ដោយ៖ ឡាយ សាមាន
ថ្ងៃសុក្រ ទី22 សីហា 2014
http://vodhotnews.com
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) សម្តែងការគាំទ្រចំពោះការប្តេជ្ញារបស់នាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងការស្វែងរកដំណោះស្រាយក្នុងទំនាស់ដីធ្លីនៅកម្ពុជា។
ការគាំទ្រនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្តេជ្ញាក្នុងការស្វែងរកដំណោះស្រាយទំនាស់ដីធ្លីនៅកម្ពុជា ដែលធ្វើឡើងកាលពីថ្ងៃទី១៨ សីហា ក្នុងសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨។
លិខិតចំហរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២១ ខែសីហា បានលើកឡើងថា ទំនាស់ដីធ្លីបានញាំញីកម្ពុជាអស់រយៈពេលច្រើនឆ្នាំមកហើយ ដែលធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ប្រជាពលរដ្ឋដែលរងគ្រោះ។ លិខិតបញ្ជាក់ថា មានតែដំណោះស្រាយជាក់លាក់តែម្យ៉ាងប៉ុណ្ណោះ ដែលអាចដោះស្រាយនូវបុព្វហេតុចម្បងនៃទំនាស់ដីធ្លីបាន ដែលបញ្ហាទាំងនេះ ត្រូវតែធ្វើការដោះស្រាយឲ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន។
ពាក់ព័ន្ធនឹងរឿងនេះដែរ ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និងអនុប្រធានលោក កឹម សុខា បានសរសេរលិខិតដាច់ដោយឡែកពីគ្នា ដោយបានសម្តែងការគាំទ្រចំពោះប្រសាសន៍នាយករដ្ឋមន្ត្រី ក្នុងការប្តេជ្ញាដោះស្រាយវិវាទដីធ្លីនេះ។ ប៉ុន្តែលោក កឹម សុខា បានស្នើឲ្យដោះលែងពលរដ្ឋដែលជាប់ពន្ធនាគារដោយជម្លោះដីធ្លីនេះ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) ក៏បានស្វាគមន៍ចំពោះប្រសាសន៍នាយករដ្ឋមន្ត្រី ដែលលើកឡើងថា ដីដែលបានផ្តល់ជាសម្បទានហើយពុំមានការអភិវឌ្ឍន៍នោះ នឹងត្រូវប្រគល់ជូនត្រឡប់ទៅប្រជាពលរដ្ឋវិញ តាមរយៈសម្បទានសង្គមកិច្ច ជាពិសេសត្រូវផ្អាកជាបណ្តោះអាសន្នចំពោះការបណ្តេញប្រជាពលរដ្ឋចេញពីដីធ្លី។
តាមរយៈលិខិតនេះ CCHR ក៏បានដាស់តឿនថា ដើម្បីលើកម្ពស់តម្លាភាព រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធគួរផ្តល់ព័ត៌មានជាសាធារណៈទាំងអស់ ស្តីពីសម្បទានដី ការធ្វើចំណាត់ថ្នាក់ទៅលើដីធ្លី និងតំបន់អភិរក្ស ព្រមទាំងព័ត៌មាននានាឲ្យបានទូលំទូលាយ៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com