បុគ្គលិក​ក្រសួង​សុខាភិបាល ប្រហែល​ចាប់ផ្តើម​ផ្លាស់ប្តូរ​ទៅ​ទីតាំង​ថ្មី ចាប់ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​​

ដោយ៖​ ស៊ុន ណារិន និង ប្រែ​ង សត្យា​ភិរក្ស​
ថ្ងៃព្រហស្បតិ៍ ទី28 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ទីស្តីការក្រសួងសុខាភិបាល ថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីគីមអ៊ីលស៊ុង

​បុគ្គលិក​ក្រសួង​សុខាភិបាល ប្រហែល​ជា​ចាប់ផ្តើម​រើ​សម្ភារៈ​ការងារ ដើម្បី​ផ្លាស់ប្តូរ​ទៅ​ទីតាំង​ថ្មី ដែល​ស្ថិត​ក្នុង​បរិវេណ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ជាប់​ក្លោងទ្វារ​ផ្សារ​ទួលគោក តាម​បណ្តោយ​មហាវិថី​គីម​អ៊ី​ល​ស៊ុង ក្នុង​ខណ្ឌ​ទួលគោក​។ 

​ទីតាំង​ទីស្តីការក្រសួង​សុខាភិបាល​ថ្មី​នេះ កំពុង​ស្ថិត​ក្នុង​ការបញ្ចប់​ការសាង់សង់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​កម្មករ​ម្នាក់​ដែល​ធ្វើ​ជា​ជាងសំណង់​នៅ​អគារ​ថ្មី​នេះ ឲ្យដឹងថា អគារ​ទីស្តីការ​ក្រសួង​សុខាភិបាល ត្រូវបាន​សាងសង់​ជាង​៨០​ភាគរយ​ហើយ គឺ​នៅសល់​តែ​ដំបូល និង​ការសម្អាត​ប៉ុណ្ណោះ​។ 

​បុគ្គលិក​នារី​ម្នាក់​ដែល​ធ្វើការ​នៅ​ក្រសួង​សុខាភិបាល សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​VOD​ថា បុគ្គលិក​កំពុងតែ​ត្រៀម​រើ​សម្ភារៈ​ក្នុង​សប្តាហ៍​នេះ ឬ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ ដោយសារ​ការរុះរើ​ត្រូវការ​ពេលវេលា​។ កញ្ញា​បន្តថា កញ្ញា​មិនដឹង​ពី​មូលហេតុ​នៃ​ការ​រើ​នេះ​ទេ ហើយ​បុគ្គលិក​ថ្នាក់ក្រោម ក៏​មិនដឹង​ព័ត៌មាន​ច្បាស់លាស់​ដែរ ដោយ​គ្រាន់​ដឹងថា​មាន​ការផ្លាស់ប្តូរ​ទៅ​ក្រសួង​ថ្មី តាម​ការបញ្ជា​របស់​ថ្នាក់លើ​។​កញ្ញា​ថា​«​បើ​គេ​ចង់​លាក់ [​ព័ត៌មាន​] គ្មាន​មន្ត្រី​ណា​ហ៊ាន​និយាយ​ទេ​»​។​

​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ឲ្យដឹង​ទៀតថា បុគ្គលិក​ក្រសួង​សុខាភិបាល​មាន​ចំនួន​ជាង​៥០០​នាក់ ដែល​ជា​បុគ្គលិក​ពេញសិទ្ធិ ដោយ​មិន​រាប់បញ្ចូល​បុគ្គលិក​អណ្តែត​នោះ​ទេ​។​

​នៅពេល​អ្នកយកព័ត៌មាន​VOD​សាកសួរ​សន្តិសុខ​ម្នាក់​បម្រើការ​នៅ​ក្រសួង​សុខាភិបាល ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​កម្ពុជា​កម្ពុជា សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា  បុគ្គលិក​រូប​នោះ​ប្រាប់ថា​លោក​មិន​ដឹង​ច្បាស់​ទេ​ពី​ការផ្លាស់ប្តូរ​ទីតាំង​ក្រសួង​នេះ​។​

VOD បាន​ទាក់ទង​ទៅ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង តែ​លោក​មិន​លើក​ទូរស័ព្ទ​។ ចំណែក​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល លោក អេង ហួត បាន​ទទួល​ទូរស័ព្ទ រួច​ដឹងថា​ជា​អ្នកយកព័ត៌មាន​VOD ក៏​ប្រាប់ថា​ជាប់រវល់​។​

​មិនទាន់​មាន​ព័ត៌មាន​ថា​តើ​ទីតាំង​ទីស្តីការ​ក្រសួង​ចាស់ នឹង​ត្រូវ​យក​ទៅ​ធ្វើ​អ្វី​នោះទេ ឬក៏​ត្រូវ​ដោះដូរ​ចេញពី​ដី​រដ្ឋ​។​
​ទីស្តីការ​ក្រសួង​សុខាភិបាល​ចាស់ មាន​ទីតាំង​នៅ​ជាប់​ផ្សារ​ស៊ីដ​នី ក្រោយ​វិមាន​សន្តិភាព​។ ផ្សារ​ស៊ីដនី ត្រូវ​បាន​បិទ​ឈប់​ដំណើរការ​ជា​ច្រើន​ខែ​មក​ហើយ តែ​មិន​ទាន់​ដឹងថា​នឹង​ត្រូវ​យក​ដី​តំបន់​នោះ​ទៅ​អភិវឌ្ឍ​ធ្វើ​អ្វី​នោះទេ​។​

​កន្លងទៅ ទីតាំង​ក្រសួង​ចាស់ៗ​មួយចំនួន ត្រូវបាន​ផ្លាស់ប្តូរ តួយ៉ាង​ដូចជា​អគារ​ក្រសួង​បរិស្ថាន​ចាស់​(​នៅលើ​ផ្លូវ​ព្រះសីហនុ ជិត​ផ្សារ​កាប់​គោ​)​ជាដើម ដែល​នឹង​ត្រូវ​ផ្លាស់​ប្តូរ​នៅពេល​ខាងមុខ​នេះ​៕

​សរសេរ​មកកាន់​លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles