ដោយ៖ ឡុង គីមម៉ារីតា
ថ្ងៃព្រហស្បតិ៍ ទី21 សីហា 2014
http://vodhotnews.com
ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង អះអាងថាមានការដឹកឈើប្រណីតដោយខុសច្បាប់ជាបន្តបន្ទាប់ចូលទៅប្រទេសវៀតណាម ដោយឆ្លងកាត់តាមច្រកល្បៀង សាម៉ ក្នុងខេត្តស្វាយរៀង ហើយមិនមានអន្តរាគមន៍ពីអាជ្ញាធរ។
លោក នង សារ៉ាត ជាពលរដ្ឋដែលបានឃើញករណីនេះ ប្រាប់VOD នៅព្រឹកថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍នេះថា មានឡានម៉ាកយីឌុបប្រមាណជា២០ឡានបានដឹកឈើប្រណីតជារៀងរាល់យប់ ដែលក្នុងមួយយប់ៗ ដឹកពីបីទៅបួនឡានចូលទៅតាមច្រកល្បៀង សាម៉ ស្ថិតក្នុងឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដើម្បីនាំចេញទៅប្រទេសវៀតណាម ដោយមិនមានអាជ្ញាធរណាអើពើឡើយ។
លោកបន្តថា ការដឹកនេះគឺមានរយៈពេលមួយអាទិត្យមកហើយ ហើយឈើប្រណីតទាំងនោះត្រូវបានយកទៅទំលាក់នៅមាត់ច្រក រួចដឹកបន្តចូលទៅប្រទេសវៀតណាម។
VOD មិនអាចសុំការបំភ្លឺពីស្នងការនគរបាលខេត្តលោក កឹង ឃន បាននៅឡើយទេ ក្នុងករណីនេះ ចំណែកអាជ្ញាធរនៅអធិការដ្ឋាននគរបាលស្រុកចន្ទ្រាដែលសុំមិនបញ្ចេញឈ្មោះម្នាក់ប្រាប់ថា លោកមិនបានដឹងពីករណីនេះទេ ហើយក៏បដិសេធថាមិនមានករណីបែបនេះកើត ឡើងទេ។
មន្ត្រីអង្គការលីកាដូ លោក នុត បូពណ្ណារ័ត្ន មានប្រសាសន៍ថា ករណីបែបនេះកើតឡើងជាញឹកញាប់ទៅហើយ ដោយសារតែមានការឃុបឃិតគ្នារវាងអាជ្ញាធរនិងឈ្មួញខុសច្បាប់។ លោកបន្តថា ការដឹកឈើប្រណីតដោយខុសច្បាប់នេះក៏មិនមែនជាអ្នកតូចតាចដែរ ទោះជា អាជ្ញាធរដឹង ក៏មិនហ៊ានធ្វើអន្តរាគមន៍ក្នុងករណីនេះដែរ។
លោក នុត បូពណ្ណារ័ត្ន ឲ្យដឹងថា មិនត្រឹមតែមានការដឹកឈើប្រណីតខុសច្បាប់នោះទេ កន្លងមកក៏ធ្លាប់ មានបទល្មើសជាច្រើន ដូចជាការរត់ពន្ធភ្លុកដំរីដោយខុសច្បាប់ជាដើម ដោយដឹកជញ្ជូនទៅកាន់ប្រទេសវៀតណាម៕
សូមសរសេរមកកាន់កញ្ញា ឡុង គីមម៉ារីតា តាមរយៈ longkimmarita@gmail.com