​រូបភាព​ថ្មី​នៃ​ការប៉ះទង្គិច​គ្នា​រវាង​អតីត​បុគ្គលិក និង​ក្រុមហ៊ុន​ភ្នំពេញ​សូរិយា​​

ដោយ៖​ ប្រែ​ង សត្យា​ភិរក្ស​
ថ្ងៃព្រហស្បតិ៍ ទី28 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

បុគ្គលិក​ក្រុមហ៊ុន​រថយន្តក្រុងភ្នំពេញសូរិយា លើកបដា នឹងចាក់សំឡេងតាមប្រព័ន្ធឧគ្ឃោសនាសព្ឌ ដើម្បីប្រឆាំង នឹងអតីតអ្នកបើកបររថយន្តក្រុង (រូបថត៖ ប្រែង សត្យាភិរក្ស)

អតីត​បុគ្គលិក​ក្រុមហ៊ុន​រថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ​ភ្នំពេញ​សូរិយា​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ដ​ធ្វើ​បាតុកម្ម​ចូល​ដល់​ថ្ងៃ​ទី​បួន ដើម្បី​ទាមទារ​ឲ្យ​ភាគី​ក្រុមហ៊ុន​ទទួល​ពួកគេ​ចូល​ធ្វើការ​វិញ​តាម​ការបញ្ជា​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​។​

​ក្នុង​ការតវ៉ា​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨ សីហា នេះ ក្រៅ​ពី​អតីត​បុគ្គលិក​ក្រុមហ៊ុន​ចំនួន​១៧​នាក់ ដែល​ក្រុមហ៊ុន​បញ្ឈប់ ដោយសារ​ពួកគេ​បាន​បង្កើត​សហ​ជីព​នៅក្នុង​ក្រុមហ៊ុន​នោះ ក៏មានតំណាង​សហជីព​មួយចំនួន​ចូលរួម​ផងដែរ​។ ចំណែក​ភាគី​ក្រុមហ៊ុន​វិញ ក្រៅពី​មិន​បាន​ចេញមក​ជួប​ចរចា​ជាមួយ​អ្នក​តវ៉ា ដើម្បី​រក​ដំណោះស្រាយ គេ​បាន​ប្រើឧគ្ឃោសនាសព្ទ ចាក់​ចម្រៀង​ឮ​ខ្លាំងៗ លុប​លើ​សំឡេង​អ្នក​តវ៉ា និង​ចែក​ខិតប័ណ្ណ​ដល់​អ្នកដំណើរ ដោយ​ចោទ​ថា​ការតវ៉ា​នោះ​គឺ​ខុសច្បាប់​។​

អតីត​អ្នកបើកបរ​ម្នាក់​ដែល​កំពុង​ធ្វើ​ការតវ៉ា លោក ស​ម្ប​តិ្ត វន ប្រាប់​VOD​ថា ពួកគាត់​ទាំង​១៧​នាក់​បន្ត​តវ៉ា ដោយសារ​ក្រុមហ៊ុន​មិនទាន់​មាន​ដំណោះស្រាយ​ជូន​ពួកគាត់​នៅឡើយ​។ លោក​ចាត់​ទុក ទង្វើ​របស់​ភាគី​ក្រុមហ៊ុន​ដែល​បាន​ឲ្យ​បុគ្គលិក​ដើរ​ចែក​ខិតប័ណ្ណ ចោទ​ពួកគាត់​ថា​ធ្វើ​ការតវ៉ា​ខុសច្បាប់​នោះ គឺជា​ចេតនា​មួលបង្កាច់​ពួកគាត់ ដោយសារ​ក្រុមហ៊ុន​មិន​ចង់​ដោះស្រាយ​ជូន​ពួគគាត់​។​

អ្នក​តវ៉ា​ម្នាក់​ផ្សេងទៀត លោក ព្រំ វិសាល មានប្រសាសន៍ថា ទង្វើ​របស់​ក្រុមហ៊ុន​នៅពេលនេះ គឺជា​ការរំលោភ​សិទ្ធិ​អ្នក​តវ៉ា ក្នុង​ការតវ៉ា​ដោយ​សន្តិ​វិធី និង​ជា​ការ​បំភ័ន្ត​មតិសាធារណៈ ដើម្បី​គេច​ពី​ការទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​។ លោក​សំណូមពរ ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ បង្គាប់​ឲ្យ​ក្រុមហ៊ុន​ចូលខ្លួន​មករកដំ​ណោះ​ស្រាយ​ជូន​ពួកគាត់​ដោយ​សន្តិ​វិធី ឲ្យបាន​កាន់តែ​ឆាប់​កាន់តែ​ល្អ​។​

មន្ត្រី​ចងក្រង និង​ដោះស្រាយ​វិវាទ​ការងារ​នៅ​សហភាព​ការងារ​កម្ពុជា លោក អ៊ី​ន គឹម​ហ៊​ន មានប្រសាសន៍ថា ការដឹកនាំ​កម្លាំង​មក​ចូលរួម​ជួយ​តវ៉ា​អតីត​អ្នកបើកបរ​ក្រុមហ៊ុន​ភ្នំពេញ​សូរិយា នាពេលនេះ គឺ​ដើម្បី​ទាមទារ​រក​យុត្ត​ធម៌​ជូន​ពួកគេ ទៅតាម​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ដោយ​បង្គាប់​ឲ្យ​ក្រុមហ៊ុន​ទទួលយក​ពួកគេ​ចូលធ្វើការ​វិញ ខណៈ​លោក​ចាត់ទុកថា ក្រុមហ៊ុន​មិន​មាន​ចេតនា​ពិតប្រាកដ​ក្នុង​ការដោះស្រាយ​ជូន​អ្នក​តវ៉ា​។​

VOD មិនអាច​សុំ​ការបំភ្លឺ​ពី​ភាគី​ក្រុមហ៊ុន​ភ្នំពេញ​សូរិយា​ដឹក​អ្នកដំណើរ​បាន​ទេ ដោយ​ខាង​ក្រុមហ៊ុន​បដិសេធ​មិន​ធ្វើការ​អត្ថាធិប្បាយ ​ចំពោះ​សកម្មភាព​នា​ថ្ងៃនេះ​។​

​ករណី​បញ្ឈប់​បុគ្គលិក​ជា​អ្នកបើកបរ​រថយន្ត​១៧​នាក់​នេះ ត្រូវ​បាន​ប្ដឹង​ផ្ដល់​ដល់​ក្រសួង​ការងារ និង​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល រហូត​ដល់​ស្ថាប័ន​ទាំងពីរ​បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន​ភ្នំពេញ​សូរិយា ទទួល​យក​អ្នក​ទាំងនោះ​ចូលធ្វើការ​វិញ​។ ប៉ុន្តែ​រហូត​មកដល់ពេលនេះ ក្រុមហ៊ុន​បដិសេធ​ទទួល​យក​ពួកគេ ដោយ​សំអាង​ថា ក្រុមហ៊ុន មិន​មាន​រថយន្ត​គ្រប់គ្រាន់​ឲ្យ​ពួកគេ​បើកបរ​៕

អ្នកកាន់បដាក្នុងរង្វង់ក្រហម ជាអតីតអ្នកបើកបរឡានក្រុងភ្នំពេញសូរិយា

សូមសរសេរមកលោក ប្រែ​ង សត្យា​ភិរក្ស តាមរយៈ phireak1988.kth@gmail.com

What Next?

Recent Articles