​ក្រសួង​មហាផ្ទៃ​ចាប់ផ្ដើម​ធ្វើ​ជំរឿន​ជនអន្តោប្រវេសន៍​នៅ​កម្ពុជា​​

ដោយ៖​ អុិត សូធឿត​
ថ្ងៃព្រហស្បតិ៍ ទី28 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

អាជីវកម្មរបស់ជនជាតិវៀតណាមនៅខេត្តស្វាយរៀង(រួបភាពដោយ ជា សុបញ្ញា)

​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​ស្នងការដ្ឋាន និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាប់ផ្ដើម​ចុះ​ធ្វើ​ជំរឿន​ជនបរទេស​តាម​បណ្ដា​ខេត្ត​នានា ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។​

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ ប្រាប់​ VOD​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ខាង​ក្រសួង​បាន​បង្កើត​ជា​គណៈកម្មកា​រ​៧​ក្រុម​ដែល​មាន​តួនាទី​ចុះ​ពន្យល់​ណែនាំ​ពី​គោលការណ៍​នៃ​ការធ្វើ​ជំរឿន ​ដល់​ស្នងការដ្ឋាន​នៅតាម​រាជធានី​ខេត្ត​នានា​ ដែល​ត្រូវបាន​ចែកជា​៧​តំបន់ ដោយ​ក្នុង​តំបន់​មួយៗ​មាន​៣​ទៅ​៤​ខេត្ត។​

​លោក​បន្តថា គណៈកម្មការ​នីមួយៗ​បាន​ចាប់ផ្ដើម​ចុះ​ទៅ​តាម​តំបន់​ដែល​ខ្លួន​ទទួលខុសត្រូវ ដើម្បី​ធ្វើ​ការពន្យល់​ណែនាំ ហើយ​ខេត្ត​ខ្លះ​បាន​ចាប់ផ្ដើម​ធ្វើ​ជំរឿន​ហើយ។ លោក​បញ្ជាក់ថា វា​ជា​ការធ្វើជំរឿន​ជនបរទេស​ទូទៅ មិនមែន​ធ្វើ​លើ​តែ​ជនជាតិ​វៀតណាម​ទេ​។

លោក ខៀវ សុភ័គ ឲ្យដឹង​ដែរថា តាម​គោលការណ៍​របស់​ក្រសួង ​គឺ​តម្រូវឲ្យ​មាន​ការចូល​រួម​ពី​ក្រុមប្រឹក្សា​ខេត្ត ហើយ​ជាពិសេស​ប្រសិនបើ​មាន​សមាជិក​គណបក្សប្រឆាំង​ចូលរួម​គឺ​កាន់តែ​ល្អ «​ធ្វើ​ទាំងអស់គ្នា​និយាយ​រួម មិនមែន​តែ​សមត្ថកិច្ច​យើង​ទេ … ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ស្រុក គាត់​ទៅ​ចូល​ជាមួយគ្នា ធ្វើ​ជំរឿន​ទាំងអស់គ្នា អត់​មាន​ប្រកាន់​និន្នាការ​នយោបាយ​ថា​បក្ស​ណា​បក្ស​ណា​ទេ​»។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ មានប្រសាសន៍ថា វា​ជា​ការល្អ​ប្រសិនបើ​មាន​វប្បធម៌​នៃ​ការ​សហការ​គ្នា​ ដើម្បី​ធ្វើ​ការឲ្យមាន​ភាពប្រាក​ដ​និយម និង​ការទទួលខុសត្រូវ ក៏​ប៉ុន្តែ​មក​ដល់ពេលនេះ ខាង​គណបក្ស​របស់​លោក​មិន​បាន​ទទួល​ការជូនដំណឹង​ផ្លូវការ​ណា​ពី​ខាង​ក្រសួង ពាក់ព័ន្ធ​នឹង​ការធ្វើជំរឿន​នេះ​នៅឡើយ​ទេ។​

លោក​បន្តថា វា​ជា​តួនាទី​របស់​ក្រសួង​មហាផ្ទៃ​ក្នុង​ការជូន​ដំណឹង​ទៅកាន់​សមាជិក​ក្រុមប្រឹក្សាឃុំ ស្រុក និង​ខេត្ត​នានា ដើម្បី​បាន​ដឹង និង​ចូលរួម​ក្នុង​កិច្ចការ​នេះ ប្រសិន​បើ​ខាង​ក្រសួង​ពិតជា​មាន​ឆន្ទៈ​ពិតប្រាកដ។​

