Fri, 29 August 2014
សូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ បន្ថែមលើភាពស្និទ្ធស្នាលរវាង ម៉ាក សែនសូនីតា និង រតនៈ ពិសិដ្ឋ ពីមួយថ្ងៃទៅមួយថ្ងៃនោះ ក៏មានការរំលេចចេញដំណឹងក្នុងគេហទំព័រមួយ ដោយអះអាងថានោះជាសម្តី កញ្ញា ម៉ាក សែនសូនីតា ថា នាង និងរតនៈ ពិសិដ្ឋ ជាគូស្នេហ៍នឹងគ្នាពិត ហើយក៏មានគម្រោងដឹកដៃគ្នាចូលរោងការនឹងគ្នាទៀតផង។
យ៉ាងណាការងាកមកភ្ជាប់ស្នេហ៍ជាមួយអ្នកមានអាជីពដូចគ្នារបស់កញ្ញា ម៉ាក សែនសូនីតា ដែលមហាជនមើលឃើញថា មិនមែនជាអ្នកសម្បូរទ្រព្យធនហូរចូលដូចអ្នកជំនួញនោះ មិនត្រូវបានមជ្ឈដ្ឋានទូទៅ ទទួលស្គាល់ថា ជាទំនាក់ទំនងក្នុងន័យស្នេហ៍ឆ្ពោះទៅត្រើយអនាគតទេ នោះគ្រាន់តែជាឆាកល្ខោន បន្លំភ្នែក ស្វែងរកការចាប់អារម្មណ៍តែប៉ុណ្ណោះ។
ជាមួយគ្នានោះ មានការលើកឡើងក្នុងន័យធ្ងន់ៗថា៖«បុរសៗក្នុងថ្នាលសិល្បៈ មិនមែនជាគោលដៅត្រូវប្រមាញ់ស្នេហ៍របស់តារាសិល្បៈស្រីៗនោះទេ»។
ស្របពេលនេះការលើកឡើងខាងលើ ស្រាប់តែមានការភ្ញាក់ស្រកាំងផងដែរ ខណៈមានគេហទំព័រក្នុងស្រុកមួយ ចេញផ្សាយថា កញ្ញា ម៉ាក សែនសូនីតា បានបដិសេធការយល់ឃើញរបស់មហាជន ហើយ តូតាក៏បានចោទថា ការគិតនោះគឺជាការយល់ខុសស្រឡះ។
ម៉ាក សែនសូនីតា បានចេញមុខបដិសេធដោយផ្ទាល់ចំពោះការលើកឡើង ហើយនាងបានប្រាប់ថា រូបនាង និងលោក រតនៈ ពិសិដ្ឋពិតជាស្រឡាញ់គ្នាចិត្តនឹងចិត្ត គ្មានការកុហកបោកប្រាស់មហាជនឡើយ។
យោងតាមគេហទំព័រនោះ ម៉ាក សែនសូនីតា បានអះអាងដោយភាពមុតមាំថា នាងនឹងម្ចាស់ស្នេហ៍ រតនៈ ពិសិដ្ឋ មានគម្រោងរៀបការសាងសុភមង្គលជាមួយគ្នាថែមទៀតផង។
ដោយឡែកជាមួយភ្នំពេញ ប៉ុស្តិ៍ ស្រីស្រស់ ម៉ាក សែនសូនីតា បែរជាបដិសេធការបរិយាយខាងលើនោះយ៉ាងដាច់អហង្ការទៅវិញ ដោយនាងអះអាងថា ពាក្យសម្តីបែបនេះ នាងមិនដែលបានលាតត្រដាងប្រាប់ទៅបណ្តាញសារព័ត៌មានណាឡើយ។
តូតា និយាយថា៖«ខ្ញុំមិនដែលនិយាយទេ ម៉េចបានជាមានពាក្យហ្នឹងចេញផ្សាយ»។ បើទោះជា ម៉ាក សែនសូនីតា បដិសេធយ៉ាងដូចនេះក្តី ប៉ុន្តែនាងទទួលស្គាល់ថា ពេលនេះទំនាក់ទំនងនាងជាមួយ តារាសម្តែង រតនៈ ពិសិដ្ឋ ពិតជាមានភាពស្និទ្ធស្នាលនឹងគ្នាមែន ប៉ុន្តែទំនាក់ទំនងនេះ នៅមានព្រំដែន។
តូតា បានពន្យល់ថា៖«កាលដែលខ្ញុំចាប់ទំនាក់ទំនងជាមួយបងរតនៈ ពិសិដ្ឋ គឺក្នុងន័យសិល្បៈ ព្រោះគាត់ជាតារាប្រុសម្នាក់ ដែលខ្ញុំចាប់ដៃគូជាមួយគាត់ទាំងសម្តែង ទាំងការច្រៀង ដូចជាសង់តង់គ្នាបានល្អ ទើបពួកយើង ចាប់ដៃគូគ្នាបានយូរ មិនតែប៉ុណ្ណោះ ពួកយើងក៏ជាតារាម៉ូដែលប្រចាំក្រុមជាមួយគ្នាផង»។
ម៉ាក សែនសូនីតា បានបញ្ជាក់ថា ទោះបីជាយ៉ាងណារវាង នាង និង ពិសិដ្ឋ នឹងមិនរំកិលលើសពីនេះបានឡើយ ពោលគឺនៅត្រឹមតែជាដៃគូសម្តែងតែប៉ុណ្ណោះ៕
