ដោយ វិទ្យុអាស៊ីសេរី
2014-08-23
RFA<

ប្រជាពលរដ្ឋមានជម្លោះដីធ្លីមកពីស្រុកពញាឮ ខេត្តកណ្ដាល តវ៉ានៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤។ RFA/Uon Chhin
ប្រជាពលរដ្ឋប្រមាណជិត ១០០នាក់ មកពីភូមិមួយចំនួនក្នុងឃុំចំនួន២ នៃស្រុកពញាឮ ខេត្តកណ្ដាល នាំគ្នាទៅតវ៉ានៅជិតផ្ទះលោកនាយករដ្ឋមន្ត្រីក្បែរវិមានឯករាជ្យ នៅព្រឹកថ្ងៃទី២៣ ខែសីហា។
ពួកគេស្នើលោកនាយករដ្ឋមន្ត្រី អោយជួយអន្តរាគមន៍ដោះស្រាយជម្លោះដីធ្លីរវាងប្រជាពលរដ្ឋជាមួយក្រុមឈ្មួញទិញលក់ដី ដែលអ្នកភូមិអះអាងថា បានរំលោភយកដីពួកគាត់។
ក្រុមអ្នកតវ៉ាបាននាំគ្នាទៅដល់ជិតរបងផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលឋិតក្បែរវិមានឯករាជ្យ ប៉ុន្តែត្រូវកងកម្លាំងអាជ្ញាធររារាំង នឹងរុញច្រានអោយចេញទៅតវ៉ានៅក្រោមដើមពោធិ៍មួយខាងមុខវត្តបទុមវតី ដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះលោកនាយករដ្ឋមន្ត្រីដែរនោះ។
ពលរដ្ឋបានលើកបដាជាច្រើនដែលនិយាយពីការចង់បានរបស់ពួកគេ បង្ហាញទៅមន្ត្រីពាក់ព័ន្ធសាធារណជន និងអ្នកសារព័ត៌មានផង ដើម្បីអោយយកចិត្តទុកដាក់ជួយដោះស្រាយ។ យ៉ាងណា អ្នកដែលពួកគេចង់ទាញការយកចិត្តទុកដាក់បំផុតនោះ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការទាមទាររបស់ពលរដ្ឋនោះរួមមាន ទាមទារអោយក្រុមហ៊ុនរបស់ អ្នកស្រី លឹម គា និងឈ្មោះ ឡាយ ហៀង ប្រគល់ដីទំហំជាង ១០០ហិកតារ អោយទៅពលរដ្ឋវិញ បញ្ឈប់ការគំរាមកំហែង និងទម្លាក់ចោលរាល់ការប្ដឹងចោទប្រកាន់ពលរដ្ឋទៅតុលាការ។
ស្ត្រីវ័យចំណាស់វ័យជាង ៧០ឆ្នាំ ឈ្មោះ ហំ កង មានប្រសាសន៍ថា ដីនោះ គឺជាដីរបស់ប្រជាពលរដ្ឋកាន់កាប់ និងអាស្រ័យផលជាច្រើនឆ្នាំមកហើយ គឺពួកគាត់ពុំបានទៅលួចដីរបស់អ្នកណាឡើយ។ លោកស្រីអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ ដ្បិតពួកគាត់មានជីវភាពក្រីក្រ ហើយត្រូវឈ្មួញអ្នកមានលុយរំលោភបំពាន៖ «សំឡេង»។
ប្រជាពលរដ្ឋចំនួន ៤នាក់ ដោយរួមទាំង លោកស្រី ហំ កង ផង ត្រូវអ្នកស្រី លឹម គា និង ឡាយ ហៀង ប្ដឹងទៅតុលាការខេត្តកណ្ដាល ដែលតម្រូវអោយចូលទៅបំភ្លឺនៅថ្ងៃទី២៥ ខែសីហា ពីបទរំលោភយកដី។ ប្រជាពលរដ្ឋមានជម្លោះដីធ្លី ដែលអូសបន្លាយតាំងពីឆ្នាំ២០០៦ នេះ មានចំនួនសរុប ១៣៤គ្រួសារ មកពី ៥ភូមិក្នុងឃុំចំនួន២ គឺឃុំឈ្វាំង និងឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល។ ពួកគាត់អះអាងថា កាលពីឆ្នាំ២០០៨ គឺ២ឆ្នាំក្រោយដីនោះចាប់មានជម្លោះ លោក ហ៊ុន សែន បានចេញសេចក្ដីសម្រេចធ្វើសម្បទានឲ្យប្រជាពលរដ្ឋថែមទៀត។
ប្រធានគណៈកម្មាធិការដោះស្រាយទំនាស់ដីធ្លីរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ប៉ាល់ ច័ន្ទតារា បានចេញមុខទៅទទួលញត្តិរបស់ពលរដ្ឋ។ លោកមានប្រសាសន៍ថា លោកនឹងដោះស្រាយបញ្ហានេះ៖ «សំឡេង»។
អ្នកភូមិរំឭកថា ដីមានទំនាស់នោះមានទំហំ ១៥៥ហិកតារ ជាប្រភេទដីស្រែចម្ការ និងដីស្រែប្រាំង ដែលពួកគាត់ភាគច្រើនបានកាន់កាប់បង្កបង្កើនផលតាំងពីឆ្នាំ១៩៨២ មក។ តែនៅឆ្នាំ១៩៩៧ មានក្រុមអាជ្ញាធរ បានដើរឲ្យប្រាក់កក់តាមគ្រួសារ ខ្លះលក់ ហើយគ្រួសារខ្លះអត់លក់។ លុះរហូតដល់ដល់ឆ្នាំ២០០៦ មានក្រុមហ៊ុនយកគ្រឿងចក្រទៅឈូសឆាយ ទើបពលរដ្ឋមានការតវ៉ាជាបន្តបន្ទាប់មក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក សុរិយា ស៊ូប៊ែឌី បញ្ចេញរបាយការណ៍ទី៦ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
- ពលរដ្ឋរស់នៅតាមមាត់ទន្លេទាមទារឲ្យអាជ្ញាធរចុះត្រួតពិនិត្យអាជីវកម្មបូមខ្សាច់
- កម្មកររោងចក្រស៊ីងហ្វាងធ្វើកូដកម្មមិនចូលធ្វើការឈានដល់ថ្ងៃទី៥ហើយ
- អ្នកមានជម្លោះដីនៅព្រះសីហនុគ្រោងលើកគ្នាទៅជួបអភិបាលខេត្តថ្មីឲ្យជួយដោះស្រាយ
- អភិបាលរងក្រុងទទួលញត្តិអ្នកមានជម្លោះដីធ្លីនិងអ្នកបឹងកក់៣នាក់ត្រូវបានដោះលែង
- សាលាឧទ្ធរណ៍ដោះលែងយុវជនបក្សប្រឆាំង៣នាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន
- GW៖ ក្រុមហ៊ុនវៀតណាមរ៉ាប់ប៊ឺគ្រូបនៅកម្ពុជាប្រកាសជំហរកែទម្រង់ពាណិជ្ជកម្ម
- លោក កឹម សុខា ផ្ញើលិខិតទៅលោក ហ៊ុន សែន សុំដោះលែងអ្នកជាប់ឃុំដោយជម្លោះដីធ្លី
- តំណាងរាស្ត្របក្សប្រឆាំងថ្កោលទោសការប្រើហិង្សាលើអ្នកភូមិឡពាង