Fri, 22 August 2014
ផាក់ ស៊ាងលី
ភ្នំពេញប៉ុស្តិ៍
រតនគិរីៈ សហគមន៍ជនជាតិដើមភាគតិចកាវ៉ែត គ្រោងនឹងដាក់របាយការណ៍សុំកិច្ចអន្តរាគមន៍ពីមន្ទីរបរិស្ថាន ខេត្តរតនគិរី នៅថ្ងៃសុក្រនេះ បន្ទាប់ពីពួកគាត់រកឃើញថា មន្រ្តីអនុរក្សពីរនាក់នៅឧទ្យានជាតិវីរជ័យ ជាប់ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ ដោយទទួលសំណូកពីអ្នកកាប់ឈើខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិអូរទុង ដែលទើបទទួលស្គាល់ដោយក្រសួងបរិស្ថាន។
កាលពីចុង ខែកក្កដា កន្លងមកនេះ តំណាងសហគមន៍អូរទុង ចំនួនបួននាក់បានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីអង្គការសិទ្ធិមនុស្សអាដហុក ប្រចាំ ខេត្តរតនគិរី បន្ទាប់ពីក្រុមល្បាតពួកគាត់បានប្រទះឃើញឈើប្រមាណជា ១០០ ម៉ែត្រគុបដែលគេលួចកាប់នៅក្នុងព្រៃសហគមន៍អូរទុង ស្ថិតក្នុង ឃុំកុកឡាក់ ស្រុកវ៉ឺនសៃ។ បន្ទាប់ពីទទួលបានប្រឹក្សាយោបល់ពីអង្គការនេះមកពួកគាត់បានធ្វើការស្រាវជ្រាវរហូតរកឃើញមន្រ្តីដែលពាក់ព័ន្ធនេះ។
លោក កឿន ម៉ូច អាយុ ៥៣ឆ្នាំ តំណាងសហគមន៍អូរទុង បានអះអាងថា មន្រ្តីអនុរក្សបរិស្ថានពីរនាក់ឈ្មោះ ណាយ ប៊ុនហឿង និង ជឿត ផម បានទៅដាក់ប៉ុស្តិ៍អនាធិបតេយ្យមួយនៅ អូរទុង ដើម្បីចាំយកលុយពីអ្នកកាប់ និងដឹកឈើតាមក្បូនឫស្សីខុសច្បាប់ចេញពីតំបន់ការពារធនធានធម្មជាតិអូរទុង ជាងកន្លះខែមកហើយ។ លោកថា៖ «ពួកគេបោះតង់ធ្វើប៉ុស្តិ៍ខុសច្បាប់ចាំយកលុយឈើមួយសន្លឹក ២ ម៉ឺនរៀល។ មួយក្បួនមាន ៥ សន្លឹក»។
កាលពីថ្ងៃ ទី៩ ខែកក្កដា កន្លងមកនេះព្រៃសហគមន៍ចំនួន ៥ ទំហំសរុប ១៨៣៩៥ ហិកតាដែលស្ថិតនៅក្នុងឧទ្យានជាតិវីរជ័យ ត្រូវបានក្រសួងបរិស្ថានចុះហត្ថលេខាជាតំបន់ការពារធម្មជាតិ។ តំបន់ទាំងប្រាំនេះរួមមាន អូរចាយ អូរទុង អូរតាបូក មណ្ឌលយ៉ន និងអួតខាំផា។ ប៉ុន្តែតំបន់ការពារអូរទុង ត្រូវបានសហគមន៍អះអាងថា កំពុងតែទទួលរងការកាប់បំផ្លាញ។
មិនអាចទាក់ទងលោក ណាយ ប៊ុនហឿង និង ជឿត ផម ដែលរងការចោទប្រកាន់បានទេ។
តំណាងសហគមន៍អូរទុង ចំនួនបួននាក់បានធ្វើដំណើរទៅ ក្រុងបានលុង ហើយគ្រោងនឹងដាក់របាយការណ៍មួយជូនប្រធានមន្ទីរបរិស្ថានខេត្តដើម្បីសុំអន្តរាគមន៍ចាត់ការបទល្មើសនិងមន្រ្តីដែលពាក់ព័ន្ធតាមច្បាប់។
លោក ជូ សុភ័ក្ត្រ ប្រធានមន្ទីរបរិស្ថានបានមានប្រសាសន៍ថា លោកបានទទួលដំណឹងពីការចោទប្រកាន់នោះហើយ ហើយមន្រ្តីបរិស្ថានស្រុកកំពុងតែចុះស្រាវជ្រាវពីករណីនេះ។ រឿងចោទប្រកាន់នោះ វាអាចជាប់ពាក់ព័ន្ធទៅនឹងគំនុំដែលកើតឡើងពីការចាប់ឈើនោះ។
លោកថា៖ «រឿងនេះវាអាចជារឿងគំនុំ ឬអាចជាការពិត។ តែឥឡូវយើងមិនទាន់ដឹងទេ។ មន្រ្តីកំពុងចុះស្រាវជ្រាវរឿងនេះ»។
ទោះយ៉ាងណា អ្នកសម្របសម្រួលអង្គការអាដហុក លោក ឆាយ ធី បានឲ្យដឹងថា សហគមន៍ព្រៃការពារអូរទុង បានទទួលលទ្ធផលល្អប្រសើរដោយបានរកឃើញមន្ត្រីអនុរក្សឧទ្យានជាតិវីរជ័យ ចំនួន ២ នាក់ដែលមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយទទួលយកលុយពីឈ្មួញដើម្បីឲ្យកាប់ឈើប្រណីតក្នុងព្រៃការពារអូរទុង។ លោកថា៖ «អាដហុក នឹងបើកការស៊ើបអង្កេតឲ្យបានជាក់លាក់ទៅលើមន្ត្រីអនុរក្សឧទ្យានជាតិវីរជ័យ ចំនួន ២ រូបនិងជនជាប់ពាក់ព័ន្ធមួយចំនួនទៀត ហើយដាក់ពាក្យប្តឹងទៅតុលាការខេត្តដើម្បីឲ្យផ្តន្ទាទោសតាមនីតិវិធី»៕
