Fri, 29 August 2014
Phnom Penh Post
ភ្នំពេញប៉ុស្តិ៍
សិង្ហបុរី: រូបចម្លាក់ព្រះអាទិទេព និងទេវតារបស់ខ្មែរត្រូវបានសិល្បករបារាំងដ៏ល្បីល្បាញប្រើបច្ចេកទេសបញ្ចាំងពន្លឺ រំលេចជារូបភាពផុសប្រភេទ 3D នៅលើដើមឈើនានា នៅដងវិថីនៃប្រទេសសិង្ហបុរី។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ស្នាដៃសិល្បៈឈ្មោះថា «ដើមឈើអាទិទេព» (Divine Trees) របស់សិល្បករជនជាតិបារាំងលោក ក្លេម៉ង់ ប្រ៊ីយ៉ង់ដ៍ (Clement Briend) បានរំលេចរូបរាងលើមែករុក្ខជាតិនានានៅដងវិថី នាកម្មវិធីមហោស្រពរាត្រីសិង្ហបុរី ដែលបានចាប់ផ្ដើមរួចមកហើយកាលពីចុងសប្ដាហ៍មុន និងបន្តបង្ហាញវត្តមានជាថ្មីនៅយប់ថ្ងៃទី២៩ និង៣០ ខែសីហាខាងមុខនេះ។
ស្ថិតនៅទីក្រុងប៉ារីស ប្រទេសបារាំង លោក ក្លេម៉ង់ ជាគ្រូបង្រៀនផ្នែកថតរូបនៅសាកលវិទ្យាល័យ វ៉ាឡង់ស្យង់ណេស (Valenciennes)។
យោងតាមគេហទំព័រផ្ទាល់ខ្លួនរបស់លោក www.clementbriend.com ស្នាដៃសិល្បៈរបស់លោក ក្លេម៉ង់ ភាគច្រើនគឺជាការប្រើទេសភាពជុំវិញខ្លួនជាផ្ទាំងក្រណាត់ក្នុងការបញ្ចាំងរូបភាព ដើម្បីញ៉ាំងឲ្យមនុស្សហាក់ស្ថិតក្នុងបរិយាកាសពោរពេញដោយថាមពល ទេវមន្ត និងអារម្មណ៍ផ្សារភ្ជាប់ទៅនឹងសាសនា។
ដោយប្រើទេសភាពនាពេលរាត្រីនៅបណ្ដាទីក្រុងនានា លោក ក្លេម៉ង់ ប្រ៊ីយ៉ង់ដ៍ ធ្លាប់បានប្រើបច្ចេកទេសបញ្ចាំងរូបភាពផុស 3D ទៅលើដើមរុក្ខជាតិនៅដងវិថីឯទីក្រុងប៉ារីស និង រាជធានីភ្នំពេញ ដែលទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើនក្នុងពិភពលោក។
លោកបានជ្រើសរើសទិដ្ឋភាព សណ្ឋានមែករុក្ខជាតិ និងប្រភេទស្លឹករបស់វា មុននឹងធ្វើការបញ្ជាំងរូបភាពទៅលើដើមឈើទាំងនោះយ៉ាងស្រស់ស្អាត។
ក្រៅពីស្នាដៃរំលេចរូបភាពចម្លាក់បុរាណ ឬរូបវត្តអារាមខ្មែរផុសនៅលើដើមឈើនោះ លោកក៏បានប្រើបច្ចេកទេសបញ្ចាំងពន្លឺនេះបញ្ចាំងចំពីលើអគារ បង្កើតបានជារូបភាព 3D ដ៏គួរឲ្យភ្ញាក់ផ្អើលផងដែរ។
ដោយឡែកសម្រាប់ការតាំងបង្ហាញស្នាដៃរបស់លោកនៅក្នុងកម្មវិធីមហោស្រពរាត្រីសិង្ហបុរីឆ្នាំ២០១៤ ដែលរៀបចំឡើងដោយសារមន្ទីរជាតិរបស់ប្រទេសនេះវិញត្រូវបានគេរំពឹងថានឹងមានមនុស្សចូលរួមប្រមាណជា៥០ម៉ឺននាក់ នៅទីតាំងចំនួន ១០នៃប្រទេសសិង្ហបុរី គិតចាប់ពីចុងសប្ដាហ៍មុនដល់ចុងសប្ដាហ៍នេះ៕