ដោយ យាង សុជាមេត្តា
2014-08-30
RFA

ក្រុមកម្មកររត់គេចខ្លួនពេលសមត្ថកិច្ចប្រើហិង្សាបង្ក្រាបតាមបណ្ដោយផ្លូវវ៉េងស្រេង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ RFA/Mom Sophon
អង្គការសង្គមស៊ីវិល ទទូចឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើការស៊ើបអង្កេតពីការបាត់ខ្លួនយុវជនម្នាក់ ដែលត្រូវសមត្ថកិច្ចរដ្ឋាភិបាលបាញ់ឲ្យរបួសក្នុងពេលបង្ក្រាបលើកម្មករកាលពីខែមករា ឆ្នាំ២០១៤។
រហូតមកដល់ពេលនេះ យុវជនរូបនោះនៅតែបន្តបាត់ខ្លួនដោយអាថ៌កំបាំង។ ការទទូចជាថ្មីរបស់សង្គមស៊ីវិលនេះ ចំពេលដែលពិភពលោករំឭកទិវាអនុសញ្ញាអន្តរជាតិ ស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ នៅថ្ងៃទី៣០ ខែសីហា ដែលកម្ពុជា ក៏ជាភាគីផ្តល់សច្ចាប័នដែរនោះ។
ស្របពេលដែលពិភពលោកទាំងមូលរំឭកទិវាអនុសញ្ញាអន្តរជាតិ ស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ អង្គការសង្គមស៊ីវិលលេចមុខសាជាថ្មីទៀត អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា គោរពកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាប្រទេសភាគីនៃអនុសញ្ញានេះ ដោយទាមទារឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតការបាត់ខ្លួនរបស់យុវជន ឃឹម សាផាត។
អ្នកសម្របសម្រួលបច្ចេកទេសស៊ើបអង្កេត នៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា បានទទួលយកអនុសញ្ញាអន្តរជាតិស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ។ ដូចនេះ រដ្ឋាភិបាលមានកាតព្វកិច្ចស្របច្បាប់ អនុវត្តទៅតាមលក្ខខណ្ឌនៃអនុសញ្ញា ដោយធ្វើការស៊ើបអង្កេតដោយឯករាជ្យ ហ្មត់ចត់ និងភ្លាមៗ លើការបាត់ខ្លួនរបស់យុវជន ឃឹម សាផាត ហើយជូនដំណឹងដល់ក្រុមគ្រួសាររបស់គាត់នូវជោគវាសនា និងកន្លែងដែលយុវជននេះកំពុងរស់នៅ។
លោក អំ សំអាត៖ «រដ្ឋាភិបាលលោកត្រូវបង្កើតនូវគណៈកម្មការ ពីព្រោះបើយើងជាសមាជិកហើយ យើងត្រូវមានយន្តការមួយច្បាស់លាស់ ដើម្បីអនុវត្តកាតព្វកិច្ចរដ្ឋជាសមាជិក។ អ៊ីចឹងយើងត្រូវបង្កើតគណៈកម្មការមួយដោយឯករាជ្យច្បាស់លាស់ ដើម្បីស៊ើបអង្កេតករណីនេះ ដើម្បីស្វែងរកព័ត៌មានឲ្យគ្រប់គ្រាន់ ផ្តល់ជូនអង្គការសហប្រជាជាតិ ដែលទទួលបន្ទុកពីការស្វែងរកជនភៀសខ្លួន ក៏ដូចជាក្រុមគ្រួសារគេឲ្យបានដឹង អំពីវាសនានៃ លោក ឃឹម សាផាត ហ្នឹង»។
ចំណែកនាយិកាអង្គការលីកាដូ អ្នកស្រី ណាលី ពីឡូក វិញថ្លែងថា ក្រុមគ្រួសាររបស់យុវជន ឃឹម សាផាត គួរត្រូវបានដឹងការពិតអំពីស្ថានការណ៍នៃការបាត់ខ្លួនកូនរបស់ពួកគាត់។
យុវជន ឃឹម សាផាត អាយុ ១៦ឆ្នាំ ត្រូវបានគេឃើញចុងក្រោយដេកដួលហូរឈាមនៅលើកំណាត់ផ្លូវវ៉េងស្រេង ត្រង់ម្តុំសួនឧស្សាហកម្មកាណាឌីយ៉ា កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ដែលក្រោយមកបានបាត់ខ្លួនរហូតមកទល់ពេលនេះ។
អនុសញ្ញាអន្តរជាតិស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ ដែលកម្ពុជា បានផ្តល់សច្ចាប័នកាលពីខែមិថុនា ឆ្នាំ២០១៣ ចែងថា ការបាត់ខ្លួនដោយបង្ខំ គឺសំដៅដល់ការចាប់ខ្លួន ការឃុំខ្លួន ការចាប់ពង្រត់ ឬទម្រង់ផ្សេងទៀតនៃការដកហូតសិទ្ធិ ធ្វើឡើងដោយភ្នាក់ងាររដ្ឋ ឬបុគ្គល ឬក្រុមបុគ្គលដែលមានការអនុញ្ញាត ការគាំទ្រ ឬការយល់ព្រមពីរដ្ឋ ដែលក្រោយមកបានបដិសេធមិនទទួលស្គាល់ពីការដកហូតសេរីភាព ឬដោយមានការលាក់កំបាំងពីជោគវាសនា ឬទីកន្លែងរបស់ជនបាត់ខ្លួននោះ។ រដ្ឋជាភាគីនៃអនុសញ្ញានេះ មានកាតព្វកិច្ចក្នុងការចាត់វិធានការ ដើម្បីស៊ើបអង្កេតអំពើល្មើស ការបាត់ខ្លួនដោយបង្ខំ ហើយត្រូវនាំខ្លួនជនទទួលខុសត្រូវទៅតុលាការផ្ដន្ទាទោសតាមច្បាប់។ អង្គការសហប្រជាជាតិ នៅថ្ងៃទី៣០ សីហា ក៏ជំរុញឲ្យរដ្ឋភាគីស៊ើបអង្កេតពីជោគវាសនារបស់បុគ្គលដែលបានបាត់ខ្លួន។ ស្របពេលជាមួយគ្នា ក្រុមការងារផ្នែកសិទ្ធិមនុស្សចំនួន៣៩ នៅក្នុងប្រទេសសមាជិកសមាគមអាស៊ាន ជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសសមាជិកតំបន់នេះ បញ្ចប់សកម្មភាពការបាត់ខ្លួនដោយបង្ខំ ព្រមទាំងអំពាវនាវឲ្យរដ្ឋាភិបាល ស៊ើបអង្កេតនាំយកអ្នកទទួលខុសត្រូវកាត់ទោស និងផ្តល់សំណងដល់ជនរងគ្រោះ និងគ្រួសារពួកគេ ក្នុងនោះក៏មានករណីយុវជន ឃឹម សាផាត ផងដែរ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា កម្ពុជា មានកាតព្វកិច្ចក្នុងការអនុវត្តនូវអនុសញ្ញាដែលកម្ពុជា បានផ្តល់សច្ចាប័ន។ ទាក់ទងការបាត់ខ្លួនរបស់យុវជន ឃឹម សាផាត លោក ខៀវ សុភ័គ បញ្ជាក់ថា សមត្ថកិច្ចមិនបានព្រងើយកន្តើយចំពោះបញ្ហានេះឡើយ។ លោកថា សមត្ថកិច្ចកំពុងខិតខំ ហើយលោកក៏អំពាវនាវឲ្យពលរដ្ឋជួយសហការផ្តល់ព័ត៌មានឲ្យសមត្ថកិច្ច៖ «កន្លងមកយើងបានទទួលព័ត៌មានអ៊ីចឹងមែន ថាប្អូន សាផាត ហ្នឹង គាត់បានបាត់ខ្លួនក្នុងថ្ងៃកើតព្រឹត្តិការណ៍ហ្នឹង រហូតដល់គេមានគេដុតសពអ៊ីចឹងទៅ បាញ់សម្លាប់អ៊ីចឹងទៅ។ ដល់យើងធ្វើការស៊ើបអង្កេតក៏មិនមែន រហូតដល់កន្លែងខ្លះគេប្រាប់ឃើញកន្លែងដុតឯណាទៀត យើងទៅរកមើលវាមិនមែនជាព័ត៌មានវាមិនពិត ទៅជាឯណាឃើញឆ្អឹងក្របី ឯណាទៅវិញ ដូច្នេះរាល់ព័ត៌មានដែលជូនមកសមត្ថកិច្ចវាមិនច្បាស់លាស់ ហើយសមត្ថកិច្ចក៏បានស្រាវជ្រាវរកហ្នឹង»។
កាលពីខែឧសភា ឆ្នាំ២០១៤ អ្នកគង្វាលគោ និងដែលជាសកម្មជនគណបក្សសង្គ្រោះជាតិ ដែរនោះ បានប្រទះឃើញឆ្អឹងដែលត្រូវបានគេដុតចោលនៅជើងភ្នំម្រះព្រៅ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយសង្ស័យថាជាសពរបស់យុវជន ឃឹម សាផាត។ ប៉ុន្តែក្រោយការចុះស្រាវជ្រាវរបស់អាជ្ញាធរស្រុកសំរោងទង អាជ្ញាធរថាមិនមែនជាការពិតឡើយ ហើយថាការសន្និដ្ឋានរបស់អ្នកគង្វាលគោនោះ ជារឿងផ្ដេសផ្ដាស គ្មានមូលដ្ឋានត្រឹមត្រូវទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិលជំរុញឲ្យនគរបាលគិតគូរពីសិទ្ធិរបស់ពលរដ្ឋបន្ទាប់ពីការចាប់ឬឃាត់ខ្លួន
- យុវជនពីរនាក់ត្រូវឃាត់ខ្លួនពីបទធ្វើទារុណកម្មក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់
- អង្គការអន្តរជាតិនឹងធ្វើបទបង្ហាញពីសិទ្ធិនៃការឃាត់ខ្លួនរបស់មន្ត្រីយុត្តិធម៌នៅថ្ងៃស្អែកនេះ
- អាដហុកបង្ហាញថាសេរីភាពនៃការបញ្ចេញមតិកំពុងធ្លាក់ចុះ
- មន្ត្រីអ.ស.បជំរុញឲ្យកម្ពុជាពន្លឿនការបង្កើតស្ថាប័នសិទ្ធិមនុស្សថ្នាក់ជាតិឯករាជ្យ
- លោក សុរិយា ស៊ូប៊ែឌី បញ្ចេញរបាយការណ៍ទី៦ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
- បញ្ហាលំបាករបស់ប្រជានាំសារនិងអ្នកសារព័ត៌មានក្នុងសង្គមកម្ពុជា
- CCHR៖ អ្នកស្រឡាញ់ភេទដូចគ្នាប្រឈមនឹងការរើសអើងនិងរំលោភបំពាន
- លោក ហ៊ុន សែន ថ្កោលទោសក្រុមឧទ្ទាមឥស្លាមសម្លាប់អ្នកកាសែតអាមេរិកម្នាក់