ដោយ ខែ សុណង
2014-08-28
RFA

ជញ្ជាំងស្ថានទូតសិង្ហបុរី ប្រឡាក់ដោយស្នាមពងមាន់បែក ខណៈដែលអ្នកតវ៉ារឿងដីនៅតំបន់បឹងកក់ បានតវ៉ានិងគប់ពងមាន់ កាលពីថ្ងៃទី២៧ សីហា ២០១៤។ RFA/Rann Samnang
ស្ថានទូតសិង្ហបុរីបានចេញសេចក្ដីប្រកាសព័ត៌មានមួយដោយសម្ដែងការមិនពេញចិត្តចំពោះក្រុមបាតុករដែលជាអ្នកអតីតរស់នៅតំបន់បឹងកក់ ថាបានបំផ្លាញទ្រព្យសម្បត្តិស្ថានទូតដែលមិនអាចទទួលយកបាន ហើយស្ថានទូតក៏ត្រៀមបញ្ជូនសំណុំរឿងនេះទៅអាជ្ញាធរកម្ពុជា ដែលពាក់ព័ន្ធ។
ការតវ៉ានេះ បន្ទាប់ពីអតីតអ្នកបឹងកក់ និងអ្នកបឹងកក់ បានព្យាយាមទៅមុខស្ថានទូតដើម្បីសាកសួរពីការឆ្លើយតបចំពោះសំណើរបស់ខ្លួនដែលបានដាក់កាលពីដើមខែសីហា ឲ្យបំភ្លឺពាក់ព័ន្ធនឹងក្រុមហ៊ុនវិនិយោគសិង្ហបុរីមួយនៅតំបន់នេះ។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះក្រុមបាតុករអតីតអ្នកបឹងកក់ ដែលបានគប់ពងមាន់ប៉ះមកលើស្លាកសញ្ញា និងក្លោងទ្វារចេញចូលស្ថានទូតសិង្ហបុរី ឬទូតសាំងហ្គាពួរប្រចាំកម្ពុជា ដែលថាបានធ្វើឲ្យអាប់អោនប្រទេសជាតិសិង្ហបុរី។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍នៅថ្ងៃទី២៨ សីហា ថា ក្រសួងបានឃើញសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូត ហើយកំពុងពិចារណាចំពោះសំណុំរឿងនេះ។
លោកថា ក្រសួងត្រូវតែមានអ្វីតបស្នង ពីព្រោះប្រទេសសិង្ហបុរីជាប្រទេសលទ្ធិប្រជាធិបតេយ្យ៖ «កំពុងតែមានវិធានការសមស្របចំពោះអ្វីដែលបានធ្វើនេះ ពីព្រោះថាសិង្ហបុរីលោកមានច្បាប់ទម្លាប់ច្បាស់លាស់ ហើយជាប្រទេសមួយប្រជាធិបតេយ្យ ហើយយើងនេះចេះតែប៉ាតណាប៉ាតណីទៅធ្វើឲ្យអាប់អោនដល់កិត្តិយសរបស់ប្រទេសជាតិគេ។ យ៉ាងហោចណាស់ត្រូវមានអ្វីមួយត្រូវតបស្នងនូវអំពើដែលអ្នកទាំងអស់នោះបានធ្វើ»។
ការឆ្លើយតបនេះ គឺភ្លាមៗដែលស្ថានទូតសិង្ហបុរី បានប្រតិកម្មចំពោះក្រុមបាតុករអ្នកបឹងកក់ ដែលបានគប់ពងមាន់ប៉ះមកលើស្លាកសញ្ញាស្ថានទូត និងខ្លោងទ្វារចេញចូលស្ថានទូតថាជាបំផ្លាញទ្រព្យសម្បត្តិ ហើយខ្លួននឹងរាយការណ៍បញ្ហានេះទៅអាជ្ញាធរពាក់ព័ន្ធ។
កាលពីថ្ងៃទី២៧ សីហា អតីតអ្នកបឹងកក់ និងអ្នកកំពុងរស់នៅតំបន់បឹងកក់ បាននាំគ្នាទៅស្ថានទូតសិង្ហបុរី ដើម្បីសុំឲ្យស្ថានទូតនេះបំភ្លឺចំពោះក្រុមហ៊ុនសិង្ហបុរី មួយដែលបោះទុនវិយោគលើដីបឹងកក់។
ក្រុមបាតុករដែលជាអ្នកអតីតបឹងកក់បានកប់ពងមាន់ទៅលើក្រុមសមត្ថកិច្ចដែលព្យាយាមរារាំងពួកគាត់មិនឲ្យទៅតវ៉ានៅខាងមុខស្ថានទូត។
