ស្ត្រី​បឹង​កក់​ម្នាក់​សន្លប់​និង​សង្គ្រោះ​បន្ទាន់​ដោយ​ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស

ដោយ សុ ជីវី
2014-08-28
RFA

បឹងកក់ សន្លប់ ៦២០
អ្នកស្រី ខែក ច័ន្ទរស្មី សកម្មជន​ដីធ្លី​បឹង​កក់ បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត ​(Calmet) ដោយ​សន្លប់​បាត់ស្មារតី​ធ្ងន់ធ្ងរ បន្ទាប់​ពី​ប៉ះទង្គិច​ក្បាល​នឹង​ជញ្ជាំង​ឡាន ពេល​កម្លាំង​អាជ្ញាធរ​បាន​ចាប់​បង្ខំ​បញ្ជូន​ចេញ​ពី​វត្ត​ចាស់ សង្កាត់​ជ្រោយ​ចង្វារ កាល​ពី​ថ្ងៃ​ទី​២៩ ខែ សីហា ឆ្នាំ ២០១៤។ Photo Provided

ស្រ្តីបឹង​កក់​ម្នាក់ គឺ​អ្នកស្រី ខែក ច័ន្ទរស្មី ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​(Calmet) ដោយ​អាការៈ​សន្លប់​បាត់ស្មារតី​ធ្ងន់ធ្ងរ បន្ទាប់​ពី​ប៉ះទង្គិច​ក្បាល​នឹង​ជញ្ជាំង​ឡាន នៅ​ពេល​កម្លាំង​អាជ្ញាធរ​បាន​ចាប់​បង្ខំ​បញ្ជូន​ចេញ​ពី​វត្ត​ពុទ្ធិយារាម ឬ​ហៅ​វត្ត​ចាស់ ក្នុង​សង្កាត់​ជ្រោយចង្វារ កាល​ពី​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៩ ខែ សីហា។

នៅ​មុន​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត អាជ្ញាធរ និង​អ្នក​បឹង​កក់​មួយ​ចំនួន​បាន​បញ្ជូន ខែក ច័ន្ទរស្មី ទៅ​សង្គ្រោះ​គ្លីនិក​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ ប៉ុន្តែ​ពុំ​អាច​សង្គ្រោះ​បាន។

មក​ដល់​ពេល​នេះ ស្ត្រី​បឹង​កក់​រូប​នោះ​ឋិត​ក្នុង​ស្ថានភាព​អាច​សង្គ្រោះ​បាន ប៉ុន្តែ​នៅ​មិន​ទាន់​ដឹង​ខ្លួន​ត្រឹមត្រូវ​នៅ​ឡើយ។

អាជ្ញាធរ​ចាប់​ស្ត្រី​តំណាង​អ្នក​បឹង​កក់​ចំនួន​៤នាក់​កាល​ពី​ព្រឹក​ថ្ងៃ ២៩ ខែ សីហា ក្នុង​ពេល​រារាំង​ប្រជាពលរដ្ឋ ដែល​មាន​ជម្លោះ​ដីធ្លី​មក​ពី​ខេត្ត​បាត់ដំបង មិន​អោយ​ចេញ​ពី​វត្ត​ពោធិ៍ក្ខារាម ឬ​ហៅ​វត្ត​ចាស់ ក្នុង​សង្កាត់ ជ្រោយចង្វា ដែល​ប៉ុនប៉ង​នាំគ្នា​ទៅ​ដាក់​ញត្តិ​រក​អន្តរាគមន៍​នៅ​តាម​ស្ថាប័ន​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ។

តំណាង​អ្នក​បឹង​កក់​ទាំង​៤​នាក់​នោះ​មាន​អ្នកស្រី ទេព វន្នី គង់ ចន្ថា សុង ស្រីលាភ និង​ខែក ច័ន្ទ​រស្មី។ ពួក​គេ​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​ឡាន ទៅ​ទុក​នៅ​ក្នុង​បុរី​រុងរឿង​ក្នុង​សង្កាត់​ជ្រោយ​ចង្វា​ដែរ។ ហើយ​មក​ទល់​ពេល​នេះ​ពួក​គាត់​ទាំង​៤​នាក់ ត្រូវ​ប៉ូលិស​ដោះលែង​ហើយ។

ប្រជាពលរដ្ឋ​ប្រមាណ ១០០នាក់​កំពុង​ស្នាក់​នៅ​ក្នុង​​ពុទ្ធិយា​រាម ហៅ​វត្ត​ចាស់ បន្ទាប់​ពី​ពួក​គាត់​បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្ត បាត់​ដំបង ​ប៉ៃលិន និង​បន្ទាយមានជ័យ​កាលពី​ដើម​សប្តាហ៍​នេះ ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់​ព័ន្ធ​អោយ​ជួយ​ដោះស្រាយ​បញ្ហា​ដី​ធ្លី​របស់​ពួក​គាត់។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles