ដោយ៖ បូ សាវី
ថ្ងៃសុក្រ ទី22 សីហា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
ប្រជាពលរដ្ឋអ្នកមានជម្លោះដីធ្លី នៅស្រុកបន្ទាយស្រី លើកបដានៅមុខសាលាដំបូងខេត្តសៀមរាប ដើម្បីទាមទារដីមកវិញ (រូបថត៖ បូ សាវី)
ពលរដ្ឋប្រមាណ២៥០នាក់ មកពីស្រុកបន្ទាយស្រី បានតវ៉ានៅមុខសាលាដំបូងខេត្ដសៀមរាប នៅថ្ងៃសុក្រនេះ ទទូចឲ្យតុលាការ ទម្លាក់ចោលបទចោទលើតំណាង៧នាក់ និងប្រគល់ដីធ្លីដែលមានជម្លោះជាមួយអាជ្ញាធរជាតិអប្សរានោះ មកពលរដ្ឋវិញ។
ប្រជាពលរដ្ឋរាប់រយនាក់ បានអង្គុយក្រោមកម្ដៅថ្ងៃ នៅខាងមុខតុលាការ ឲ្យដឹងស្រដៀងគ្នាថា ការប្ដឹងតំណាងពួកគាត់៧នាក់ ជារឿងអយុត្ដិធម៌។ ពួកគេអំពាវនាវឲ្យតុលាការ និងអាជ្ញាធរពាក់ព័ន្ធ ឈប់ចោទប្រកាន់ និងប្រគល់ដីធ្លីនៅតំបន់នោះជូនពួកគេធ្វើស្រែចម្ការវិញ។
អ្នកភូមិដែលតុលាការហៅសាកសួរ លោក ហួន ហុំ ឲ្យVODដឹងបន្ទាប់ពីចេញពីតុលាការថា ដីស្រែអ្នកភូមិជាង១០០ហិកតា ដែលជាដីកេរដូនតា ត្រូវបានអាជ្ញាធរជាតិអប្សរាដកហូត ដោយសន្យាដោះដូរដីថ្មីឲ្យពលរដ្ឋចំនួន១៣គ្រួសារ ក្នុងចំណោមពលរដ្ឋ៣៨គ្រួសារ នៅកន្លែងផ្សេង ប៉ុន្ដែបែរជាប្ដឹងពួកគេឡើងតុលាការ ជាបន្ដបន្ទាប់ដោយចោទ ធ្វើឲ្យខូចខាតទ្រព្យសម្បត្ដិសាធារណៈទៅវិញ។ ជនជាប់ចោទពិការជើងឆ្វេងរូបនេះបន្ដទាំងអួលដើមកថា ពួកគេចូលបំភ្លឺនៅតុលាការចំនួន៤លើកហើយ ប៉ុន្ដែតុលាការមិនមានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់ពួកគេនោះទេ។
VOD មិនអាចទាក់ទង ចៅក្រមស៊ើបសួរ និងជាប្រធានសាលាដំបូងខេត្ដសៀមរាប លោក ងួន តារា ដើម្បីបំភ្លឺករណីនេះបានទេ នៅរសៀលថ្ងៃសុក្រនេះ ដោយលោកលើកទូរស័ព្ទហើយបិទទៅវិញ បន្ទាប់ពីប្រាប់ស្ថាប័ន។
ប៉ុន្ដែជនជាប់ចោទទាំង៧នាក់ ឲ្យដឹងថា តុលាការបានបង្វែរសុំរឿងនេះទៅជារឿងរដ្ឋប្បវេណីវិញ ដោយទុកពេលឲ្យពលរដ្ឋពីរខែ ដាក់ពាក្យប្ដឹងទៅអាជ្ញាធរស្រុក-ខេត្ដ ដើម្បីរកដំណោះស្រាយ។
យ៉ាងណាក៏ដោយ អ្នកឃ្លាំមើលសិទ្ធិមនុស្ស នៃអង្គការលីកាដូ ខេត្ដសៀមរាប លោក ចៅល័ក្ខ វណ្ណា ស្វាគមន៍នឹងចំណាត់ការរបស់តុលាការ ដែលបានបង្វែរសំណុំរឿងព្រហ្មទណ្ឌ ទៅរឿងរដ្ឋប្បវេណី និងទុកពេលឲ្យភាគីទាំងពីរស្វែងរកភ័ស្តុតាងត្រឹមត្រូវ ខណៈជម្លោះដីធ្លីនៅសៀមរាប កំពុងតែពុះកញ្ជ្រោលជាងឆ្នាំមុន។
លោកចៅ ល័ក្ខវណ្ណា ឲ្យដឹងថា តាមការស៊ើបអង្កេតកន្លងមក គឺដីធ្លីជាង១០០ហិកតា នៅតំបន់នោះ ជាដីកម្មសិទ្ធិពលរដ្ឋទាំង៣៨គ្រួសារ ដែលពួកគេកាន់កាប់ពិតប្រាកដ។ លោកបញ្ជាក់ថា ជម្លោះដី ធ្លីនៅខេត្ដសៀមរាប រយៈពេល៦ខែឆ្នាំ២០១៤នេះ មាន៧ករណី៕

ទិដ្ឋភាពនៅមុខសាលាដំបូងខេត្តសៀមរាប
សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com