ចំនួនពលករទទួលសិទ្ធ និងដែលបានចុះបញ្ជីធ្វើការស្របច្បាប់ នៅប្រទេសថៃមានចំនួនជិត៧សែននាក់ហើយគិតត្រឹមថ្ងៃទី១៩ ខែសីហានេះ ។
កាលពីព្រឹកមិញនេះ លោក ទូចឆៃយុទ្ធ ភក្តី (Touchayoot Pakdi ) ឯកអគ្គរាជទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជាចប់អាណត្តិចូលជួបជម្រាបលានិងពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក ហោ ណាំហុង នៅទីស្តីការក្រសួង។
បន្ទាប់ពីចប់ជំនួបពិភាក្សា អ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា ពលករកម្ពុជាស្របច្បាប់នៅក្នុងប្រទេសថៃជិត៧សែននាក់នោះរួមមាន ពលករស្របច្បាប់ស្រាប់មានចំនួនជាង៣៩ម៉ឺននាក់ ពលករដែលបានដាក់ពាក្យសុំប័ណ្ណព័ណ៌ផ្កាឈូកនៅឯច្រកចេញចូលតែមួយរបស់ប្រទេសថៃមានចំនួនជាង២៩ម៉ឺននាក់ និងពលករដែលខាងក្រសួងបានធ្វើកំណត់ទូតបញ្ជូនបញ្ជីឈ្មោះទៅស្ថានទូតថៃដើម្បីសុំទិដ្ឋាការការងារពីថ្ងៃទី៦ ខែមិថុនា ដល់ថ្ងៃទី១៩ ខែសីហានេះ មានជាង២ម៉ឺន៧ពាន់នាក់ ។
គួរដែររំឮកថា កាលពីខែមិថុនា ពលករខ្មែរ ជាង២៥ម៉ឺននាក់ ត្រូវបានរដ្ឋាភិបាលថៃដែលដឹកនាំដោយរបបយោធាចាប់បញ្ជូនមកកម្ពុជាវិញយ៉ាងគំហុក។ ក្រោយមក ខាងប្រទេសថៃបានបើកឲ្យមានច្រកចេញចូលតែមួយ ក្នុងខេត្តចំនួន៨របស់ខ្លួន ដើម្បីចេញជាប័ណ្ណព័ណ៌ផ្កាឈូក (ស៊ីជំពូ) ដែលអនុញ្ញាតឲ្យធ្វើការងារ និងស្នាក់នៅបណ្តោះអាសន្ន រយៈពេល ៦០ ថ្ងៃ ក្នុងប្រទេសថៃ ។
សូមសរសេរមកកាន់លោក អុិត សុធឿត តាមរយៈ sothoeuth@vodhotnews.com