អ្នក​មាន​ជម្លោះ​ដី​នៅ​ព្រះសីហនុ​គ្រោង​លើក​គ្នា​ទៅ​ជួប​អភិបាល​ខេត្ត​ថ្មី​ឲ្យ​ជួយ​ដោះស្រាយ

ដោយ សេក បណ្ឌិត
2014-08-22
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

តំណាង​អ្នក​ភូមិ​នៅ​ខេត្ត​ព្រះសីហនុ ៦២០
តំណាង​អ្នក​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដែល​មាន​ជម្លោះ​ដីធ្លី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៤។ RFA/Sek Bandith

អ្នក​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ប្រមាណ ៩២​គ្រួសារ ដែល​មាន​ជម្លោះ​ដីធ្លី គ្រោង​លើក​គ្នា​ជួប​អភិបាល​ខេត្ត​ថ្មី ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​ផ្តល់​យុត្តិធម៌​ជូន​ពួក​គាត់។

តំណាង​អ្នក​ភូមិ​អះអាង​ថា ការ​ស្វែងរក​អន្តរាគមន៍​ជា​ថ្មី​ទៀត​ពី​ចៅហ្វាយ​ខេត្ត​នេះ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្រែក​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដោះស្រាយ​ជម្លោះ​ដីធ្លី​ឲ្យ​ចប់​នៅ​ថ្នាក់​មូលដ្ឋាន ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​ពិបាក​ឡើង​មក​ភ្នំពេញ។

ទន្ទឹម​នឹង​ការ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​នេះ តំណាង​ប្រជាពលរដ្ឋ​ក៏​បាន​ពឹង​មេធាវី​តាម​ផ្លូវ​ច្បាប់ ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ខេត្ត បដិសេធ​ប័ណ្ណ​កាន់​កាប់​ដីធ្លី​របស់​ឧកញ៉ា ៣​រូប ដែល​បាន​ទិញ​ដី​មាន​ជម្លោះ​ពី​ភាគី​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​ជាច្រើន​តំណ​មក​នោះ។

មេធាវី​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ប្រចាំ​ភូមិ​ភាគ​និរតី គឺ​អ្នកស្រី ទ្រី ឈូន ដែល​ទទួល​ការពារ​ក្តី​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នោះ​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ សីហា ថា តុលាការ​បាន​ទទួល​យក​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ហើយ​កាល​ពី​សប្ដាហ៍​មុន​នេះ ហើយ​អ្នកស្រី​សង្ឃឹម​ថា តុលាការ​នឹង​ចាត់​វិធានការ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៖ «ហើយ​ប័ណ្ណ​ហ្នឹង​ទាំងអស់ ២៤​ប័ណ្ណ មក​ដល់​ពេល​នេះ តុលាការ​ទើប​ទទួល​ពាក្យ​បណ្ដឹង​ផ្លូវ​ការ​ទេ ដោយសារ​កន្លង​មក​ហ្នឹង​គាត់​អត់​ទាន់​មាន​មេធាវី​គាត់​រៀបចំ​ឯកសារ​ដាក់​ទៅ​តុលាការ ហើយ​វា​ខុស​នឹង​ទម្រង់​មួយ​ចំនួន​ដែល​តុលាការ​គាត់​អត់​ទាន់​ទទួល ហើយ​បន្ទាប់​ពី​មាន​មេធាវី ខ្ញុំ​បាន​ជជែក​ជាមួយ​ពួក​គាត់​ទៅ សំណុំ​រឿង​ត្រូវ​បាន​បំបែក​ជា​ពីរ ដោយសារ​តែ​ឧកញ៉ា​បី​នាក់​នោះ​គាត់​មាន​ផល​ប្រយោជន៍​ផ្សេង​គ្នា អ៊ីចឹង​ឥឡូវ​នេះ បណ្ដឹង​ផ្លូវ​ការ​ត្រូវ​បាន​តុលាការ​ទទួល​ហើយ នីតិវិធី​នឹង​ដើរ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ»