អតីតអ្នកបឹងកក់ ដែលបានចូលរួមតវ៉ាអ្នកស្រី ស៊ា ណារ៉េត ថ្លែងថា សេចក្ដីប្រកាសរបស់ស្ថានទូតនេះគឺជាការបំផ្លើស៖ «វាអាចខ្ទាតប៉ះខ្លះហើយមិនមែនចំមុខខ្លោងទ្វារទេ។ ពួកខ្ញុំមកចំហៀងនេះទេ ហើយបើប៉ះច្រើនគឺប៉ះអាជ្ញាធរហើយនិងរបងដែករាំងពួកខ្ញុំហ្នឹងទេ អត់មានប៉ះទៅខូចខាតដល់ទ្រព្យសម្បត្តិគាត់ច្រើនណាស់ណា អត់ទេ។ គាត់អ្នកមើលស្រាលពួកខ្ញុំហើយមិនចេញឆ្លើយតបហើយពួកខ្ញុំទៅដល់ឈរស្រែករាប់ម៉ោងហើយគាត់អត់ចេញទេ ឲ្យកម្លាំងមកបង្ក្រាបពួកខ្ញុំ រារាំងពួកខ្ញុំ សែងខ្ញុំ គាត់ធ្វើហ្នឹងត្រឹមត្រូវទេ? គាត់ស្ថានទូតរស់នៅកម្ពុជាហើយ គាត់មើលងាយប្រជាជនកម្ពុជាយ៉ាងហ្នឹង»។
តែទោះជាយ៉ាងណា ក្រៅអំពីប្រតិកម្មទៅអ្នកបឹងកក់ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបានបកស្រាយថា ក្រុមហ៊ុនសិង្ហបុរី ឈ្មោះ ឌី ឡូធើស ឌីវឺឡប់មិន អេច្ឆ.អិល.អេច្ឆ (D’ Lotus Development Company/HLH Group) ដែលគ្រោងវិនិយោគជាមួយក្រុមហ៊ុនស៊ូកាគូ នៅតំបន់បឹងកក់ មិនជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលសិង្ហបុរី នោះទេ ហើយស្ថានទូតក៏គ្មានសិទ្ធិទៅជ្រៀតជ្រែកការងាររវាងក្រុមហ៊ុននោះក្នុងការរកស៊ីជាមួយនឹងក្រុមហ៊ុនស៊ូកាគូនោះដែរ។
សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា គោលជំហររបស់ស្ថានទូតសិង្ហបុរី គឺក្រុមហ៊ុនសិង្ហបុរីទាំងអស់ ឬរាល់បុគ្គលជាតិសិង្ហបុរីណាដែលរកស៊ីនៅក្រៅប្រទេស គឺត្រូវតែគោរពច្បាប់នៃប្រទេសទាំងឡាយដែលពួកគេកំពុងធ្វើការវិនិយោគ និងរកស៊ី។
កាលពីថ្ងៃទី៤ សីហា អតីតប្រជាពលរដ្ឋជាអ្នកភូមិបឹងកក់ ដែលកន្លងមកបានចាកចេញពីតំបន់បឹងកក់ ប្រមាណ ៥០នាក់ ស្ថិតក្នុងចំណោមពលរដ្ឋរាប់រយគ្រួសារ បានលើកគ្នាមកតវ៉ាលើកបដា និងដាក់ញត្តិជូនមន្ត្រីស្ថានទូតប្រទេសសិង្ហបុរីប្រចាំកម្ពុជា ដើម្បីស្នើឲ្យក្រុមហ៊ុនមួយដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនសិង្ហបុរី ផ្អាកទិញដីដើម្បីអភិវឌ្ឍន៍នៅតំបន់បឹងកក់ ដែលកំពុងមានទំនាស់ដីធ្លីជាមួយពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកភូមិនៅព្រៃវែងចោទអាជ្ញាធរមូលដ្ឋានថាឃុបឃិតគ្នាលក់ដីសាលាឆទាន
- ក្រុមហ៊ុនចិនគ្រោងជម្លៀសពលរដ្ឋចេញពីតំបន់ស្ទឹងឆាយអារ៉ែងដើម្បីសង់ទំនប់វារីអគ្គិសនី
- ជនជាតិដើមភាគតិចនៅកំពង់ធំបារម្ភខ្លាចបាត់បង់ដីព្រៃចម្ការវិលជុំ
- កម្លាំងអាជ្ញាធររារាំងអ្នកតវ៉ារឿងដីមិនឲ្យទៅជួបតំណាងរាស្ត្រនៅសភា
- អ្នកភូមិនៅរតនគិរីចោទក្រុមហ៊ុនសម្បទានរំលោភយកដី
- ពលរដ្ឋមានជម្លោះដីចោទអភិបាលរងខេត្តកំពតថារំលោភលើកិច្ចសន្យាទិញលក់ដី
- តុលាការខេត្តពោធិ៍សាត់បង្គាប់ឲ្យពលរដ្ឋម្នាក់ចូលបំភ្លឺរឿងកាប់រានព្រៃសហគមន៍នៅថ្ងៃ២៨
- សហគមន៍ដី៣តវ៉ានៅក្បែរផ្ទះនាយករដ្ឋមន្ត្រីទាមទារឲ្យដោះលែងតំណាងអ្នកឡពាង៥នាក់
- ពលរដ្ឋនៅក្រចេះឃាត់គ្រឿងចក្រក្រុមហ៊ុនវៀតណាមដែលឈូសឆាយធ្វើព្រំលើដីចម្ការ