ដោយ៖ ជន ស្រីណុច
ថ្ងៃសុក្រ ទី29 សីហា 2014
http://vodhotnews.com
អង្គការឃ្លាំមើលការបោះឆ្នោតមួយចំនួន នៅថ្ងៃសុក្រនេះ រិះគន់ថា គណបក្សជាប់ឆ្នោតទាំងពីរ នៅតែមិនទាន់ផ្តល់ឱកាសទៅដល់យុវជន ដើម្បីឲ្យពួកគេមានសមាសភាពនៅក្នុងគណៈកម្មាការណាមួយ ចូលប្រឡូកក្នុងឆាកនយោបាយ។
ការរិះគន់នេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូលរវាងយុវជន និងតំណាងរាស្ត្រវ័យក្មេង ស្តីពីការឆ្លុះបញ្ចាំងលើកិច្ចព្រមព្រៀង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃទី២៩ខែសីហានេះ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា បើទោះបីជាចលនានយោបាយនៅលើសកលលោកភាគច្រើនមានការរីកចម្រើន អំពីការចូលរួមក្នុងឆាកនយោបាយពីយុវជន ប៉ុន្តែនៅកម្ពុជានៅមិនទាន់ផ្តល់អាទិភាពដល់យុវជននៅឡើយទេ ផ្ទុយទៅវិញបើមាន គឺមានតែក្រុមមនុស្សដែលមានសែស្រឡាយជាអ្នកធំ។
ជាមួយគ្នានេះដែរ មន្ត្រីផ្នែកអង្កេតអង្គការខុមហ្វ្រែល លោក សៀន ប៊ុនរិទ្ធ មានប្រសាសន៍ថា ផ្អែកតាមកិច្ចព្រមព្រៀងថ្ងៃទី២២ កក្កដា ឃើញថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនទាន់លើកឡើងអំពីអាទិភាពយុវជននៅឡើយទេ។ លោកបន្តថា គណបក្សឈ្នេះឆ្នោតទាំងពីរ គួរតែចែងឲ្យច្បាស់នៅក្នុងកិច្ចព្រមព្រៀង អំពីសមាសភាពយុវជនដែលអាចមានលទ្ធភាពត្រឹមកម្រិតណាមួយ ដើម្បីឲ្យពួកគេមានសង្ឃឹម និងត្រៀមខ្លួនចូលរួមលុបបំបាត់អំពើពុករលួយនៅក្នុងសង្គម។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ទទួលស្គាល់ថា គណបក្សឈ្នះឆ្នោតទាំងពីរមិនទាន់ព្រមព្រៀងគ្នា អំពីសមាសភាពយុវជននៅក្នុងនយោបាយមែន ហើយថាបច្ចុប្បន្ននេះ ឃើញថាយុវជនដែលមានសិទ្ធិក្នុងនយោបាយមានតែកូនអ្នកមានអំណាចប៉ុណ្ណោះ។
លោក អ៊ុំ សំអាន សាទរចំពោះការលើកឡើងរបស់សង្គមស៊ីវិល និងទទួលស្គាល់ថាយុវជនគួរតែមានឱកាសក្នុងឆាកនយោបាយឲ្យបានច្រើនជាងនេះ។
ដោយឡែកមន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីនេះដែរ តែមិនមានវត្តមានទេ ដោយថាជាប់រវល់។
បើតាមការសង្កេតមើលនៅប្រទេសកម្ពុជា ឃើញថាតំណាងរាស្ត្រនៅក្នុងគណបក្សនយោបាយនីមួយៗ មិនសូវមានសមាសភាពយុវជនក្នុងនោះទេ បើទោះបីជារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងក្នុងមាត្រា៧៦ ថាអ្នកដែលអាចឈរឈ្មោះជាអ្នកនយោបាយបាន គិតត្រឹមអាយុត្រឹម២៥ឆ្នាំឡើងទៅក៏ដោយ៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com