ដោយ៖ ជន ស្រីណុច
ថ្ងៃសៅរ៍ ទី23 សីហា 2014
http://vodhotnews.com
គ្រូបង្រៀន ២០ នាក់នៅសាលាបឋមសិក្សា ចាំយាម ស្រុកមណ្ឌលសីមា ខេត្ត កោះកុង ឲ្យដឹងថា នាយកសាលារបស់ខ្លួន បានកាត់ប្រាក់ពីគ្រូបង្រៀនម្នាក់ ៥000 រៀល ពីប្រាក់តំបន់ និង ប្រាក់ប្រជុំថ្ងៃព្រហស្បតិ៍។
គ្រូបង្រៀនម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ឲ្យVOD ដឹងនៅរសៀលថ្ងៃសៅរ៍ទី២៣នេះថា នាយកសាលារបស់គាត់ បានកាត់ប្រាក់លោកគ្រូអ្នកគ្រូម្នាក់៥០០០រៀល ដើម្បីចំណាយថ្លៃធ្វើដំណើរទៅបើកប្រាក់ទាំងនោះនៅខេត្តកោះកុង។ អ្នកគ្រូបន្តថា ប្រសិនបើនាយកសាលាកាត់យកប្រាក់ពីពួកគាត់បែបនេះ គឺអស់ហើយ ព្រោះប្រាក់ខែគ្រូបង្រៀនទទួលបានតិចតួចបំផុត ខណៈទំនិញគ្រប់យ៉ាងមានតម្លៃថ្លៃ មិនតែប៉ុណ្ណោះ ការកាត់នោះ មិនបានកើតឡើងដោយការស្ម័គ្រចិត្តរបស់លោកគ្រូអ្នកគ្រូឡើយ។
អ្នកគ្រូរូបនេះបន្តថា លោកគ្រូអ្នកគ្រូមិនពេញចិត្តនឹងការកាត់ប្រាក់នេះទេ ហើយបាននាំគ្នាធ្វើការតវ៉ា ប៉ុន្តែបន្ទាប់ពីមានការប្រជុំបន្ទាន់នៅព្រឹកថ្ងៃសៅរ៍នេះ គ្រូៗភាគច្រើនបានយល់ព្រមឲ្យនាយកសាលាកាត់ប្រាក់នោះ ដោយសារមានការភ័យខ្លាចការគាបសង្កត់។
VOD មិនអាចទាក់ទងនាយកសាលាបឋមសិក្សា ចាំយាមដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបាននៅឡើយទេ នៅរសៀលថ្ងៃសៅរ៍នេះ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា ការដែលនាយកសាលាហ៊ានកាត់លុយគ្រូដោយមិនបានសួរយោបល់មុនបែបនេះ គឺំមិនត្រឹមត្រូវទេ ព្រោះរាល់ថវិកា ចំណូលចំណាយ ត្រូវមានការពិគ្រោះយោបល់គ្នា។ លោកថា ការកាត់យកលុយពីគ្រូ ដោយសារពួកគាត់ភ័យខ្លាច ក៏មិនត្រឹមត្រូវដែរ៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com