ដី​ទំនាស់​នោះ​មាន​ទំហំ​ជាង ១០០​ហិកតារ ស្ថិត​នៅ​ប្រមាណ ៧០០​ម៉ែត្រ​ពី​មាត់​សមុទ្រ​តំបន់​អូរត្រេះ ជា​ប្រភេទ​ដី​លំនៅឋាន និង​ចម្ការ។

ពលរដ្ឋ​អះអាង​ថា ដី​នោះ​ពួក​គាត់​បាន​តាំង​ទីលំនៅ​ប្រកប​របរ​អាជីវកម្ម​តាំង​ពី​អំឡុង​ឆ្នាំ​១៩៩៣ និង​៩៤ មក ដោយ​មាន​អាជ្ញាធរ​ដឹង​ឮ និង​មាន​ប័ណ្ណ​កាន់​កាប់​ដីធ្លី​រៀងៗ​ខ្លួន។

នៅ​ក្នុង​របាយការណ៍​របស់​ប្រជាពលរដ្ឋ​បញ្ជាក់​ដែរ​ថា រហូត​មក​ដល់​ឆ្នាំ​២០០៦ មាន​ឈ្មោះ ស សឹង្ហ ជា​មេបញ្ជាការ​រង​យោធា​ខេត្ត​ព្រះសីហនុ បាន​មក​រំលោភ​យក​ដោយ​ប្រើ​កង​កម្លាំង​ចម្រុះ មាន​ទាំង​កម្លាំង​អាជ្ញាធរ​ខណ្ឌ​ស្ទឹងហាវ ផង បញ្ជា​ឲ្យ​ឈូស​ឆាយ​ផល​ដំណាំ ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ។

តំណាង​ប្រជាពលរដ្ឋ ៩២​គ្រួសារ ដែល​មាន​ជម្លោះ​ដីធ្លី លោកស្រី មាន នី មាន​ប្រសាសន៍​ថា ក្រោយ​ពី​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ដោយ​អយុត្តិធម៌​នោះ ឈ្មោះ ស សឹង្ហ បាន​យក​ដី​នោះ​ទៅ​លក់​ឲ្យ​បុគ្គល​អ្នក​មាន​លុយ​បន្តបន្ទាប់​គ្នា​ជាច្រើន​តំណ​ទៀត ដូចជា​លក់​ទៅ​ឲ្យ​ឈ្មោះ លាង ឃុន និង​លាង ម៉េង មួយ​ផ្នែក និង​មួយ​ផ្នែក​ទៀត​លក់​ទៅ​ស្ត្រី​អ្នក​មាន​ម្នាក់​ឈ្មោះ ហេង សុខា ដែល​គេ​ស្គាល់​ថា ភរិយា​របស់​ឧកញ៉ា អ៊ឹង ប៊ុនហូវ។

លោកស្រី​បញ្ជាក់​ទៀត​ថា ការ​បណ្ដេញ​អ្នក​ភូមិ​ចេញ​ពី​លំនៅឋាន ហើយ​អ្នក​មាន​អំណាច​ឃុបឃិត​គ្នា​រំលោភ​យក​ដី​ពលរដ្ឋ​លក់​ចែក​យក​លុយ​ចែក​គ្នា​ចាយ​នោះ ដូចជា​ពុំ​មាន​ហេតុផល​អ្វី​ផ្សេង​នោះ​ទេ៖ «ធម្មតា​ទេ​កាល​នោះ ដី​ឡើង​ថ្លៃ ពួក​វា​ដើរ​តែ​យក​របស់​ប្រជាពលរដ្ឋ​អ៊ីចឹង ហើយ​របស់​ខ្ញុំ​មាន​បង្កាន់​ដៃ មាន​ភូមិ​សង្កាត់​ទទួល​ស្គាល់​ត្រឹមត្រូវ តែ​គេ​នៅ​តែ​យក​អ៊ីចឹង ហើយ​ពួក​ខ្ញុំ​រស់នៅ​ដោយ​សុខ​សប្បាយ​ណាស់ បង្កបង្កើនផល​បាន​ហូប​អស់​ហើយ​ដូចជា ស្វាយ ខ្នុរ ល្ហុង ចេក ដំឡូង ខ្ញុំ​មាន​របស់​ខ្ញុំ ប៉ុន្តែ​កន្លង​មក​មាន លោក ស សឹង្ហ ហ្នឹង ហើយ លោក ម៉ី គាំង អភិបាល​ខណ្ឌ ហើយ ប្រាក់ ស៊ីហារា អភិបាល​ខេត្ត​រង គាត់​នាំ​កម្លាំង​ប៉េអិម ទាហាន ប៉ូលិស មក​រាប់​រយ​នាក់​មក​ឈូស​របស់​ខ្ញុំ ឈូស​ផ្ទះ ដុត​ផ្ទះ ឈូស​ដំណាំ​ខ្ញុំ​ចោល មូលហេតុ​របស់​ខ្ញុំ​បាន​ថ្លៃ​បាន​គាត់​យក​លក់​បន្ត​នោះ»

ស្ត្រី​តំណាង​អ្នក​ភូមិ​រូប​នេះ​បាន​រំឭក​ពី​ព្រឹត្តិការណ៍​បណ្ដេញ​អ្នក​ភូមិ​ដោយ​ហិង្សា​ចំនួន ៣​លើក​ផ្ទួនៗ​គ្នា​ពី​សំណាក់​អាជ្ញាធរ​អតីត​ខណ្ឌ​ស្ទឹងហាវ ដោយ​ប្រើ​កម្លាំង​ប៉ូលិស ទាហាន កង​រាជ​អាវុធហត្ថ វាយ​បណ្ដេញ​កាល​ពី​ជិត ១០​ឆ្នាំ​មុន​នោះ ទាំង​អួល​ដើម​ក សម្រក់​ទឹក​ភ្នែក​ដោយ​ក្តី​ឈឺ​ចាប់​នឹង​អំពើ​អយុត្តិធម៌​នោះ៖ «កាល​ឈូស​លើក​ទី​មួយ​នោះ​អស់ ៦២​ខ្នង ហើយ​ដុត​ឈូស​ផ្ទះ​អី​អ៊ីចឹង​ទៅ ដល់​អ៊ីចឹង ពួក​ខ្ញុំ​ក៏​បបួល​គ្នា​ទៅ​វិញ​ម្តង​ទៀត គេ​ឈូស​ហើយ​អ៊ីចឹង​ទៅ​ធ្វើ​តង់​ធ្វើ​អី ធ្វើ​កូន​ខ្ទម​អី​នៅ​ឡើង​វិញ ហើយ​គេ​មក​ឈូស​ម្តង​ទៀត គេ​ឈូស​ម៉ា​លើក​ទៀត​ហ្នឹង មាន​អ្នក​ខ្លះ​វេទនា ក៏​កើត​កូន​ក្រោម​ដើម​ចេក ក្រោម​អី​ហ្នឹង​ទៅ ដូចជា​ចៅ​ខ្ញុំ​ដែល​វា​រស់នៅ​ហ្នឹង តាំង​ពី​យូរ​ហើយ​ហ្នឹង វា​កើត​កូន​ក្រោម​ដើម​ឈើ​ហ្នឹង គេ​គ្មាន​ក្តី​អាណិត​មេត្តា​ទេ គេ​យក​តាំង​ពី​អង្ករ​ចាន​ឆ្នាំង​យើង​ទៅ​ដាក់​នៅ​ខណ្ឌ​ចោល គេ​មិន​ឲ្យ​យើង​ស៊ី​ទេ​របស់​យើង​សោះ​ហ្នឹង​ណា»

ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្មាន​ទី​ជម្រក គ្មាន​មុខ​របរ បាន​ព្យាយាម​ដើរ​តវ៉ា​រក​យុត្តិធម៌​ពី​អាជ្ញាធរ​ខេត្ត រហូត​មក​ដល់​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី រដ្ឋសភា ទីស្ដីការ​គណៈរដ្ឋមន្ត្រី តែ​ទី​បំផុត​មាន​តែ​ចំណារ​ត្រឡប់​ទៅ​អាជ្ញាធរ​ខេត្ត​វិញ​ឲ្យ​ដោះស្រាយ ប៉ុន្តែ​ពុំ​មាន​ការ​អនុវត្ត​តាម​ចំណារ​ណា​មួយ​ឲ្យ​ចេញ​ជា​ផ្លែ​ផ្កា​សម្រាប់​ពលរដ្ឋ​អ្នក​រងគ្រោះ​នោះ​ឡើយ។

