ដោយ៖ អ៊ីត សូធឿត
ថ្ងៃសុក្រ ទី29 សីហា 2014
http://vodhotnews.com
សមត្ថកិច្ចចម្រុះមានគ្នាជាង១០០នាក់ នៅព្រឹកថ្ងៃសុក្រនេះ ធ្វើការរារាំងប្រជាពលរដ្ឋមានទំនាស់ដីធ្លីមកពី៣ខេត្តមិនឲ្យធ្វើការហែញត្តិទៅ ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
តំណាងប្រជាពលរដ្ឋមានទំនាស់ដីធ្លីមកពី ខេត្តប៉ៃលិន លោក វួន ហឿន ប្រាប់VODនៅព្រឹកថ្ងៃសុក្រនេះថា ប្រជាពលរដ្ឋមានជម្លោះដីធ្លីជិត១០០នាក់មកពីខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ដែលកំពុងស្នាក់នៅក្នុងវត្តពុទ្ធិយារាម ហៅវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឬស្សីកែវ មានគម្រោងហែរញត្តិចេញពីវត្តទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើសុំអន្តរាគមន៍ តែត្រូវសមត្ថកិច្ចចម្រុះចុះមករារាំងមិនឲ្យចេញពីវត្ត ទើបធ្វើឲ្យមានការរុញគ្នាទៅវិញទៅមក។ ទោះយ៉ាងណា លោកឲ្យដឹងថាមិនទាន់មានការប៉ះទង្គិចគ្នាខ្លាំងក្លានៅឡើយទេ ។
លោក វួន ហឿន ឲ្យដឹងទៀតថា ប្រជាពលរដ្ឋបានឮប្រសាសន៍លោកនាយករដ្ឋមន្ត្រីថា មិនដែលទទួលបានញត្តិពីអ្នកមានជម្លោះដីធ្លីទេ ទើបក្រុមប្រជាពលរដ្ឋព្យាយាមឡើងមកភ្នំពេញដើម្បីដាក់ញត្តិឲ្យដល់ដៃនាយករដ្ឋមន្ត្រី តែត្រូវខាងអាជ្ញាធរធ្វើការហាមឃាត់ដដែល ។
VOD មិនអាចទាក់ទងសុំការបំភ្លឺពីអាជ្ញាធរមានសមត្ថកិច្ចភ្លាមៗបាននៅឡើយទេ ។
កាលពីថ្ងៃទី១៨ខែសីហា នាយករដ្ឋមន្ត្រី អះអាងជាលើកដំបូងថា លោកមិនដែលបានទទួលពាក្យបណ្តឹង ពីអ្នករងគ្រោះរឿងដីធ្លី តាមរយៈមន្ត្រីក្រោមឱវាទទេ។ សង្គមស៊ីវិលបានរិះគន់លើការថ្លែងនេះ តែលោកនាយករដ្ឋមន្ត្រីបានបកស្រាយថាលោកចង់មានន័យថាលោកមិនដែលទទួលបានញត្តិក្នុងរយៈពេលចុងក្រោយនេះ ដែលអ្នកមានជម្លោះដីធ្លីនៅខេត្តកំពង់ឆ្នាំង និងខេត្តក្រចេះ បានឡើងមករាជធានីភ្នំពេញ ដើម្បីសុំអន្តរាគមន៍ពីរូបលោក។
កាលពីដើមសប្ដាហ៍នេះ ក្រុមអ្នកមានជម្លោះដីធ្លីមកពីខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ បានឡើងមកតវ៉ានៅរាជធានីដើម្បីរកអន្តរាគមន៍ ដោយពួកគេអះអាងថា អាជ្ញាធរនៅខេត្តមិនអាចដោះស្រាយបញ្ហាឲ្យពួកគាត់បាន ។ បច្ចុប្បន្នពួកគាត់ស្នាក់នៅវត្តពុទ្ធិយារាម ហៅវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឬស្សីកែវ ។
សូមសរសេរមកកាន់លោក អ៊ីត សូធឿត តាមរយៈ sothoeuth@vodhotnews.com