ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃសៅរ៍ ទី30 សីហា 2014
http://vodhotnews.com
នាយកសាលាអន្តរជាតិ ហ្វ្រេដហ្វត ប្រកាសផ្តល់ជំនួយជាថវិកា និងផ្គត់ផ្គង់ការសិក្សាជំនាញដល់កុមារាម្នាក់នៅស្រុកពារាំង ខេត្តព្រៃវែង ដែលរងការធ្វើទារុណកម្ម ដោយសារលួចផ្លែដូង។
លោក មុំ វ៉ារិន ជានាយកសាលា ហ្វ្រេដហ្វត និងជាប្រធានក្រុមហ៊ុន Japan Tech មានប្រសាសន៍តាមរយៈទូរស័ព្ទនៅថ្ងៃសៅរ៍នេះថា សកម្មភាពនៃការធ្វើទារុណកម្មលើកុមារនេះ គឺអំពើឃោរឃៅ និងអមនុស្សធម៌ ដែលលោកមិនអាចទទួលយកបាន។ លោកថា សកម្មភាពរបស់កុមារនេះ មិនមានឆន្ទៈ ដើម្បីមានបាននោះទេ គឺដោយសារតែភាពស្រេកឃ្លានតែប៉ុណ្ណោះ។
លោក មុំ វ៉ារិន មានប្រសាសន៍ថា សាលារបស់លោកមានគោលបំណងចង់ឲ្យក្មេងម្នាក់នេះ អាចផ្លាស់ប្តូរជីវិត ពីស្ថានភាពលំបាកនៅពេលបច្ចុប្បន្ន ឲ្យក្លាយជាអ្នកមានជំនាញពិតប្រាកដ។ លោកថា លោកនឹងរៀបចំក្រុមការងារចុះទៅជួបក្រុមគ្រួសារក្មេងនៅរសៀលថ្ងៃសៅរ៍នេះ ដើម្បីសិក្សាពីស្ថានភាពមួយចំនួនរបស់កុមារនេះដូចជា ប្រមូលជំនួយបន្ទាប់បន្សំសម្រាប់ផ្គត់ផ្គង់ក្នុងរយៈពេល៦ខែ និងឲ្យគាត់រៀនជំនាញផ្នែកអេឡិចត្រូនិច។
បើតាមមន្ត្រីអធិការនគរបាលស្រុកពារាំងបញ្ជាក់នៅថ្ងៃសៅរ៍នេះថា ជនល្មើសពីររូប ដែលបានធ្វើទារុណកម្មលើក្មេងប្រុសអាយុ១៤ឆ្នាំនេះ ហើយថតរូបបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដោយចោទថាបានលួចផ្លែដូងរបស់ខ្លួននោះ ត្រូវអាជ្ញាធរបញ្ជូនទៅតុលាការខេត្តព្រៃវែងនៅម៉ោង៧ព្រឹកមិញ។
ជនសង្ស័យទាំងពីររូប ទីមួយមានឈ្មោះ ហេង ដាណេ ជាជនដៃដល់ និងម្នាក់ទៀតឈ្មោះ ហេង វណ្ណី ជាអ្នកថតរូប ដែលជនទាំងពីរនេះ គឺជាបងប្អូនបង្កើតនឹងគ្នា។ ហេតុការណ៍ ហិង្សាបានកើតឡើងកាលពីល្ងាច ថ្ងៃទី២៨ ខែសីហា កន្លងទៅ នៅភូមិសាស្ត្រ ភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង៕
សូមសរសេរមកអ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com