អភិបាល​ខេត្ត​ព្រះសីហនុ ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី គឺ​លោក ឈិត សុខុន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ សីហា ថា លោក​មិន​បាន​ដឹង​តំបន់​ដែល​មាន​ដី​ទំនាស់​ដែល​ពលរដ្ឋ​លើក​ឡើង​នោះ មាន​ទីតាំង​នៅ​ត្រង់​ណា មាន​សាវតារ​ជម្លោះ​យ៉ាង​ម៉េច​នោះ​ទេ៖ «ដូចជា​រឿង​ព្យាបាល​ជំងឺ​អ៊ីចឹង គឺ​ទាល់​តែ​ដឹង​ថា ជម្លោះ​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច ហី​រឿង​នោះ​យើង​ម៉េច​ដឹង មិន​ដឹង​ឆ្លើយ​យ៉ាង​ម៉េច​ទេ ហើយ​បើ​គាត់​ដាក់​ញត្តិ​មក គឺ​យើង​ពិនិត្យ​តាម​ហ្នឹង​ទៅ ហើយ​បើ​រឿង​ខ្លះ​គេ​ដោះស្រាយ​រួច​ទៅ​ហើយ ហើយ​គាត់​ទៅ​បង្កើត​ឡើង​វិញ អា​ហ្នឹង​ក៏​យើង​មិន​ដឹង​ដោះ​យ៉ាង​ម៉េច​ដែរ»

ទោះ​យ៉ាង​ណា​ក្តី ស្ត្រី​តំណាង​អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ តែ រ៉ាវី នៅ​តែ​ទទូច​សុំ​ឲ្យ​អភិបាល​ខេត្ត​ថ្មី លោក ឈិត សុខុន ចុះ​ទៅ​ពិនិត្យ​សិក្សា​ដោយ​ផ្ទាល់​នៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ នោះ ដើម្បី​ជួយ​អន្តរាគមន៍​ដោះស្រាយ​ផ្តល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​រង​ទុក្ខ​ដោយ​គ្មាន​ផ្ទះ​សម្បែង​រស់នៅ អត់​មុខ​របរ​ក្រោយ​ការ​បណ្ដេញ​ចេញ​នោះ បាន​ទៅ​រស់នៅ និង​ប្រកប​របរ​នៅ​កន្លែង​ដើម​វិញ៖ «ហើយ​សូម​ឲ្យ​គាត់​មើល​ការ​ខុស​ត្រូវ​ដល់​ប្រជាពលរដ្ឋ​ដែល​គ្មាន​ផ្ទះ​សម្បែង។ ឥឡូវ​កំពុង​បោះ​តង់​រស់នៅ​មាត់​សមុទ្រ។ សូម​ឲ្យ​គាត់​ជួយ​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ទាំង ៩២​គ្រួសារ​ហ្នឹង​ឲ្យ​បាន​ដី និង​រស់នៅ​ឡើង​វិញ​ផង»

ស្រប​ពេល​គ្នា​នេះ​ដែរ តំណាង​អ្នក​ភូមិ​ក៏​មាន​គម្រោង​នាំ​គ្នា​យក​ញត្តិ ពាក្យ​បណ្ដឹង និង​ឯកសារ​ភស្តុតាង​ផ្សេងៗ​ទៀត ទៅ​ប្រគល់​ជូន​អភិបាល​ខេត្ត​ថ្មី​ត្រួត​ពិនិត្យ​ឡើង​វិញ ព្រម​ទាំង​សុំ​ឲ្យ​មាន​វិធានការ​ដោះស្រាយ​ដោយ​យុត្តិធម៌ ទៅ​តាម​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ដែល​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​ទំនាស់​ដីធ្លី​នៅ​ថ្នាក់​មូលដ្ឋាន​រៀងៗ​ខ្លួន​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles