​សង្គម​ស៊ីវិល​មានមតិ​ខុសគ្នា​លើ​ការកំណត់​អាណត្តិ​នៃ​ការដឹកនាំ​របស់​ខ្លួន​​

ដោយ៖​ តាំង វីដា
ថ្ងៃសុក្រ ទី22 សីហា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​សង្គម​ស៊ីវិល​មួយចំនួន គាំទ្រ​ចំពោះ​ទស្សនៈ​ដែលថា ថ្នាក់ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល គួរ​កំណត់​អាណត្តិ​ខ្លួនឯង ស្រប​ពេល​គ្នា​នឹង​ការទាមទារ​ឲ្យមាន​ការកំណត់​អាណត្តិនាយ​ករដ្ឋមន្ត្រី ប៉ុន្តែ​ករណី​នេះ អ្នកវិភាគ​យល់ថា នេះ​មិនមែន​ជា​រឿង​ចាំបាច់​ឡើយ​។​

ការលើកឡើង​នេះ ជា​ការឆ្លើយតប​មួយ ជុំវិញ​មតិ​របស់​មជ្ឈដ្ឋាន​សាធារណៈ មកកាន់​សង្គម​ស៊ីវិល បន្ទាប់ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន បាន​ឯកភាព​ដាក់​សំណើ​ទៅ​រដ្ឋសភា​ជាតិ ឲ្យធ្វើ​វិសោធនកម្ម​ច្បាប់រ​ដ្ឋ​ធម្មនុញ្ញ ជុំវិញ​ពី​ការកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​។​

នាយក​ប្រតិបត្តិ​អង្គការ​និ​កហ្វិច លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា តាម​ការអនុវត្ត​ជាក់ស្តែង អាណត្តិ​របស់​ថ្នាក់ដឹកនាំ​សង្គម​ស៊ីវិល គឺ​ត្រូវ​បាន​កំណត់​រួច​ជា​ស្រេច​ហើយ តាមរយៈ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាភិបាល​នៃ​ស្ថាប័ន​នីមួយៗ​។ ប៉ុន្តែ លោក​គាំទ្រ​ការកំណត់​អាណត្តិ​ខ្លួនឯង​របស់​ថ្នាក់ដឹកនាំ​សង្គម​ស៊ីវិល អាច​នឹង​នាំមក​នូវ​ការផ្លាស់ប្តូរ​ថ្មី សម្រាប់​ការអភិវឌ្ឍន៍​អង្គការ​នោះ​ផងដែរ​ «ខ្ញុំគិតថា តាមការបោះឆ្នោត ពីក្រុមប្រឹក្សាភិបាលជារឿងមួយ មួយទៀតការកំណត់អាណត្តិក៏ជារឿងល្អដែរ ពីព្រោះការផ្លាស់ប្តូរ ឧទាហរណ៍ថា មនុស្សម្នាក់ធ្វើការលើសពី១០ឆ្នាំ ក៏អាចធន់ទ្រាន់នឹងការងារហ្នឹងដែរ ហើយក៏អាចធ្វើឲ្យការងារហ្នឹងនៅដដែលៗ»។

​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ក៏​បាន​បង្ហាញ​ការ​យល់​ឃើញ​តាមរយៈ​ហ្វេ​សប៊ុក​របស់​លោកថា ជាគោលការណ៍ អង្គការ​សង្គម​ស៊ីវិល គួរតែ​បង្កើត​នូវ​គំរូ​នៃ​ការកំណត់​អាណត្តិ​ថ្នាក់​ដឹកនាំ​នេះ ដើម្បី​រួមគ្នា​លុបបំបាត់​នូវ​វប្បធម៌​ក្រាញ​អំណាច ហើយ​ផ្តល់​ឱកាស​ដល់​អ្នកជំនាន់ក្រោយ​បន្ត​វេន និង​បញ្ចេញ​សមត្ថភាព​។

