ពិព័រណ៍​វត្ថុ​សិល្បៈ​ពី​ជ័រម្រ័ក្សណ៍​នៅ​សៀមរាប​បំផុស​គំនិត​ដាំ​ដើមគ្រើល

សិល្បករ​វ័យក្មេង​មកពី​អង្គការ​គ្រួសារ​ថ្មី​កំពុង​លាប​ជ័រម្រ័ក្សណ៍​បង្កើត​ជា​ស្នាដៃ​សិល្បៈ​យ៉ាង​ផ្ចិតផ្ចង់​។

សិល្បករ​វ័យក្មេង​មកពី​អង្គការ​គ្រួសារ​ថ្មី​កំពុង​លាប​ជ័រម្រ័ក្សណ៍​បង្កើត​ជា​ស្នាដៃ​សិល្បៈ​យ៉ាង​ផ្ចិតផ្ចង់​។ រូបថត Miranda Glasser



ភ្នំពេញប៉ុស្តិ៍

សៀមរាប: ពិព័រណ៍ Master Lacquer and Textures Craft ដែល​ផ្ដោត​លើ​ស្នាដៃ​កែច្នៃ​ជ័រម្រ័ក្សណ៍ ជា​វត្ថុ​សិល្បៈ​នានា កំពុង​មាន​វត្តមាន​នៅ​វិចិត្រសាល​សណ្ឋាគារ​សូហ្វីតែល ភូគីត្រា អង្គរ ខេត្ត​សៀមរាប​រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា។

ក្នុង​ពិព័រណ៍​នេះ​ក៏​មាន​ស្នាដៃ​របស់​លោក អេរីក និង ធារី ស្តុកឃើរ ដែល​ជា​សិល្បករ​ប្រើប្រាស់​ជ័រម្រ័ក្សណ៍​ធម្មជាតិ និង​បច្ចេកទេស​សិល្បៈ​បែប​បុរាណ​ដែល​ពួកគេ​បាន​រៀនសូត្រ​ពី​ប្រទេស​បារាំង​ផង​ដែរ។

ដោយឡែក លោក អេរីក ដែល​ជា​អ្នក​ជំនាញ​ផ្នែក​ជ័រម្រ័ក្សណ៍​នោះ​បាន​មក​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៩៨​តាមរយៈ​សហភាព​អឺរ៉ុប ដើម្បី​បណ្ដុះបណ្ដាល​សិល្បករ​នៅ Artisans d’Angkor​។ លោក​ក៏​ធ្លាប់​បម្រើ​ការ​ឲ្យ​ម៉ាក​យីហោ​ល្បីៗ​ក្នុង​លោក​ដូចជា Chanel និង Louis Vuitton ផង​ដែរ។ យ៉ាងណា​មិញ លោក​តែងតែ​មាន​ក្ដីស្រមៃ​ចង់​ស្រោចស្រង់​នូវ​ប្រភេទ​សិល្បៈ​ដែល​បាត់បង់ ដូចជា​ការ​ប្រមូល​ជ័រម្រ័ក្សណ៍ និង​ការ​កែច្នៃ​វា​ប្រើប្រាស់​ជាដើម។ កាលពី​សម័យ​ដើម​សូម្បីតែ​ប្រាសាទ​តំបន់​អង្គរ​ក៏​ត្រូវ​បាន​លាបលន​ដោយ​ជ័រម្រ័ក្សណ៍​នេះ​ដើម្បី​ការពារ​ស្រទាប់​ក្រៅ​ផង​ដែរ។

លោក អេរីក បាន​ថ្លែង​ថា៖ «ក្នុង​ពិព័រណ៍​នេះ​យើង​ចង់​បង្ហាញ​មនុស្សម្នា​ឲ្យ​ដឹង​ថា​អ្វី​ជា​ជ័រម្រ័ក្សណ៍។ យើង​ក៏​បាន​អញ្ជើញ​លោក តា លី ដែល​ជា​អ្នក​មាន​ជំនាញ​យក​ជ័រម្រ័ក្សណ៍​ពី​ដើម​គ្រើល​ផង​ដែរ។ យើង​ក៏​មាន​គម្រោង​ទៅ​ដាំ​រុក្ខជាតិ​នេះ​បន្ថែម​នៅ​ខេត្ត​កំពង់ធំ​»។

ទាក់ទិន​នឹង​ការ​យក​ជ័រម្រ័ក្សណ៍​ពី​ដើម​គ្រើល លោក តា លី អាយុ​៦៧​ឆ្នាំ ដែល​បាន​ប្រកបរបរ​នេះ​អស់​រយៈពេល​៤០​ឆ្នាំ​មក​ហើយ​នៅ​ខេត្ត​កំពង់ធំ​នោះ នឹង​មាន​វត្តមាន​រង់ចាំ​បំភ្លឺ​នូវ​រាល់​ចម្ងល់​ទាក់ទិន​ទៅ​នឹង​សិល្បៈ​យក​ជ័រម្រ័ក្សណ៍​មក​កែច្នៃ​ជា​វត្ថុ​លម្អ​នានា។

លោក អេរីក បាន​ឲ្យ​ដឹង​ទៀត​ថា៖ «យើង​បាន​បណ្ដុះ​គ្រាប់​គ្រើល​២​ពាន់​ដើម​សម្រាប់​ដាំ​ក្នុង​ឆ្នាំ​នេះ​លើ​ផ្ទៃដី​២៥​ហិកតា។ នៅ​១០​ទៅ​១៥​ឆ្នាំ​ទៀត​ទើប​យើង​អាច​ទាញ​យក​ជ័រម្រ័ក្សណ៍​ពី​វា​បាន»។

ចំពោះ​ពិព័រណ៍​នេះ​វិញ វត្ថុ​សិល្បៈ​ចំនួន​៦០​ច្នៃ​ពី​ជ័រម្រ័ក្សណ៍​នឹង​ត្រូវ​តាំង​បង្ហាញ​។ សិល្បករ​ខ្មែរ​ជាង​១០​នាក់​បាន​ទទួល​ចំណេះដឹង​ផ្នែក​សិល្បៈ​ជ័រម្រ័ក្សណ៍​នេះ​ពី​លោក អេរីក និង​លោក ធារី ស្ដុកឃើរ រួម​ទាំង​ជនពិការ​នៅ​អង្គការ​គ្រួសារ​ថ្មី​ផង​ដែរ។

លោក អេរីក បាន​បញ្ជាក់​ផង​ដែរ​ថា៖ «ពិព័រណ៍​នេះ​មាន​វត្ថុ​សិល្បៈ និង​គំនូរ​ធ្វើ​ពី​ជ័រម្រ័ក្សណ៍​ដោយ​ប្រើប្រាស់​បច្ចេកទេស​ពី​បុរាណ​ច្របាច់​បញ្ចូល​នូវ​សម័យ​ទំនើប​ផង​ដែរ។ យើង​ចង់​រក្សា​ស្នាដៃ​ដើម ហើយ​ក៏​ចង់​ច្នៃប្រឌិត​វា​ឲ្យ​រីកចម្រើន​ផង​ដែរ»៕


What Next?

Recent Articles