ដោយ យាង សុជាមេត្តា
2014-08-23
RFA
អាជ្ញាធរខេត្តតាកែវ កាលពីថ្ងៃទី២២ ខែសីហា បានប្រកាសបញ្ចប់កិច្ចសន្យាស្ដីពីការបន្តជួលដី និងទីតាំង ដើម្បីអភិវឌ្ឍរមណីយដ្ឋានទន្លេបាទី ជាមួយក្រុមហ៊ុន បាទី ធួរីសឹម ឌីវីឡុបម៉ិនថ៍ (Bati Tourism Development) ដើម្បីប្រគល់ទីតាំងនោះត្រឡប់ឲ្យប្រជាពលរដ្ឋសហគមន៍ជាអ្នកលក់ដូរនៅទីនោះ កាន់កាប់ដោយផ្ទាល់វិញ។ អាជ្ញាធរចោទប្រកាន់ថា ក្រុមហ៊ុនមិនបានអនុវត្តតាមកិច្ចសន្យាជួលនោះឲ្យបានត្រឹមត្រូវ។
កិច្ចសន្យាជួលដី និងទីតាំងដើម្បីអភិវឌ្ឍរមណីយដ្ឋានទន្លេបាទី ដែលបានចុះរវាងអាជ្ញាធរស្រុកទន្លេបាទី និងប្រធានក្រុមហ៊ុន បាទី ធួរីសឹម ឌីវីឡុបម៉ិនថ៍ របស់ អ្នកស្រី សុខ សារឿន តាំងពីខែឧសភា ឆ្នាំ២០០៤ ត្រូវបានប្រកាសបញ្ចប់កិច្ចសន្យាហើយ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤។
បើតាមសេចក្តីជូនដំណឹងដែលអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី បានចែកចាយដល់អ្នកសារព័ត៌មាន នៅថ្ងៃទី២២ សីហា ឲ្យដឹងថា មូលហេតុដែលធ្វើឲ្យមានការបញ្ចប់កិច្ចសន្យារវាងអាជ្ញាធរខេត្តតាកែវ និងក្រុមហ៊ុន បាទី ធួរីសឹម ឌីវីឡុបម៉ិនថ៍ ដោយសារតែខាងភាគីក្រុមហ៊ុនមិនបានអនុវត្តតាមកិច្ចសន្យាជួល និងបានរំលោភទៅលើប្រជាពលរដ្ឋដែលជាអាជីវករ និងមិនបានធ្វើការអភិវឌ្ឍដូចការសន្យា ក្នុងពេលដែលក្រុមហ៊ុនគ្រប់គ្រងតំបន់នោះកន្លងមកនោះទេ។
សេចក្តីជូនដំណឹងដដែលឲ្យដឹងថា ក្រោយពីបញ្ចប់កិច្ចសន្យា ទីតាំងរមណីយដ្ឋានទន្លេបាទី នឹងត្រូវផ្ទេរមកឲ្យស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋបាលស្រុកបាទី សហការជាមួយមន្ទីរអង្គភាពដែលពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបាទី និងប្រជាពលរដ្ឋសហគមន៍នៅទីនោះ ដើម្បីបន្តគ្រប់គ្រងដោយផ្ទាល់ រហូតដល់មានការរៀបចំជាថ្មី។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺបន្ថែមពីអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ដែលបានចុះដោយផ្ទាល់ ប្រកាសដីកាបញ្ចប់កិច្ចសន្យាជួលដីបាននៅឡើយទេ នៅថ្ងៃទី២២ សីហា ដោយលោកមានប្រសាសន៍ថាជាប់រវល់។ ប៉ុន្តែ លោក ឡាយ វណ្ណៈ បានថ្លែងតាមរយៈសេចក្តីជូនដំណឹងរបស់អង្គភាព