សម្រាប់​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ដែល​បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​នៃ​ស្ថាប័ន​នេះ​កាលពី​ខែ​មីនា​កន្លង​ទៅ យល់ថា មិន​គួរ​មាន​ច្បាប់​ណាមួយ ដើម្បី​ដាក់​លក្ខខណ្ឌ​ជុំវិញ​ការកំណត់​អាណត្តិ​របស់​ថ្នាក់ដឹកនាំ​សង្គម​ស៊ីវិល​នោះទេ ប៉ុន្តែ​សង្គម​ស៊ីវិល​ផ្ទាល់ គួរ​មាន​បទបញ្ជា​ផ្ទៃ ក្នុង​ការកំណត់​អាណត្តិ​របស់​ខ្លួន ដើម្បី​បង្ហាញ​ឆន្ទៈ​នៃ​កំណែ​ទម្រង់​របស់​ស្ថាប័ន​ «គួរមានច្បាប់រដ្ឋ ច្បាប់ជាតិផងដែរ ប៉ុន្តែខ្លួនគាត់គួរកំណត់អាណត្តិទៅ វាជួយ អត់មានប៉ះពាល់ទេ។ ប្រសិនជាស្ថាប័នសង្គមស៊ីវិលគាត់ធ្វើល្អ គឺជួយដល់សង្គមហើយ។ អ៊ីចឹងខ្លួនគាត់ត្រូវតែពង្រឹងខ្លួនគាត់ដែរ មិនមែនយើងចេះតែរិះគន់គេ ហើយយើងអត់ពង្រឹងខ្លួនគាត់ អត់ខ្លួនឯង។ យើងនៅក្រាញ យើងនៅធ្វើអីស្រេចចិត្ត យើងនៅអត់ព្រមធ្វើការស្រាវជ្រាវអី នោះអត់បានទេ យើងមានកាតព្វកិច្ច តួនាទីដែរ។ ខ្ញុំគាំទ្រឲ្យសង្គមស៊ីវិលគាត់កំណត់អាណត្តិដោយខ្លួនគាត់»។

​ដោយឡែក អ្នកវិភាគ​នយោបាយ លោក សុខ ទូច យល់ថា អង្គការ​សង្គម​ស៊ីវិល គឺ​កើត​ចេញពី​គំនិត​ផ្តួចផ្តើម​របស់​មនុស្ស​មួយក្រុម​តែប៉ុណ្ណោះ ហើយ​ការ​កំណត់​អាណត្តិ​នេះ មិនមែន​ជា​រឿង​ចាំបាច់​នោះទេ ព្រោះ​តួនាទី​របស់​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​ទាំងនោះ គឺ​អាស្រ័យ​លើ​ការតែងតាំង​ដោយ​ម្ចាស់​ជំនួយ និង​ក្រុមប្រឹក្សាភិបាល​។ លោក​បន្តថា ការកំណត់​អាណត្តិ​របស់​សង្គម​ស៊ីវិល និង​អាណត្តិ​របស់​នាយក​រដ្ឋមន្ត្រី គឺជា​រឿង​ពីរ​ដាច់​ដោយឡែក​ពីគ្នា​ «តាមពិតអ្នកខ្លះ និយាយអត់គិតអំពីអង្គហេតុ អត់គិតពីប្រព័ន្ធគ្រប់គ្រងរដ្ឋ។ ដល់ពេលកម្ពុជា វាកើតចេញមកពីអំណាចប្រជាជន មិនមែនអំណាចកើតចេញពីមួយក្រុមទេ។ សង្គមស៊ីវិល មិនមែនកើតចេញពីអំណាចប្រជាជនឯណា កើតពីការផ្តួចផ្តើមមនុស្សមួយក្រុម បុគ្គលម្នាក់»។

​គួរបញ្ជាក់​ថា បច្ចុប្បន្ននេះ អង្គការ​សង្គម​ស៊ីវិល ដែល​បាន​កំពុង​បំពេញ​ការងារ​នៅ​កម្ពុជា មាន​ប្រមាណ​ជាង ៣០០០​អង្គការ ហើយ​ក្នុងនោះ មាន​អង្គការ​មួយចំនួន ដែល​ធ្វើការ​ទាក់ទង​នឹង​សកម្មភាព​នយោបាយ និង​រិះគន់​សកម្មភាព​របស់​រដ្ឋាភិបាល។ ជា​ឧទាហរណ៍ អំឡុង​ពេល​ក្រោយ​ការបោះឆ្នោត​នីតិកាល​ទី​៥ អង្គការ​សង្គម​ស៊ីវិល ជាង៤០​បាន​ចងក្រង​ជា​បណ្តុំ នៃ​បន្ទប់​ស្ថានការណ៍ និង​បាន​ឃ្លាំ​មើល​រាល់​ទំនាស់​នយោបាយ ដែល​កើតមាន​ចំពោះ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​។​

សូមសរសេរមកលោក តាំង វីដា តាមរយៈ ​vida@vodhotnews.com

What Next?

Recent Articles