ខេត្ត​ចំនួន​១៦​ប្រឈម​នឹង​ទឹក​ជំនន់​ទឹក​ភ្លៀង​ដោយសារ​ឥទ្ធិពល​ប្រព័ន្ធ​សម្ពោធ​ទាប

ដោយ ខែ សុណង
2014-08-30
RFA

ជំនន់​ទឹក​ភ្លៀង បន្ទាយមានជ័យ ៦១០
លំនៅឋាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដែល​រង​ការ​លិច​លង់​ដោយសារ​ទឹក​ជំនន់​មក​ពី​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០១៣។ RFA/Soun Sophalmony

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រកាស​ថា ខេត្ត​ជាង​១០​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ប្រឈម​ទឹក​ជំនន់​ទឹក​ភ្លៀង ដោយសារ​តែ​ការ​ជះ​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពោធ​ទាប ដែល​អូស​កាត់​ពី​លើ​អាង​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ថៃ និង​ប្រទេស​ឡាវ។

សេចក្ដី​ជូន​ដំណឹង​ពី​ក្រសួង​ធនធាន​ទឹក នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា បាន​រំកិល​ចុះ​មក​ទិស​ខាង​ត្បូង ត្រង់​ព្រំប្រទល់​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ។ ប្រព័ន្ធ​សម្ពាធ​ទាប​នេះ បាន​គ្រប​ដណ្ដប់​លើ​ព្រះរាជាណាចក្រ​កម្ពុជា ស្ទើរ​ទាំង​មូល ដែល​ស្ថានភាព​អាកាសធាតុ​បែប​នេះ នឹង​បង្ក​ឲ្យ​ធ្លាក់​ភ្លៀង​កាន់​តែ​ច្រើន​នៅ​ខេត្ត​មួយ​ចំនួន ចាប់​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា អូស​បន្លាយ​រយៈពេល​១​សប្ដាហ៍ ខេត្ត​ទាំង​នោះ​រួម​មាន ខេត្ត​កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្ដរមានជ័យ ព្រះវិហារ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ខេត្ត​មណ្ឌលគិរី ដែល​អាច​ប្រឈម​នឹង​ទឹក​ជំនន់​ទឹក​ភ្លៀង។

សេចក្ដី​ជូន​ដំណឹង​ដដែល បាន​បញ្ជាក់​ថា ប្រព័ន្ធ​សម្ពាធ​ទាប​នេះ​ក៏​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​អាង​ទន្លេ​មេគង្គ​ភាគ​ខាង​លើ ដែល​បង្ក​ឲ្យ​កម្ពស់​ទឹក​ទន្លេ​មេគង្គ ទន្លេ​សាប ទន្លេ​បាសាក់ នឹង​កើន​ឡើង​ជា​បន្តបន្ទាប់​ចាប់​ពី​ដើម​ខែ​កញ្ញា ត​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles