ដោយ៖ បូ សាវី
ថ្ងៃសៅរ៍ ទី23 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
តុលាការខេត្តសៀមរាប (រូបថត៖ បូ សាវី)
តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ ខេត្ដសៀមរាប ចោទប្រកាន់តុលាការខេត្ដនេះថា ប្រព្រឹតអំពើពុករលួយ និងមិនផ្ដល់យុត្ដិធម៌ដល់អ្នកមានជម្លោះដីធ្លី ដែលធ្វើឲ្យជម្លោះកាន់តែអូសបន្លាយ។
លោកស្រី កែ សុវណ្ណរតន៍ថ្លែងបែបនេះ នៅពេលចុះសួរសុខទុក្ខពលរដ្ឋប្រមាណ២៥០នាក់ ដែលប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខរបងតុលាការខេត្ដសៀមរាប ដើម្បីទាមទារស្ថាប័ននេះទម្លាក់បទចោទលើតំណាងពួកគេ៧នាក់ នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ដែលតុលាការកោះហៅឲ្យចូលខ្លួននៅថ្ងៃទី២២ខែសីហា ករណីជម្លោះដីធ្លីជាមួយអាជ្ញាធរជាតិអប្សរា។
លោកស្រីកែ សុវណ្ណរតន៍ មានប្រសាសន៍ថា តុលាការ បានយកតួនាទីរបស់ខ្លួន រំលោភលើសិទ្ធិសេរីភាពប្រជាពលរដ្ឋ បម្រើឲ្យអ្នកមានអំណាច និងអ្នកមានលុយ។ លោកស្រីបន្ដថា ដីធ្លីជាទុនចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់កសិករ បើជម្លោះដីធ្លីអូសបន្លាយរាប់សិបឆ្នាំ នឹងធ្វើឲ្យពួកគាត់ជួបការលំបាកក្នុងជីវភាព។ លោកស្រី អំពាវនាវឲ្យស្ថាប័នតុលាការប្រើប្រាស់អំណាចខ្លួន បម្រើប្រជាពលរដ្ឋប្រកបដោយយុត្ដិធម៌ ដើម្បីកុំឲ្យពលរដ្ឋបាត់បង់ដីធ្លី និងក្លាយជាជនចំណាកស្រុកនៅក្រៅប្រទេស។

ពលរដ្ឋប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខរបងតុលាការខេត្ដសៀមរាប (រូបថត៖ បូ សាវី)
ករណីនេះ ព្រះរាជអាជ្ញារ អមសាលាដំបូង ខេត្ដសៀមរាប ដែលទើបប្ដូរមកពីខេត្ដព្រះវែង លោក កើត វណ្ណារ៉េត មិនមានប្រតិកម្មនោះទេ។ លោកថា ស្ថាប័ននេះកំពុងបំពេញតួនាទីរបស់ខ្លួនដោយត្រឹមត្រូវដល់ពលរដ្ឋ។
អ្នកឃ្លាំមើលសិទ្ធិមនុស្ស នៃអង្គការលីកាដូ ខេត្ដសៀមរាប លោក ចៅ ល័ក្ខវណ្ណា មានប្រសាសន៍ថា ការចោទប្រកាន់លើប្រព័ន្ធតុលាការ ករណីពុករលួយ ជាសិទ្ធិសេរីភាពបញ្ចេញមតិរបស់តំណាងរាស្ដ្រក្នុងពេលជួបពលរដ្ឋ។ លោកបន្ដថា នីតិវិធីរបស់តុលាការ ត្រូវការស្វែងរកភ័ស្តុតាងច្រើន ដើម្បីដាក់បន្ទុកទៅលើភាគីម្ខាងៗ ដើម្បីឲ្យមានយុត្ដិធម៌៕
សូមសរសេរមកកាន់លោក បូ សាវី តាមរយៈ savy@vodhotnews.com