ដោយ៖ តាំង វីដា
ថ្ងៃសុក្រ ទី22 សីហា 2014
http://vodhotnews.com
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅរសៀលថ្ងៃសុក្រនេះ បង្ហើបឲ្យដឹងថា កាកសំណល់នយោបាយ មុនកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរបស់គណបក្សទាំងពីរ នឹងត្រូវបានដោះស្រាយបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ។
ក្រោយជំនួបប្រជុំមួយ នៅវិមានរដ្ឋសភានាថ្ងៃទី២២ ខែសីហានេះ ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានជុំវិញការកោះហៅមន្ត្រីគណបក្សសង្គ្រោះជាតិ ជាបន្តបន្ទាប់ឲ្យចូលបំភ្លឺក្នុងតុលាការ ពាក់ព័ន្ធនឹងហិង្សាដែលកើតមានក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា នេះមិនមានជារឿងដែលត្រូវព្រួយបារម្ភឡើយ ដោយលោកចាត់ទុកថា ជាកាកសំណល់នៃការជាប់គាំងនយោបាយតែប៉ុណ្ណោះ «វិបត្តិនយោបាយចប់ហើយ ដូច្នេះមិនត្រូវមានសល់កាកសំណល់អីទេ ត្រូវតែកំចាត់ចោលទាំងអស់ កុំឲ្យមានការចាប់ឃុំឃាំង កុំឲ្យមាននីតិវិធីតុលាការ កុំឲ្យមានការគាបសង្កត់អីទៀត ខ្ញុំជឿថា បរិយាកាសនយោបាយ គឺកាន់តែល្អទៅល្អទៅ ហើយអ្វីដែលសេសសល់ពីវបត្តិនយោបាយកន្លងមក យើងនឹងសម្អាតឲ្យអស់» ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃសុក្រនេះ សាលាឧទ្ធរណ៍ បានសម្រេចដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិទាំង៣រូប ដែលជាប់ចោទពាក់ព័ន្ធនឹងហិង្សាក្បែរទីលានប្រជាធិបតេយ្យ ថ្ងៃទី១៥ ខែកក្កដានេះ ឲ្យនៅក្រៅឃុំដោយស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។
កាលពីថ្ងៃពុធដើមសប្តាហ៍នេះ ក្រុមអង្គការសង្គមស៊ីវិល បានធ្វើការវិភាគផ្លូវច្បាប់ឃើញថា ការចោទប្រកាន់របស់តុលាការកន្លងមក ទៅលើអ្នកតំណាងរាស្ត្រ និងយុវជនគណបក្សសង្គ្រោះជាតិ ទាំង៨នាក់ ក្នុងហេតុការណ៍ប៉ះទង្គិចក្បែរទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា គឺមិនមានធាតុផ្សំគ្រប់គ្រាន់ ហើយជាចេតនាកេងចំណេញនយោបាយរបស់គណបក្សកាន់អំណាច។
បើទោះបីជម្លោះនយោបាយត្រូវបានបញ្ចប់ក្រោយកិច្ចព្រមព្រៀងកំពូល កាលថ្ងៃទី២២ ខែកក្កដា ហើយអ្នកតំណាងរាស្ត្រទាំង៧រូប និងយុវជនម្នាក់ត្រូវបានដោះលែងក្តី តុលាការនៅតែរក្សាការចោទប្រកាន់ទៅលើអ្នកទាំង៨នោះ ព្រមទាំងបានចាប់ខ្លួនយុវជនគណបក្សសង្គ្រោះជាតិ ចំនួន៣រូបបន្ថែម កាលពីថ្ងៃទី២ខែសីហា គឺមុនពេលតំណាងរាស្ត្រគណបក្សប្រឆាំងចូលសភា។ ក្រោយមក តុលាការ ក៏បានបន្តកោះហៅមន្ត្រី និងសកម្មជនគណបក្សនេះ ៥រូបផ្សេងទៀត ឲ្យចូលបំភ្លឺនៅនៅពេលខាងមុខនេះ ពាក់ព័ន្ធនឹងហិង្សានៅក្បែរទីលានប្រជាធិបតេយ្យនោះ៕
សូមសរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com
