​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ពញាឮ​ខេត្ត​កណ្តាល​សុំ​អន្តរាគមន៍​ពី​លោក ​ហ៊ុន​ សែន​​

ដោយ៖​ ជន​ ស្រីណុច​
ថ្ងៃសៅរ៍ ទី23 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

តំណាងប្រជាពលរដ្ឋលើកបដា ដើម្បីសុំ​អន្តរាគមន៍ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន (រូបថត៖ ជន ស្រីណុច)

​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ចំនួន​២​ឃុំ មកពី​ស្រុក​ពញាឮ ខេត្ត​កណ្តាល ឡើង​មក​សុំ​អន្តរាគមន៍ ដល់​មុខផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ករណី​ជម្លោះដីធ្លី​អូសបន្លាយ​ជិត​១០​ឆ្នាំ ជាមួយ​ក្រុមហ៊ុន​មួយ​។​

​ប្រជាពលរដ្ឋ​ប្រមាណ​៧០​នាក់ តំណាងឲ្យ​ប្រជាពលរដ្ឋ​១៣៤​គ្រួសារ មក​ពី​ប្រាំ​ភូមិ ក្នុង​ឃុំ​ចំនួន​ពីរ នៃ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បាន​ឡើងដល់​គេហដ្ឋាន​លោក​ហ៊ុន សែន ដើម្បី​រក​អន្តរាគមន៍ ករណី​ក្រុមហ៊ុន​ឡាយ​ហៀ​ង ប្តឹង​ពួកគាត់​ឡើង​តុលាការ ដោយ​ចោទ​ថា​លួច​លក់​ដី​ក្រុមហ៊ុន ខណៈ​ពួកគាត់​ជា​ម្ចាស់​ដី​ពិតប្រាកដ​។ ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច បាន​បង្វែរ​ប្រជាពលរដ្ឋ​ទាំង​នោះ​ឲ្យទៅ​ជួបជុំគ្នា​នៅ​ក្រោម​ដើម​ពោធិ៍ មុខ​វត្ត​បទុម​វត្តី​វិញ​។​

ពលរដ្ឋ​ម្នាក់​ដែល​អះអាងថា​ជា​តំណាង​ប្រជាពលរដ្ឋ​១៣៤​គ្រួសារ លោក គុយ ចាន់ថន ឲ្យ​អ្នកសារព័ត៌មាន​ដឹង​នៅ​ក្រោម​ដើម​ពោធិ៍​មុខ​វត្ត​បទុម​វត្តី​ថា ស្ត្រី​ឈ្មោះ លឹម គា តំណាងក្រុម​ហ៊ុន​របស់លោកស្រី​ឡាយ​ហៀ​ង បាន​ប្ដឹង​តំណាង​ប្រជាពលរដ្ឋ​៤​នាក់ ទៅ​តុលាការខេត្ត​កណ្តាល​ពី​បទ​លួច​លក់​ដី​ក្រុមហ៊ុន​។ លោក​បន្តថា ប្រជាពលរដ្ឋ​បាន​កាន់កាប់​ដី​នោះ​តាំងពី​ឆ្នាំ​១៩៧៩​មក ហើយ​នៅ​ឆ្នាំ​២០០៨ លោក​ហ៊ុន សែន​បាន​ចេញ​សេចក្តីសម្រេច ធ្វើ​សម្បទាន​ឲ្យ​ប្រជាពលរដ្ឋ ប៉ុន្តែ​នៅ​ឆ្នាំ​នោះ​ដែរ​ក្រុមហ៊ុន​របស់​អ្នកស្រី​ឡាយ ហៀ​ង បាន​ចេញមុខ​អះអាង​ថា ដី​នោះ​ជា​របស់​ខ្លួន ហើយ​បាន​ប្ដឹង​ចោទ​ប្រជាពលរដ្ឋ​ពី​បទ​លួច​លក់​ដី​ក្រុមហ៊ុន​។

​ស្ត្រី​វ័យ​ចំណាស់​អាយុ​៨១​ឆ្នាំ ឈ្មោះ ស៊ុំ តែម ដែល​គ្រោង​នឹង​ឡើង​តុលាការ​នៅ​ថ្ងៃទី​២៥ សីហា ខាងមុខនេះ លោកយាយ​រៀបរាប់​ថា ដី​នោះ​គឺជា​ដី​របស់​ប្រជាពលរដ្ឋ​កាន់កាប់​តាំងពី​ឆ្នាំ​១៩៧៩ ហើយ​ថា​គាត់​មាន​វ័យ​ចំណាស់​ហើយ មិន​បាន​ទៅ​លួច​ដី​របស់​ក្រុមហ៊ុន​ទេ​។ លោកយាយ​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ ខណៈ​ពួកគាត់​មាន​ជីវភាព​ក្រីក្រ​ហើយ ត្រូវបាន​អ្នក​មាន​លុយ​រំលោភបំពាន។​

លោក គុយ ចាន់ថន និងលោកយាយស៊ុំ តែម ផ្តល់បទសំភាសន៍ដល់អ្នកសារព័ត៌មាន(រូបថត៖ ជន ស្រីណុច)

តំណាងប្រជាពលរដ្ឋជួបជុំគ្នា​នៅ​ក្រោម​ដើម​ពោធិ៍ មុខ​វត្ត​បទុម​វត្តី (រូបថត៖ ជន ស្រីណុច)

ភ្លាមៗ​ពេល​ប្រជាពលរដ្ឋ​ប្រមូលផ្តុំ​គ្នា​ដាក់​ញត្តិ​នៅថ្ងៃនេះ ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក ប៉ាល់ ច័ន្ទ​តារា មានប្រសាសន៍ថា លោក​នឹង​ដោះស្រាយ​បញ្ហា​នេះ​តាម​ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី​ដែល​ធ្លាប់​អះអាងថា មិនឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ការរំលោភ​ដីធ្លី​ទេ ហើយ​ថា​លោក​នឹង​ទៅ​ពិគ្រោះ​ជាមួយ​អភិបាលខេត្ត​កណ្តាល​ផ្ទាល់​។​

​ពលរដ្ឋ​ឲ្យដឹងថា ដី​មាន​ទំនាស់​នោះ​ស្ថិតនៅ​ឃុំ​ឈ្វាំង និង​ឃុំ​ជ្រៃ​លាស់ មាន​ចំនួន​៥​ភូមិ​បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​១៣៤​គ្រួសារ ស្មើ​នឹង​១៥៥​ហិកតា រួម​មាន​ដី​ភូមិ និង​ដី​អាស្រ័យ​ផល​៕

សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles