​អ្នកកាសែត​ខេត្តកោះកុង​ម្នាក់​អំពាវនាវ​ឲ្យ​តុលាការ​រក​យុត្តិធម៌​​

ដោយ៖​ ប៉ែន ប៉ូលីន​
ថ្ងៃសៅរ៍ ទី23 សីហា 2014
http://vodhotnews.com

អ្នកយកព័ត៌មាន​នៅ​ខេត្ត​កោះកុង​ម្នាក់ អះអាងថា មន្ត្រី​បរិស្ថាន​ស្រុក​ស្រែអំបិល ដែល​លោក​ធ្លាប់​ប្ដឹងទៅ​តុលាការ​ខេត្ត​កោះកុង​ពី​បទ​បង្ក​របួសស្នាម បាន​ប្ដឹង​លោក​ទៅ​សាលាឧទ្ធរណ៍​ដោយ​ចោទ​ពី​បទ រំខាន​ការងារ និង​គំរាមកំហែង​មន្ត្រី​សាធារណៈ​។​

អ្នកយក​ព័ត៌មាន​ឲ្យ​កាសែត “​ថ្ងៃនេះ​” លោក​យួន ឈី​វ បាន​ប្រាប់​VOD​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា មូលហេតុ​ដែល​នាំឲ្យ​មាន​ការប្ដឹង​ចោ​ទរូបលោក​ទៅ​សាលាឧទ្ធរ​ណ៍​នេះ ដោយសារ​តែ​រូប​លោក​ធ្លាប់​មាន​ជម្លោះ​ជាមួយ​លោក ម៉េង តិច ជា​ប្រធាន​ការិយាល័យ​បរិស្ថាន​ស្រុក​ស្រែអំបិល និង​ជា​ប្រធាន​ការពារ​តំបន់​ច្រើនយ៉ាង​ដង​ពែង កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ទីស្នាក់ការ​ស្រុក​ស្រែអំបិល ខណៈ​លោក​ចុះ​ទៅ​យក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​មន្ដ្រី​រូប​នោះ ចុះ​ចាប់​ទូក​ប្រជា​នេសាទ​ចំនួន​៣​គ្រឿង និង​ទារប្រាក់​៣​លាន​រៀល ជា​ថ្នូរ​នឹង​ការដោះលែង​។

លោក​យួន ឈី​វ បញ្ជាក់ថា លោក​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​សាលាដំបូង​ខេត្តកោះកុង ប្ដឹង​លោក​ម៉េង តិច ពី​បទ​ក្របួច​កអាវ និង​ច្របាច់​កលោក​ឲ្យមាន​របួសស្នាម និង​បទ​ជេរប្រមាថ ប៉ុន្ដែ​សាលាដំបូង​ខេត្តកោះកុង​មិនបាន​ចាត់ការ​ពាក្យបណ្ដឹង​រប​ស់លោក​ទេ​។ លោក​បន្ថែមថា លោក​មាន​ការ ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ខណៈ​ចៅក្រម​ស៊ើបអង្កេត​សាលាឧទ្ធណ៍​កោះហៅ​ទៅ​សាកសួរ តាម​ពាក្យបណ្ដឹង​របស់​លោក​ម៉េង តិច ពី​បទ​គំរាម​ម​កំហែង​មន្ត្រី​សាធារណៈ​ទៅវិញ​។​

​លោក​យួន ឈី​វ ក៏​ឲ្យដឹង​ដែរថា ចៅក្រម​សាកសួរ​សាលាឧទ្ធរណ៍​លោក ចេង ប៊ុនលី បាន​បញ្ជាក់​ប្រាប់​លោក​ថា “​នៅពេល​នេះ​លោក​ស្ថិតនៅក្រោម​ការតាមដាន​របស់​តុលាការ​នៅឡើយ​។  មួយវិញទៀត បើ​លោក​មាន​ទោស​មែន​នោះ រូបលោក​ត្រូវ​ជាប់​ពន្ធនាគារ​ពី​១​ទៅ​៥​ឆ្នាំ ផាកពិន័យ​ពី​១០​លាន​ទៅ​១៥​លាន​រៀល​ទៀតផង​”​។

VOD មិនអាច​ទាក់ទង​ចៅក្រម​ស៊ើបសួ​រលោក ចេង ប៊ុនលី ដើម្បី​បំភ្លឺ​ពី​ករណី​នេះ​បាន​នៅឡើយ​ទេ​។ ចំណែក លោក ម៉េង តិច ប្រាប់​VOD​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា លោក​មិន​អាច​ធ្វើ​ការបកស្រាយ នៅពេលនេះ​បាន​ទេ គឺ​ទាល់តែ​មាន​ការណែនាំ​ពី​រដ្ឋមន្ដ្រី ទើប​អាច​បកស្រាយ​បាន​។​

គួរបញ្ជាក់​ថា​ជម្លោះ​រវាង​អ្នកកាសែត និង​មន្ត្រី​បរិស្ថាន​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង​នេះ បាន​កើត​ឡើង​ជិត​មួយ​ឆ្នាំ​មកហើយ ក្នុង​នោះ​ភាគី​អ្នកកាសែត​អះអាង​ថា​ខ្លួន​ជា​អ្នករងគ្រោះ ប៉ុន្តែ​តុលាការ​ខេត្ត​មិន​បាន​ចាត់កា​រលើ​ពាក្យបណ្ដឹង​របស់​លោក​នោះទេ ផ្ទុយទៅវិញ បែរ​ជា​ភាគី​ចុងចោទ​ប្ដឹង​លោក​ពី​បទ​គំរាមកំហែង​មន្ត្រី​សាធារណៈ​ទៅ​វិញ​៕

សរសេរ​មកកាន់លោក ប៉ែន ប៉ូលីន តាមរយៈ​ penpoline@yahoo.com.au

What Next?

Recent Articles