ដោយ៖ ស៊ុន ណារិន
ថ្ងៃសុក្រ ទី29 សីហា 2014
http://vodhotnews.com
សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ដាក់ញត្តិទៅនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Tony Abbott តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា កុំឲ្យបញ្ជូនជនភៀសខ្លួនមកកម្ពុជា ក្រោមហេតុផលថាកម្ពុជាមិនមានសមត្ថភាពគ្រប់គ្រាន់សម្រាប់កិច្ចការនេះ។
ញត្តិចុះហត្ថលេខានៅថ្ងៃទី២៨ខែសីហា ឆ្នាំ២០១៤ ដាក់ទៅស្ថានទូតអូស្ត្រាលី ឲ្យដឹងថា យោងតាមការស្រាវជ្រាវ និងការវិភាគហ្មត់ចត់មួយ សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើកុំឲ្យប្រទេសអូស្ត្រាលីបញ្ជូនជនភៀសខ្លួនមកកម្ពុជា ដោយសារកម្ពុជាមិនមានសមត្ថកាពគ្រប់គ្រាន់ និងមិនមានហេដ្ឋារចនាសម្ព័ន្ធ ក្នុងការទទួលយកជនភៀសខ្លួនពីអូស្ត្រាលីមកស្នាក់នៅនៅពេលនេះ។ ញត្តិបន្តថាប្រទេសកម្ពុជា ត្រូវបានចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចបំផុតនៅក្នុងពិភពលោក និងមានតំបន់ជាច្រើនដែលកម្ពុជា មិនទាន់ត្រូវបានពង្រឹង និងអភិវឌ្ឍខ្លួនឲ្យប្រសើរជាងនេះ ដើម្បីអាចទទួលជនភៀសខ្លួនបាន ក្នុងការឲ្យពួកគេអាចមក និងរស់នៅដោយភាពថ្លៃថ្នូរ។
ញត្តិនេះបានបង្ហាញពីកង្វះខាតមួយចំនួនដែលកម្ពុជាមិនអាចទទួលយកជនភៀសខ្លួនបាន ដូចជាប្រទេសក្រីក្រ អត្រាមិនមានការងារធ្វើខ្ពស់ ប្រព័ន្ធអប់រំនៅមានកម្សោយ ប្រព័ន្ធសុខាភិបាលមិនគ្រប់គ្រាន់ បញ្ហាអំពើពុករលួយ ការគោរពសិទ្ធិមនុស្សនៅមានកម្រិត និងបញ្ហាដីធ្លី។
ញត្តិបញ្ជាក់ថា«យោងតាមកម្សោយបច្ចុប្បន្នរបស់ប្រទេសកម្ពុជា និងរដ្ឋាភិបាលកម្ពុជាយើងអាចឃើញថាប្រទេសកម្ពុជាក្រជាងប្រទេសអូស្ត្រាលីគ្រប់ផ្នែក។ខណៈពេលដែលរដ្ឋាភិបាលកម្ពុជាមិនទាន់អាចបម្រើប្រជាជនខ្លួនឲ្យបានគ្រប់គ្រាន់ប្រសើរនៅឡើយ ចុះទម្រាំទទួលជនភៀសខ្លួនឲ្យមកស្នាក់នៅ?»។
ញត្តិឲ្យដឹងទៀតថា ជនភៀសខ្លួនទាំងនោះមានឆន្ទៈក្នុងការរស់នៅប្រទេសអូស្ត្រាលី និងចង់បានសញ្ជាតិអូស្ត្រាលី មិនមែនសញ្ជាតិកម្ពុជាទេ។ ញត្តិបញ្ជាក់ថា«ប្រសិនបើអ្នកបញ្ជូនជនភៀសខ្លួនមកម្ពុជា អ្នកមិនត្រឹមតែមិនជួយជនភៀសខ្លួនទេ តែមិនបានជួយកម្ពុជា និងប្រជាជនកម្ពុជា»។
កាលពីថ្ងៃពុធ ទី២៧ខែសីហា លោក អ៊ុច បូររិទ្ធ រដ្ឋលេខខាធិកាក្រសួងការបរទេសកម្ពុជា មានប្រសាសន៍ថា ដំណាក់កាលនេះជាការចរចានៅឡើយឡើយរវាងកម្ពុជា និងអូស្ត្រាលី ដោយប្រទេសទាំងពីរកំពុងតែផ្លាស់ប្តូរសំណូមពរមុននឹងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា។ លោកបញ្ជាក់ថាអ្វីដែលកម្ពុជាសម្រេចគឺផ្អែកលើមូលដ្ឋាននៃការស្ម័គ្រចិត្ត និងមនុស្សធម៌តែប៉ុណ្ណោះ។
កន្លងទៅអង្គការជាតិ និងអន្តរជាតិ ស្នើឲ្យកម្ពុជាពិចារណាឡើងវិញពីសំណើរសុំតាំងលំនៅរបស់ជនភៀសខ្លួនអូស្ដ្រាលី ដោយលើកឡើងថា ប្រទេសទាំងពីរ មិនគួរមានកិច្ចព្រមព្រៀងនេះទេ។
គួរបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលី គ្រោងនឹងផ្ទេរជនភៀសខ្លួនចំនួន១.០០០នាក់ ចេញពីមណ្ឌលឃុំឃាំង Nauru ដើម្បីធ្វើឲ្យមណ្ឌលនេះ ទូលាយជំជាងមុន ដោយសារតែបច្ចុប្បន្នមានមនុស្សជាប់ឃុំនៅក្នុងនោះ រហូតដល់ទៅ១.១៤៦ នាក់៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com