ដោយ កែវ និមល
2014-08-21
RFA

ទឹកជន់លិចលើកំណាត់ផ្លូវជាតិលេខ៧៦ នៅចំណុចអូរចេង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣។ RFA/Ratha Visal
មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឲ្យដឹងនៅថ្ងៃទី២១ សីហា ថា នៅក្នុងគ្រោះទឹកជំនន់ដើមខែសីហា នេះ គិតមកទល់ថ្ងៃទី១៩ សីហា មានមនុស្សស្លាប់ចំនួន ៤៥នាក់ របួស ៣នាក់ ប៉ះពាល់ប្រជាពលរដ្ឋជាង ៩ម៉ឺនគ្រួសារ ខូចខាតផ្ទះសម្បែង ១៥៨ខ្នង និងខូចខាតស្រូវប្រមាណ ៩ពាន់ហិកតារ ខូចដំណាំផ្សេងៗប្រមាណ ៤ពាន់ហិកតារ។
លោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍ថា ទឹកជំនន់ឆ្នាំ២០១៤ នេះ លិចផ្ទះសម្បែង ស្រូវ ចម្ការដំណាំប្រជាពលរដ្ឋនៅខេត្តចំនួន១២ ដែលមានទីតាំងស្របតាមមាត់ទន្លេមេគង្គ និងទន្លេបាសាក់ និងខេត្តតាមតំបន់ភ្នំមានភ្លៀងធ្លាក់ខ្លាំង។ ទឹកចាប់ផ្ដើមលិចខេត្តនានា តាមតំបន់ភ្នំដែលមានភ្លៀងធ្លាក់ច្រើន ហើយខេត្តតាមមាត់ទន្លេ ដោយសារទឹកទន្លេឡើង។ ការលិចលង់នេះ ចាប់ផ្ដើមចុងខែកក្កដា មកដល់សប្ដាហ៍ទី៣ នៃខែសីហា។
ខេត្តទាំង១២ ដែលមានទឹកជំនន់នោះរួមមាន ខេត្តព្រះវិហារ កំពង់ធំ រតនគិរី ស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាល ស្វាយរៀង កំពត និងខេត្តមណ្ឌលគិរី។
ក្រោយពីមានគ្រោះទឹកជំនន់ រដ្ឋាភិបាលរួមជាមួយអង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិនានា បានរៀបចំក្រុមជំនាញវាយតម្លៃការខូចខាត និងរៀបចំគម្រោងជួយសង្គ្រោះដល់ប្រជាពលរដ្ឋមួយចំនួន ដែលប្រឈមមុខលំបាកខ្លាំង។ មកទល់ពេលនេះ មន្ត្រីកាកបាទក្រហមកម្ពុជា បានឲ្យដឹងថា បានជួយផ្តល់សម្ភារៈចាំបាច់មួយចំនួនដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកខ្លាំង បានប្រមាណ ១៣.០០០គ្រួសារហើយ។
នៅថ្ងៃទី២១ សីហា នេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានកោះប្រជុំក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្ដារឡើងវិញ ស្ដីពីសភាពការណ៍ទឹកជំនន់ និងរាំងស្ងួត ដើម្បីវាយតម្លៃការខូចខាត និងរៀបចំគម្រោងសហការគ្នាជួយប្រជាពលរដ្ឋរងគ្រោះ។
ក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្ដារឡើងវិញ ស្ដីពីសភាពការណ៍ទឹកជំនន់ និងរាំងស្ងួត មានអង្គការជាតិ និងអន្តរជាតិចំនួន ៣៥ ជាសមាជិក ហើយមាន លោក ញឹម វណ្ណដា ជាតំណាងភាគីជាតិ និងលោកស្រី ក្លាវ៉ាន់ ឌឺ វារ៉េន (Clair Van der Vaeren) តំណាងអង្គការសហប្រជាជាតិនៅកម្ពុជា ជាអ្នកតំណាងភាគីអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មនុស្សស្លាប់កើនឡើងដល់៣៥នាក់ដោយសារទឹកជំនន់គិតត្រឹមថ្ងៃ១៨សីហា
- អ្នកឃ្លាំមើលបារម្ភពីទឹកជំនន់ធ្ងន់ធ្ងរដោយសារការបើកទំនប់វារីអគ្គិសនីវៀតណាម
- ខ្មែរ៣នាក់ស្លាប់ដោយសារបាក់សំណង់អាគារសង្កត់លើនៅថៃ
- លោក លឹម គានហោ៖ ទឹកជំនន់នឹងលិចតំបន់ទំនាបទន្លេបាសាក់និងទន្លេសាប
- មនុស្សស្លាប់ដោយសារទឹកជំនន់កើនឡើងដល់២០នាក់
- ស្ថានភាពទឹកជំនន់ទន្លេមេគង្គនៅខេត្តមួយចំនួនមានសភាពធូរស្រាល
- មនុស្ស៤នាក់ស្លាប់ដោយទឹកជំនន់នៅស្ទឹងត្រែងនិងរតនគិរីគិតត្រឹមថ្ងៃ៥សីហា
- ស្ថានភាពទឹកជំនន់នៅខេត្តព្រះវិហារ
- ពលរដ្ឋជាង៨០គ្រួសារនៅរតនគិរីត្រូវជម្លៀសទៅទីទួលសុវត្ថិភាព