​ជប៉ុន សន្យា​ជាថ្មី​ផ្តល់​ជំនួយ​បច្ចេកទេស​និង​អ្នកជំនាញ​កិច្ចការ​បោះឆ្នោត​មក​កម្ពុ​ជា​​

ដោយ៖​ តាំង វីដា​
ថ្ងៃសុក្រ ទី22 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ថ្នាក់ដឹកនាំ​គណបក្សសង្គ្រោះជាតិ​ថត​រូប​អនុស្សាវរីយ​ជាមួយ​ប្រតិភូជប៉ុន បន្ទាប់​ពីកិច្ច​ពិភាក្សា (រូបភាព៖ ឡុង គីមម៉ារីតា)

​មន្ត្រី​គណៈប្រតិភូ​ជប៉ុន នៅ​ថ្ងៃ​សុក្រ​នេះ សន្យា​ជាថ្មី​នឹង​ផ្តល់​ជំនួយ​បច្ចេកទេស និង​អ្នកជំនាញ​ខាង​កិច្ចការ​បោះឆ្នោត​មក​កាន់​ម្ពុ​ជា ហើយ​ប្រទេស​នេះ នឹង​បន្ត​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​។​

​ការសន្យា​នេះ ធ្វើឡើង​ក្នុង​ជំនួប​រវាង​គណៈប្រតិភូ​ជប៉ុន​ដឹកនាំ​ដោយ​លោក Azuma KOSHIISHI អនុប្រធាន​ព្រឹទ្ធសភា ជាមួយ​នឹង​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក សម រង្ស៊ី  និង​លោក កឹម សុខា​។​​

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​ជំនួប​ពិភាក្សា​អស់​រយៈពេល​១​ម៉ោង​កន្លះ នៅ​មន្ទីរ​រដ្ឋសភាជាតិ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ឲ្យដឹងថា ប្រទេស​ជប៉ុន នឹង​ជួយ​កម្ពុជា​យ៉ាង​ពេញទំហឹង ក្នុង​កិច្ច​ការងារ​កំណែទម្រង់​ការបោះឆ្នោត ស្របតាម​សំណើ​របស់​គណបក្ស​ទាំងពីរ ដែល​មាន​អាសនៈ​ក្នុង​សភា ដោយសារ​ជប៉ុន​មាន​មធ្យោបាយ​ច្រើន ក្នុង​កិច្ចការ​នេះ ទាំង​ផ្នែក​បច្ចេកទេស មន្ត្រី​ជំនាញ និង​ហិរញ្ញវត្ថុ ដើម្បី​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។យ៉ាងណាក៏ដោយ លោក​ថា កិច្ច​ពិភាក្សនេះ មិនទាន់​បាន​កំណត់​កាលបរិច្ឆេទ​នៃ​ការស្នើ​ជំនួយ​នេះ​ឡើយ​ទេ​។​

​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជា​តិលោក កឹម សុខា ឲ្យដឹង​ដែរថា ក្នុង​ជំនួប​នេះ ភាគី​ជប៉ុន ក៏​បាន​សួរនាំ​ពី​សន្ទុះ​នៃ​យុវជន​ខ្មែរ​ក្នុង​សកម្មភាព​នយោបាយ​ក្នុង​រយៈពេល​ថ្មីៗ​នេះ គួបផ្សំ​នឹង​ការផ្លាស់ប្តូរ​ថ្មី ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សភា​បញ្ចប់​វិបត្តិ​នយោបាយ និង​ឈាន​ទៅរក​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ​។ លោក​បន្តថា ជំនួប​នេះ គឺ​បាន​លើកឡើង​ពី​ការផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋសភា និង​ព្រឹទ្ធសភា ហើយ​ជប៉ុន ក៏​បាន​ផ្លាស់ប្តូរ​នូវ​បទពិសោធន៍​ពាក់ព័ន្ធ​នឹង​ការដោះស្រាយ​បញ្ហា​អំពើពុករលួយ និង​តម្រូវការ​របស់​យុវជន​ផងដែរ​។​

​លោក កឹម សុខា បញ្ជាក់ថា ការស្នើ​ជំនួយ​លើ​កិច្ច​ការងារ​បោះឆ្នោត​ពី​ប្រទេស​ជប៉ុន​នេះ នឹង​ធ្វើឡើង បន្ទាប់​ពី​ក្រុមការងារ​គណបក្ស​ទាំងពីរ​បាន​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​រួចរាល់ ហើយ​ច្បាប់​ស្តីពី​ការបោះឆ្នោត ត្រូវបាន​បង្កើតឡើង​ជា​ស្ថាពរ​។​

​កាលពី​ខែ​ឧសភា​កន្លង​ទៅ ប្រទេស​ជប៉ុន បាន​បញ្ជូន​អ្នកជំនាញ​ខាង​កិច្ចការ​បោះឆ្នោត មក​កាន់​កម្ពុជា​ផងដែរ ដើម្បី​ជួយ​រៀបចំ​កែទម្រង់​ការបោះឆ្នោត​នៅ​កម្ពុជា ហើយ​ប្រតិភូ​ជប៉ុន ពេលនោះ ក៏​បាន​ជួប​ក្រុម​មន្ត្រីជាន់ខ្ពស់​ខាង​កិច្ចការ​បោះឆ្នោត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​មក​ដល់ពេលនេះ មិនទាន់​មាន​លទ្ធផល​អ្វី​ពី​ការប្ដេជ្ញា​ចូលរួម​របស់​អ្នកជំនាញ​ជប៉ុន​នៅ​ឡើយ​ទេ​ ៕

សូមសរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com

What Next?

Recent Articles