​សង្គម​ស៊ីវិល​សាទរ​ដែល​នាយករដ្ឋមន្ត្រី​ ដំឡើង​ប្រាក់ខែ​គ្រូបង្រៀន តែ​ថា​នៅ​មិនទាន់គ្រប់គ្រាន់​ធ្វើឲ្យ​ជីវភាព​គ្រូ​ល្អប្រសើរ​ទេ​​

ដោយ៖​ ឡុង គីមម៉ារីតា​
ថ្ងៃសុក្រ ទី22 សីហា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​សង្គម​ស៊ីវិល​ធ្វើការ​ទាក់ទង​នឹង​វិស័យ​អប់រំ​នៅ​កម្ពុជា សាទរ​ចំពោះ​ចំណាត់ការ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការដំឡើងប្រាក់បៀវត្សរ៍​ជូន​គ្រូបង្រៀន តែ​ថា​ចំណាត់ការ​នេះ​នៅ​មិនទាន់​គ្រប់គ្រាន់ ធ្វើឲ្យ​ជីវភាព​គ្រូបង្រៀន​ល្អប្រសើរ​នៅឡើយ​ទេ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​ថ្លែងថា ចាប់ពី​ខែ​កញ្ញា​ទៅ​ ប្រាក់បៀវត្សរ៍​មូលដ្ឋាន ប្រាក់​បំណាច់​មុខងារ និង​ប្រាក់​
​គរុកោសល្យ​របស់​គ្រូបង្រៀន​ប្រមាណ​១១​ម៉ឺន​នាក់​ទូទាំង​ប្រទេស នឹង​ត្រូវ​ដំឡើង​ក្នុង​ឆ្នាំនេះ និង​ដំឡើង​ពីរ​ដង​ទៀត​នៅ​ឆ្នាំក្រោយ។ ក្រៅ​ពី​គ្រូបង្រៀន គឺ​មាន​បុគ្គលិក​ពេទ្យ​ជាង​៣​ម៉ឺន​នាក់​ទៀត ដែល​នឹង​ត្រូវ​បាន​ដំឡើង​ផងដែរ។

​លោកនាយក​រដ្ឋមន្ត្រី ​បាន​អំពាវនាវ​ដល់​មន្ត្រីរាជកា​រ​ទាំងអស់ ដូច​ជា​ប៉ូលិស និង​ទាហាន​ជាដើម ឲ្យមាន​ការ​អធ្យាស្រ័យ ដែល​រដ្ឋាភិបាល​មិន​ទាន់​បាន​ដំឡើង​ប្រាប់​បៀ​វត្យរ៍​ជូន ព្រោះ​រដ្ឋាភិបាល​ចាត់ទុក​វិស័យ​ទាំង​ពីរ​នេះ​ជា​អាទិភាព «​ព្រោះ​ក្រសួង​ពីរ​នេះ គឺ​ក្រសួង​ដែល​ផ្តល់​អាទិភាព សម្រាប់​ការបង្កើន​បៀ​វត្យរ៍ ហើយ​ក្នុង​ឪ​កាស​នេះ ខ្ញុំ​ក៏​សុំទោស​ទុកជាមុន ទៅលើ​បញ្ហា​មន្ត្រី​ដែល​មាន​បៀ​វត្យរ៍​ខ្ពស់​ហើយ នៅក្នុង​ក្របខណ្ឌ​គ្រូ ឬ​ពេទ្យ​កុំអាល​ឡើង​អី ឡើង​អ្នកទាប​មុន​។ ហើយ​ក៏​សុំ​អាធ្យាស្រា​យ​ពី​សំណាក់​មន្ត្រីរាជការ​នៅ​ក្រសួង​នានា និង​កងកំលាំងប្រដាប់អាវុធ​ដែល ថា​មិច​មិន​ឡើង​ទូទៅ​? យើង​កំពុង​កសាង​ង​នូវ​ប្រព័ន្ធ​បៀ​វត្យរ៍​មួយ ឥឡូវ​នឹង​យើង​អត់​ទាន់​មាន​ប្រពន្ធ​បៀ​វត្យរ៍​មួយ​ពិតប្រាកដ​នៅឡើយ​ទេ នៅ​ដោយឡែក​ដោយ​ដុំ​ទេ​»​។​

​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិ​វឌ្ឈន៍​ជាតិ (KIND) លោក សេង ឫទ្ធី មាន ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា លោក​សាទរ​ចំពោះ​ចំណាត់ការ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការដំឡើងប្រាក់បៀវត្សរ៍​ជូន​គ្រូបង្រៀន តែ​រដ្ឋាភិបាល​គួរតែមាន​ឆន្ទៈ ក្នុងការ​ពង្រឹងគុណភាព​អប់រំ​។ លោក​បន្តថា បើ​រដ្ឋាភិបាល​ដំឡើង​តែ​ប្រាក់ខែ​គ្រូបង្រៀន ហើយ​មិន​យកចិត្តទុកដាក់​អំពី​គុណភាព​អប់រំ នោះ​វិស័យ​អប់រំ​គឺ​នៅតែ​មិន​ល្អ «​យើង​ឃើញថា ការដំឡើង​ប្រាក់ខែ អា​នឹង​ជា​រឿង​មួយ ប៉ុន្តែ​យើង​ឃើញ​ថា​ឲ្យមាន​ការគ្រប់គ្រង​។ បាទ​ពង្រឹង​ការគ្រប់គ្រង វា​ជា​រឿង​សំខាន់ ចាំបាច់​មួយ​ទៀត​បាទ គឺ​តំឡើង​តែ​ប្រាក់ខែ​ហើយ អត់​បាន​ពង្រឹង​ការគ្រប់គ្រង គុណភាព​ក៏​មិនទាន់​ត្រូវបាន​ពង្រឹង​ដែរ ពី​ព្រោះ​កាលណា ការ​គ្រប់ គ្រង​នៅ​ខ្សោយ ការគ្រប់គ្រង​នៅ​តែ​ដដែល​។ ទោះបីជា​ប្រាក់ខែ​ឡើង​ដល់​ប៉ុន្មាន​លាន ក៏​នៅ​តែ​ប៉ុណ្ណោះ បើសិនជា​គ្មាន​ការ​រឹតបណ្តឹង​អំពី​ការគ្រប់គ្រង​ឲ្យបាន​ល្អ​ប្រសើរ​»​។​

​លោក សេង ឫទ្ធី បន្ថែមថា រដ្ឋាភិបាល​គួរតែ​ដំឡើង​ប្រាក់​បៀ​វត្យរ៍​ជូន​មន្ត្រីរាជកា​រ ជាពិសេស គ្រូបង្រៀន​ឲ្យបាន​ដល់​១​លាន​រៀល ដើម្បី​អាច​បំពេញ​តម្រូវការ​ទៅ​តាម​តម្លៃ​ទីផ្សារ​និង​មានជីវភាព​ល្អ​ប្រសើ​រ។​

​តំណាង​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​អាស៊ី​បូ​ព៌ា និង​ប៉ាស៊ីហ្វិក លោក សន ជ័យ  មានប្រសាសន៍ថា ទន្ទឹម​នឹង​ការដំឡើង​ប្រាក់​បៀ​វត្យរ៍​ជូន​គ្រូបង្រៀន រដ្ឋាភិបាល​គួរតែ​លុបបំបាត់ អំពើពុករលួយ ជាពិសេស​គួរ​យកចិត្តទុកដាក់​ចំពោះ​តម្លៃ​ទំនិញ​នៅលើ​ទីផ្សារ ដែល​មាន​ការឡើងថ្លៃ​ហួស​កម្រិត​។ លោក​បន្ថែមថា បើ​ប្រាក់ខែ​គ្រូបង្រៀន​ឡើង ទំនិញ ឬ​តម្លៃ​សេវា​ផ្សេងៗ នៅលើ​ទីផ្សារ​ឡើង ពួកគាត់​នៅតែ​មាន​ជីវភាព​យ៉ាប់យឺន​ដដែល «​បើ​រដ្ឋាភិបាល​គិតគូរ​វែងឆ្ងាយ ស៊ី​ជំរៅ​នឹង ទាល់តែ​រក​យន្តការ​មួយ ដើម្បី​បន្ថែម ថា​ឥឡូវ​ប្រាក់ ខែ​ប៉ុណ្ណឹង ថា​តើ​រដ្ឋ​ត្រូវមាន​តួនាទី​អី បង្ការ​នូវ​តម្លៃ​ទំនិញ ឬ​តម្លៃ​សេវា​នៅតាម​ស្ថាប័ន​រដ្ឋ ហើយ​នឹង​វិស័យ​ឯកជន​នឹង កុំឲ្យ​ប្រាក់​ខែតំ​ឡើត​ឲ្យ​មន្ត្រី​នឹង វា​ក្លាយជា​ប្រាក់ខែ​ជួប អតិ​ផល​រណា​ទៅវិញ​»​។​

​បើតាម​លោកនាយក​រដ្ឋមន្ត្រី​ឲ្យដឹងថា កម្រិត​មន្ត្រី​អប់រំ​តាម​ការិយាល័យ​ដែល​ទាប​បំផុត​ ទទួលបាន​ជាង​៤២​ម៉ឺន​រៀល នឹង​អាច​ឡើង​ទៅ​ដល់​៥០​ម៉ឺន​រៀល​ក្នុង​ខែ​កញ្ញា ហើយ​នឹង​អាច​ឡើង ទៅដល់​៥៥ម៉ឺន​រៀល​នៅ​ដើមឆ្នាំ​២០១៥​។​

​ចំពោះ​គ្រូបង្រៀន​បឋមសិក្សា​វិញ ពីមុន​ទទួលបាន​ប្រាក់ខែ​ជាង​៤៨​ម៉ឺន​រៀល អាច​នឹង​ឡើងដល់​៥៥ម៉ឺន​រៀល​ចាប់ពី​ខែ​កញ្ញា​ទៅ ហើយ​អាច​ទទួល​បាន​បន្ថែម​ទៀត​ដល់​៦៤​ម៉ឺន​រៀល នៅ​ដើមឆ្នាំ​២០១៥​។ ឯ​គ្រូបង្រៀន​កម្រិត​មធ្យ​ម​សិក្សា​បឋមភូមិ​ នឹង​អាច​ទទួល​បាន​ដល់​ទៅ​៦៦​ម៉ឺន​រៀល និង​គ្រូ​បង្រៀន​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​អាច​ឡើងដល់​៧៨ ម៉ឺន​រៀល ហើយ​ថ្នាក់ឧត្តមសិក្សា​វិញ ​ទទួលបានដ​ល់​ទៅ​៨៨ម៉ឺន​រៀល​ត្រឹម​ខែមេសា ឆ្នាំ​២០១៥​នេះ​៕

សូម​សរសេរ​មកកាន់​កញ្ញា ឡុង គីម​ម៉ា​រីតា តាមរយៈ longkimmarita@gmail.com

What Next?

Recent Articles