និងប្រតិកម្មរហ័សថា បន្ទាប់ពីបញ្ចប់កិច្ចសន្យានេះហើយ នៅពេលខាងមុខនឹងមានការរៀបចំសាងសង់តូបលក់ដូរថ្មីឲ្យមានសណ្ដាប់ធ្នាប់ ការស្ដារកាកសំណល់ដែលមាននៅទឹកទន្លេបាទី មានដូចជាសំរាម សារាយ ស្លែ និងកាកសំណល់ផ្សេងៗ ក្នុងនោះក៏មានគម្រោងអភិវឌ្ឍផ្លូវចូលទៅកាន់រមណីយដ្ឋាន និងការបង្កើតឲ្យមានកន្លែងផ្សេងទៀតក្នុងតំបន់ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តកាន់តែច្រើន។
ទាក់ទងនឹងការបញ្ចប់កិច្ចសន្យាជួលទីតាំងនេះ ប្រធានក្រុមហ៊ុន បាទី ធួរីសឹម ឌីវីឡុបម៉ិនថ៍ អ្នកស្រី សុខ សារឿន មានប្រសាសន៍ថា អ្នកស្រីពិតជាបានឮពីការបញ្ចប់កិច្ចសន្យា ប៉ុន្តែអ្នកស្រីថា អ្នកស្រីមិនទាន់បានទទួលដីកា ឬលិខិតផ្លូវការពីអាជ្ញាធរនៅឡើយ។ អ្នកស្រី សុខ សារឿន ដែលអះអាងថា កំពុងរវល់រៀបចំបុណ្យសពរបស់ប្ដីនោះ ថ្លែងបន្តថា អ្នកស្រីសោកស្ដាយដែលអាជ្ញាធរសម្រេចបញ្ចប់វានៅពេលនេះ។ អ្នកស្រីក៏បានច្រានចោលចំពោះការចោទប្រកាន់របស់អាជ្ញាធរ ដែលថា ក្រុមហ៊ុនបានរំលោភលើកិច្ចសន្យា និងមិនបានអភិវឌ្ឍទីតាំងដូចការសន្យានាពេលកន្លងមក។
អ្នកស្រី សុខ សារឿន៖ «អ្វីដែលលោកចោទប្រកាន់នេះ គឺជារឿងម្ខាង ប៉ុន្តែសម្រាប់ការងារដែលខ្ញុំបានធ្វើ ខ្ញុំគឺជាភាគីម្ខាងដែលធ្វើការវិនិយោគ បើសិនជាខ្ញុំមិនគោរពតាមកិច្ចសន្យា ប្រហែលមិនមែនធ្វើមកដល់ថ្ងៃនេះ ២០១៤ នោះទេ បើសិនបើថាក្រុមហ៊ុនមិនបានធ្វើ អ្វីៗកើតឡើងសុទ្ធតែការជប់និម្មិត មិនមែនជារឿងអភិវឌ្ឍន៍ទេ អ៊ីចឹងតំបន់នោះដែលកើតឡើងមាននៅកន្លែងនោះ អ្វីៗទាំងអស់ដែលខុសប្លែកពីប្រភពដើម គឺជាការជប់និម្មិតចេញមកទេ មិនមែនជារឿងការកសាង និងការស្ថាបនាទេ»។
អ្នកស្រី សុខ សារឿន បន្តថា កិច្ចសន្យាដែលអាជ្ញាធរជួលឲ្យក្រុមហ៊ុនអ្នកស្រីនោះ មានរយៈពេល ២០ឆ្នាំពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១៧ ប៉ុន្តែបើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ កិច្ចសន្យានេះត្រូវបានចុះនៅឆ្នាំ២០០៤ ទៅវិញ។
ជុំវិញបញ្ហានេះដែរ អ្នកសម្របសម្រួលសមាគមអាដហុក (adhoc) ប្រចាំខេត្តតាកែវ លោក អ៊ុន ថានន្ត មានប្រសាសន៍ថា លោកបានឮពីព័ត៌មាននេះ តែលោកមិនដឹងឲ្យបានលម្អិតនោះឡើយ។ ប៉ុន្តែលោកថា ពីមុនមក ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ធ្លាប់បានរអ៊ូរទាំពីក្រុមហ៊ុនខ្លះដែរ។ ទោះជាយ៉ាងណា លោកថា អាជ្ញាធរ និងក្រុមហ៊ុន គួរជួបគ្នានិយាយឲ្យបានច្បាស់លាស់អំពីបញ្ហាបញ្ចប់កិច្ចសន្យានេះ ជៀសវាងមានការចោទប្រកាន់គ្នាដែលអាចធ្វើឲ្យពលរដ្ឋមានមន្ទិល។
លោក អ៊ុន ថានន្ត៖ «ភាគីក្រុមហ៊ុន ភាគីអាជ្ញាធរ និងភាគីប្រជាពលរដ្ឋដែលជាអ្នកជួលតូបលក់ និយាយចំឲ្យគាត់ជជែកគ្នា ជួបគ្នា កុំនិយាយម្ខាងៗអ៊ីចឹង យកឯកសារដាក់និយាយជជែកគ្នា តើក្រុមហ៊ុនហ្នឹង ថាគាត់ធ្វើខុសអី គាត់អាចកែប្រែបានទេ ឬខុសធ្ងន់ពេក រហូតដល់បញ្ឈប់គាត់»។
រមណីយដ្ឋានទេសចរណ៍ទន្លេបាទី ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ មានចម្ងាយប្រមាណជាង ៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ វាជាកន្លែងទេសចរណ៍ប្រវត្តិសាស្ត្រ និងធម្មជាតិមួយ ដែលពលរដ្ឋនៅភ្នំពេញ តែងទៅលេងនៅចុងសប្ដាហ៍។ នៅទីនោះ ក្រៅតែពីមានទន្លេមួយដែលភ្ញៀវទេសចរអាចអង្គុយលំហែកាយនៅតាមផ្ទះទឹក ដែលគេសង់តាមបណ្តោយមាត់ទឹកនោះ ភ្ញៀវទេសចរក៏អាចដើរកម្សាន្ត និងទស្សនាប្រាសាទបុរាណឈ្មោះ ប្រាសាទតាព្រហ្ម ដែលត្រូវបានកសាងឡើងតាំងពីសតវត្សរ៍ទី១២ ផងដែរ។ ចំណែកថ្លៃសេវាទស្សនាវិញ ភ្ញៀវបរទេសត្រូវបង់ម្នាក់ ៣ដុល្លារ ម៉ូតូមួយគ្រឿង ២ពាន់រៀល និងថ្លៃរថយន្តចាប់ពី ៤ពាន់រៀល ដល់ ១ម៉ឺនរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយនឹងត្រូវបើកដំណើរការនៅកម្ពុជាក្នុងខែធ្នូ
- នូវែលហ្សេឡង់ចុះកិច្ចព្រមព្រៀងបើកសេវាអាកាសចរណ៍ជាមួយកម្ពុជា
- “មគ្គុទ្ទេសក៍ទេសចរណ៍ជនជាតិវៀតណាមមិនមានអាជ្ញាប័ណ្ណកើនឡើងនៅកម្ពុជា”
- សកលវិទ្យាល័យបញ្ញាសាស្ត្រតាំងពិព័រណ៍ទេសចរណ៍បៃតង
- ក្រុមហ៊ុនលោក សុខ គង់ ត្រូវបានអនុញ្ញាតឲ្យសង់សណ្ឋាគារលើដីអាជ្ញាធរអប្សរា
- ភ្ញៀវទេសចរជាតិទៅកម្សាន្តប្រាសាទបុរាណកើនឡើងនៅខេត្តព្រះវិហារ
- ភ្ញៀវទេសចរប្រមាណ៣០ម៉ឺននាក់ទៅកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំនៅខេត្តសៀមរាប
- ភ្ញៀវទេសចរកើនឡើងនៅខេត្តកំពង់ឆ្នាំងនិងពោធិ៍សាត់ក្នុងពិធីបុណ្យចូលឆ្នាំថ្មី
- ភ្ញៀវទៅកម្សាន្តនៅខេត្តព្រះសីហនុធ្លាក់ចុះ