ពាក់ព័ន្ធ​នឹង​ការធ្វើជំរឿន​លើ​ជនបរទេស លោក យឹម សុវណ្ណ លើកឡើងថា ក្រសួង​គួរ​ធ្វើឲ្យ​មាន​ភាពប្រាកដប្រជា តម្លាភាព និង​ប្រសិទ្ធភាព​ដោយ​មាន​ការសហការ​ពី​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ មិន​គួរ​ធ្វើ​ឡើង​គ្រាន់តែ​ជា​ការបិទបាំង និង​បំភ័ណ្ឌ​មតិ​ប្រជាពលរដ្ឋ នោះ​ស្ថានការណ៍​នឹង​មិន​មាន​ការកែលម្អ​បានទេ។​ លោក​មានប្រសាសន៍ថា «​សូមឲ្យ​មាន​ការរួបរូម​គ្នា​ធ្វើឲ្យ​បាន​សុក្រិត​ពីព្រោះ​យើង​ចង់​ដឹង​ថា​តើ​មាន​ជនបរទេស​ដែល​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង​ប៉ុន្មាន​នាក់ រស់នៅ​ស្របច្បាប់​ប៉ុន្មាន​នាក់ រសនៅ​ខុសច្បាប់​ប៉ុន្មាន​នាក់ នៅ​ទីកន្លែង​ណាខ្លះ​ហើយ​ធ្វើ​អ្វី​។ យើង​ចង់​ដឹង​រឿង​ទាំងអស់​ហ្នឹង​ដើម្បី​យើង​ការពារ​កុំឲ្យ​មាន​ការហូរ​ចូល​ដោយ​ជន​អន្តោរ​ប្រវេសន៍​ខុស​ច្បាប់​មក​រស់នៅ​ប្រទេស​កម្ពុជា មិន​សំដៅលើ​ជនជាតិ​ណា​ទេ ក៏ប៉ុន្តែ​ឲ្យតែ​ជនបរទេស​ដែល​មិន​បាន​គោរព​ច្បាប់ យើង​ត្រូវតែ​ដោះស្រាយ​បញ្ហា​»។​

​លោក ខៀវ សុភ័គ ឲ្យដឹង​ផងដែរ​ថា កន្លង​ទៅ​ក្រសួង​បាន​ជំរឿន​ពីរ​លើក​រួច​ហើយ តែ​ការ​ធ្វើ​កន្លង​ទៅ​នៅ​មិនទាន់​មាន​ភាពច្បាស់លាស់ និង​បាន​គ្រប់​ជ្រុងជ្រោយ​នៅឡើយ តែ​បន្ទាប់​ពី​រដ្ឋាភិបាល​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ ការធ្វើ​ជំរឿន​លើក​នេះ​គឺ​មាន​លក្ខណៈ​ប្រសើរ​ឡើង​ ដើម្បី​ទទួលបាន​នូវ​ទិន្នន័យ​ស៊ីជម្រៅ និង​ឲ្យបាន​ដល់ប្ញសគល់។​
​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​លោក ស ថេត ឲ្យដឹង​ថា​ខេត្ត​របស់​លោក​បាន​ចាប់ផ្ដើម​ធ្វើ​ជំរឿន​នេះ​ជាង​មួយ​សប្ដាហ៍​ហើយ តែ​ពុំ​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​ថា​យ៉ាងណា​នោះ​ទេ។​

ស្នងការរង​នគរបាល​ខេត្តពោធិ៍សាត់​ទទួលបន្ទុក​អន្តោប្រវេសន៍ លោក បាន ហេង ត្រូវបាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ស្រង់​សម្ដី​ថា ខេត្ត​របស់​លោក​ចាប់ផ្ដើម​ធ្វើ​ការចុះ​ជំរឿន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ហើយ​វា​ជា​ជំរឿន​មួយ​មាន​ភាព​ហ្មត់ចត់ ដោយ​ក្រុមការងារ​នឹង​ត្រូវ​ធ្វើដំណើរ​ទៅ​តាម​ផ្ទះ ដើម្បីសា​ក​សួរព័ត៌មាន​ដែល​នេះ​ជា​ការងារ​ត្រូវ​ចំណាយ​ពេល​យូរ និង​ពិបាក «​ជំរឿន​នេះ​នឹង​ចាប់ផ្តើម​នៅ​ស្រុក​បាកាន​និង​កណ្តៀង​មុនគេ​។ វា​ជា​ជំរឿន​មួយ​មាន​ភាព​ហ្មត់ចត់​ណាស់​។ ជន​បរទេស​ភាគច្រើន គឺ​ជនជាតិ​វៀតណាម និង​ពលករ​បរទេស​ផងដែរ​»​។​

រដ្ឋាភិបាល​ជា​និច្ច​ជា​កាល រង​ការរិះគន់​ថា ​បណ្តោយ​ឲ្យ​ជនជាតិ​វៀតណាម ចូលមក​កម្ពុជា ដោយ​មិន​បាន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឲ្យមាន​ប្រសិទ្ធិភាព​។ បក្សប្រឆាំង​អះអាងថា មកដល់ពេលនេះ យ៉ាង​តិច​មាន​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​រស់​នៅលើ​ទឹកដី​កម្ពុជា ដល់​ទៅ​៣​លាន​នាក់​។ ចំណែក​បក្ស​កាន់​អំណាច​វិញ​អះអាងថា ជនជាតិ​វៀតណាម​នៅ​កម្ពុជា មានតែ​ប្រហែល​១០​ម៉ឺន​នាក់​ទេ​៕

សូមសរសេរមកលោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com

What Next?

Recent Articles