​លោក កឹម សុខា ស្នើឲ្យ​នាយករដ្ឋមន្ត្រី​ដោះលែង​ពលរដ្ឋ​ដែល​ជាប់​ពន្ធនាគារ​រឿង​ដីធ្លី​​

ដោយ៖​ អ៊ឹង ប៊ុនថន​
ថ្ងៃព្រហស្បតិ៍ ទី21 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នាពេលកន្លងមក (រូបដោយ៖ តាំង វីដា)

​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោះលែង​ពលរដ្ឋ​ដែល​កំពុង​ជាប់ពន្ធនាគារ​ដោយសារ​ជម្លោះដីធ្លី​។​

​ការស្នើ​នេះ​ធ្វើឡើង​ក្នុង​លិខិត​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម នៅ​ថ្ងៃ​ទី​២១​ខែ​សីហា​នេះ ដាក់​ជូន​លោក ហ៊ុន សែន តាមរយៈ​ប្រធានរដ្ឋសភា​លោក ហេង សំរិន​។​

​លោក កឹម សុខា បានបញ្ជាក់​ថា ការស្នើឲ្យ​ដោះលែង​ពលរដ្ឋ​ដែល​ជាប់​ពន្ធនាគារ ដោយសារ​ជម្លោះដីធ្លី​នោះ គឺ​យោង​តាម​ប្រសាសន៍​របស់​លោក ហ៊ុន សែន ដែល​ថ្លែង​នៅក្នុង​ឱកាស​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ស្តីពី​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​ឆ្នាំ​២០១៤-២០១៨ កាលពី​ថ្ងៃ​ទី​១៨​ខែ​សីហា​នេះ​។​

​ក្នុង​កម្មវិធី​នោះ លោក ហ៊ុន សែន ថ្លែងថា លោក​មិន​ដែល​បានទទួល ញត្តិ ឬ​ពាក្យបណ្តឹង របស់​ប្រជាពលរដ្ឋ មាន​ជម្លោះ​ដីធ្លី ដែល​មក​រក​កិច្ច​អន្តរាគមន៍​ពី​លោក​តាមរយៈ​មន្ត្រី​ពាក់ព័ន្ធ​ទេ « ខ្ញុំ​អំពាវនាវ​ឲ្យ​គ្រប់​ទីកន្លែង ពាក់ព័ន្ធ​ជាមួយ​បញ្ហា (​ដីធ្លី​) ហ្នឹង ខិតខំ​ធ្វើការ​ហើយ​កុំ​ស្ទក់​ពេក ស្ទក់​រហូត​ដល់​ចាំ រហូត​ដល់​ពលរដ្ឋ​មក យក​ប៉ូលីស​ខ្ទប់ យក​ប៉ូលីស​ខ្ទប់​បង្វែរ​ផ្លូវ រួច​ទទួល​យក​ញត្តិ ហើយ​អា​ញត្តិ​ហ្នឹង​មិនដឹង​យក​ទៅ​ដល់​ណា​ទេ​។ ញត្តិ​ហ្នឹង​សូម​ជម្រាប​ដល់​ពលរដ្ឋ ញត្តិ​ហ្នឹង​មិនដឹងថា យក​ទៅ​ដល់​ទីណា​ទេ​? អត់​បាន​មកដល់​ខ្ញុំ​ទេ​អា​ញត្តិ​ហ្នឹង​នោះ​! »​។

លោក ​ហ៊ុន​សែន បន្ថែមថា បញ្ហា​ដីធ្លី​កើត​ឡើង​ដោយសារ មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​មិន​អនុវត្ត តាម​បទបញ្ជា​ ០១ ​របស់លោក គឺ​យុទ្ធសាស្ត្រ​ស្បែក​ខ្លា​។​

​លិខិត​របស់​លោក កឹម សុខា បាន​លើកឡើង​ថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ជាច្រើន​កំពុង​ជាប់​ពន្ធនាគារ​ដោយសារ​ ជម្លោះដីធ្លី​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ខេត្ត​មួយចំនួន​មិន​បាន​អនុវត្ត​បទបញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​បាន​ហ្មត់ចត់​។ លិខិត​នេះអះអាងថា តុលាការ​ក៏​មិនបាន​ចូលរួម​ដោះស្រាយ​ទំនាស់​ទាំង​នោះ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ឡើយ​។​

​របាយការណ៍​របស់​ស​មាគ​ម​ការពារ​សិទ្ធិមនុស្ស​អាដហុក ចុះ​ថ្ងៃ​ទី​១៩ ខែ​សីហា ឲ្យដឹងថា ចាប់ពី​ខែ​មករា រហូត ដល់​ខែ​សីហា ឆ្នាំ​២០១៤​នេះ  អត្រា​នៃ​ជម្លោះ​ដីធ្លី និង​ការចាប់ខ្លួន​ប្រជាពលរដ្ឋ​ក្នុង​ជម្លោះ​ដីធ្លី បាន​កើនឡើង​លើស ឆ្នាំ​២០១៣  ខណៈ​ដែល​ឆ្នាំ​២០១៣​នេះ កើន៤៨​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១២​។​

​បើតាមអាដហុក  មិន​ទាន់​ដាច់​ឆ្នាំ​២០១៤​ផង មាន​ពលរដ្ឋ​១២៦​នាក់ រង​ការចោទប្រកាន់ ក្នុងនោះ​១៩​នាក់ ត្រូវបាន​ចាប់ខ្លួន និង​ផ្តន្ទា​​ទោស​ដាក់​ពន្ធនាគារ ខណៈ​ឆ្នាំ​២០១៣ គឺ​មាន​ពលរដ្ឋ១០៩​នាក់ បាន​រង​ការចោទប្រកាន់ ក្នុងនោះ​៤៣​នាក់ ត្រូវបាន​ចាប់ខ្លួន និង​ផ្ដន្ទាទោស​៕

សូមសរសេរមកកាន់លោក អ៊ឹង ប៊ុនថន​ តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles