​សិស្ស​វិទ្យាល័យ​មួយ​ក្រុមរបស់​កម្ពុជា ​ឈ្នះ​រង្វាន់​ជ័យលាភី សរសេរ​គម្រោង​អាជីវកម្ម​ទូទាំង​ពិភពលោក​​

ដោយ៖​ ជន ស្រី​ណុ​ច​​
ថ្ងៃព្រហស្បតិ៍ ទី21 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

យុវសិស្ស ឈ្នះជ័យលាភី សរសេរគម្រោងអាជីវកម្មទូទាំងពិភពលោក (រូបថត៖ ជន ស្រីណុច)

យុវ​សិស្ស​វិទ្យាល័យ​មួយក្រុម​នៅ​កម្ពុជា ទទួល​ជោគជ័យ​លើ​ការសរសេរ​គម្រោង​អាជីវកម្ម ដែល​ផ្ដល់ឲ្យ​ដោយ កម្មវិធី​ប្រកួតប្រជែង​សរសេរ​គម្រោង​អាជីវកម្ម​ពិភពលោក (GEC)​។​

ក្នុង​កម្មវិធី​អបអរសាទរ និង​ប្រគល់​វិញ្ញាបនបត្រ​នៃ​ការប្រកួតប្រជែង​សរសេរ​គម្រោង​អាជីវកម្ម​ពិភពលោក នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២១​នេះ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​លោក សាម៉ឺឌី ស៊ី​វឌ្ឍនា មានប្រសាសន៍ថា នេះ​គឺជា​មុខមាត់​ដ៏​ឧត្តុងឧត្តម ដែល​យុវជន​នៅ​កម្ពុជា​អាចធ្វើ​បាន​ដោយ​ជោគជ័យ ​ខណៈ​ពួកគេ​មាន​វ័យក្មេង​។ លោក​ថា លទ្ធផល​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព​ពិតប្រាកដ ​របស់​សិស្សានុសិស្ស ហើយ​បង្ហាញឲ្យឃើញ​ពី​ការរី​ក​ចម្រើន នៃ​វិស័យ​ឯកជន​នៅ​កម្ពុជា​នយោបាយ​រួម សហគ្រិនភាព «កម្មវិធីប្រគួតប្រជែងសរសេរគម្រោងអាជីវកម្មពិភពលោក កំពុងតែបង្រៀនមនុស្ស ឲ្យចេះបង្កើតឱកាសតំាងពីថ្នាក់វិទ្យាល័យ»។

​ប្រធាន​ក្រុម​ក្នុង​ចំណោម​យុវជន​ទាំង​១០​នាក់ យុវ​សិស្ស លឹម អ៊ីង​ឈ៉ង និយាយថា កត្តា​ដែល​នាំ​ឲ្យ​ក្រុម​របស់​ពួកគេ​ទទួលបាន​ជោគជ័យ ដោយសារតែ​ខ្លួន​ទទួលបាន​ការបណ្តុះបណ្តាល​ពី​គ្រូ​ជំនាញ ហើយ​ខ្លួន​មាន​ទេព្យកោសល្យ​ខាង​ផ្នែក​នេះ ជាពិសេស​ការស្រាវជ្រាវ​អំពី​ការធ្វើ​អាជីវកម្ម រួម​ទាំង​ចំណេះដឹង​ភាសា​អង់គ្លេស «មានការចូលរួមពីលោកគ្រូអ្នកគ្រូដែលគាត់ជា សហគ្រិនស្រាប់ ចឹងគាត់មានបទពិសោធន៍ទំាងចំនេះធ្វើ ទំាងចំនេះដឹងអ៊ីចឹងពួកយើងអាចទទួលបទពិសោធន៍ក្នុងរយៈពេលពួកគាត់ធ្វើការ១០ឆ្នំា អញ្ចឹងយើងទទួលបានតែក្នុងរយៈពេលតែមួយខែ អញ្ចឹងមានន័យថាបទពិសោធន៍យើងខ្ពស់ហើយ ចំណេះដឹងយើង ក៏ទទួលបានច្រើនដែរ ក្នុងពេលនិងមានការបង្រៀនពីការធ្វើជាវីឌីអូ ការសរសេរជាគម្រោងអាជីវកម្មដែលមានបួនផ្នែកខាងទំនាក់ទំនងគំនិតឆ្នៃប្រឌិត ការទំនាក់ទំនងទីផ្សារ និងការស្រាវជ្រាវទីផ្សារ និងមួយទៀតខាងហិរញ្ញវត្ថុ»។

​នាយក​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន លោក កឹម អឿន ឲ្យដឹងថា ពានរង្វាន់​ដែល​ទទួលបាន​មាន​ចំនួន​ពីរ​នេះ គឺ​ពានរង្វាន់​លំដាប់​ពិភពលោក និង​ពានរង្វាន់​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។​

លោក កឹម អឿន បន្តថា កម្មវិធី​ប្រកួតប្រជែង​សរសេរ​គម្រោង​អាជីវកម្ម​ពិភពលោក បង្កើតឡើង​នៅ​ឆ្នាំ​២០០២ ដោយ​វិទ្យាស្ថាន​អប់រំ​សហគ្រាស និង​ការគាំទ្រ​ពី​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​។ កម្មវិធី​នេះ​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​អូស្ត្រាលី អាល្លឺម៉ង់ អង់គ្លេស និង​ជប៉ុន ព្រម​ទាំង​ប្រទេស​មួយចំនួន​ទៀត​។​

​គួរបញ្ជាក់​ថា សិស្សានុសិស្ស​ដែល​ឈ្នះ​រង្វាន់​នោះ រួម​មាន​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ វិទ្យាល័យ​ជាស៊ីម​សន្ធរម៉ុក វិទ្យាល័យ​បាក់​ទូក វិទ្យាល័យ​ទួល​ទំពូង វិទ្យាល័យ​ព្រះសីហនុ​(​កំពង់ចាម​) វិទ្យាល័យ​មង្គលបុរី​(​បន្ទាយមានជ័យ​) និង​សាលា Golden Gate American Shcool (​សាលា​ឯកជន​)៕

សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles