ដោយ ហង្ស សាវយុត
2014-08-30
RFA

ដើមស្ពុងធំ១ដើមដែលដុះលើកំពែងប្រាសាទតាព្រហ្ម ហើយកំពុងទ្រេត ដែលអាជ្ញាធរអប្សរាធ្វើជន្ទល់ជ្រែងជាច្រើនឆ្នាំមកហើយ។ រូបថតថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤។ RFA/Hang Savyouth
អ្នកជំនាញផ្នែកអភិរក្សប្រាសាទបុរាណ នៃអាជ្ញាធរអប្សរា ទទួលស្គាល់ថា ប្រាសាទតាព្រហ្ម គឺជាប្រាសាទមួយដែលមនុស្សគ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើទេសភាព និងដើមឈើធំៗដែលដុះនៅទីនោះ។
ក៏ប៉ុន្តែ ដើមឈើធំៗខ្លះក្នុងចំណោមនោះ កំពុងតែគំរាមកំហែងប្រាសាទបុរាណ និងភ្ញៀវទេសចរដែលចូលទៅទស្សនា ជាហេតុធ្វើឱ្យអាជ្ញាធរអប្សរាបង្ខំចិត្តកាត់ដើមឈើមួយចំនួនចេញ។
មន្ត្រីអាជ្ញាធរអប្សរាទទួលបន្ទុកការពារ និងថែរក្សាប្រាសាទបុរាណ នៅខេត្តសៀមរាប ឱ្យដឹងថា គេមានគម្រោងនឹងរៀបចំពិធីកាត់ដើមឈើធំៗចំនួន ៤ដើម នៅក្នុងបរិវេណប្រាសាទតាព្រហ្ម នៅថ្ងៃច័ន្ទ ទី១ ខែកញ្ញា ខាងមុខនេះ បើទោះបីជាឈើទាំងនេះមានចុះនៅក្នុងបញ្ជីសារពើភណ្ឌនៃទេសភាពធម្មជាតិហើយក៏ដោយ។
អ្នកនាំពាក្យអាជ្ញាធរអប្សរា គឺអ្នកស្រី ចៅ ស៊ុនកិរិយា។ អ្នកស្រីមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី៣០ ខែសីហា ថា បច្ចុប្បន្ននេះមានដើមឈើធំៗមួយចំនួនកំពុងគំរាមកំហែងដល់ប្រាសាទបុរាណ ដោយសារឫសចាក់បំបែកថ្ម ឬក៏អាចដួលរលំសង្កត់ប្រាសាទ និងអ្នកទេសចរដែលចេញចូលទៅទស្សនា។
អ្នកនាំពាក្យដដែលបញ្ជាក់ថា ដើមឈើធំៗជាច្រើននៅក្នុងប្រាសាទតាព្រហ្ម ក៏ដូចជានៅតាមប្រាសាទបុរាណជាច្រើនទៀតដែរ គឺមានការចុះបញ្ជីសារពើភណ្ឌទាំងអស់ ដោយសារតែអង្គការយូណេស្កូ (UNESCO) និងបេតិកភណ្ឌពិភពលោក គេយកចិត្តទុកដាក់។ ក៏ប៉ុន្តែ ដើមឈើចំនួន ៤ដើមនៅក្នុងបរិវេណប្រាសាទបុរាណតាព្រហ្ម បានដុះនៅលើកំពែងប្រាសាទ ហើយកំពុងទ្រេតខ្លាំងធ្វើឱ្យអ្នកបច្ចេកទេសទល់ទ្រលែងឈ្នះ។ ដូច្នេះ អាជ្ញាធរអប្សរាបានបង្ខំចិត្តកាប់ដើមឈើទាំងនោះប្រវែងពាក់កណ្ដាលចោល។
អ្នកស្រី ចៅ ស៊ុនកិរិយា៖ «កាលណាកាប់វាមានហេតុ៤ គឺទី១ ដើមឈើវាឈឺ ទី២ វាអាចមានគ្រោះថ្នាក់នៅលើប្រាសាទ ដូចតាព្រហ្ម លើកមុនខ្យល់ព្យុះធ្លាក់ទៅបែកប្រាសាទ ហើយទី៣ គឺគ្រោះថ្នាក់ទៅលើអ្នកធ្វើដំណើរ។ ទី៤ បាំងទេសភាព។ អ៊ីចឹងនៅកន្លែងតាព្រហ្មហ្នឹង ដើមឈើដែលខ្ពស់ ហើយដាក់ជើងទ្រប៉ុន្មានឆ្នាំក៏មិនឈ្នះវា ឥឡូវគ្រាន់យើងកាត់ពាក់កណ្ដាលសិន»។
អាជ្ញាធរអប្សរា បានជូនដំណឹងទៅស្ថាប័នពាក់ព័ន្ធជាច្រើន ព្រមទាំងសាធារណជនផង មុននឹងកាត់ដើមឈើនៅប្រាសាទតាព្រហ្ម នោះ។
អគ្គនាយកអាជ្ញាធរអប្សរា បានថ្លែងបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៧ ខែសីហា ថា ប្រាសាទតាព្រហ្ម ដែលអតីតព្រះមហាក្សត្រខ្មែរកសាងឡើងតាំងពីសតវត្សទី១២ បច្ចុប្បន្នមានដើមឈើធំៗដុះទន្ទ្រានជាច្រើនកន្លែង។ ដើមឈើខ្លះដុះលើផ្លូវដើរ និងខ្លះទៀតដុះនៅលើប្រាង្គប្រាសាទតែម្ដង។ ដើមឈើខ្លះគ្មានឫសកែវ ហើយនៅពេលខ្យល់បក់ចំម្ដងៗ បណ្ដាលឱ្យហើបផ្ទាំងថ្មប្រាសាទចេញពីគ្នា។ ចំណែកដើមឈើខ្លះទៀត ឫសជ្រៀតចូលតាមចន្លោះថ្ម បណ្ដាលឱ្យថ្មប្រាសាទរង្គោះជ្រុះ។
ទោះយ៉ាងណា ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍មួយចំនួន ទាមទារឱ្យអាជ្ញាធរអប្សរាដែលបង្ខំចិត្តកាត់ដើមឈើទាំងនោះ ត្រូវប្រើបច្ចេកទេសខ្ពស់ដើម្បីការពារទេសភាពធម្មជាតិ។
មគ្គទេសក៍ជនជាតិខ្មែរនិយាយភាសាអង់គ្លេសមួយរូប គឺលោក ព្រំ សុវណ្ណ មានប្រសាសន៍ថា លោកយល់ស្របចំពោះការកាប់ឈើខ្លះចេញពីប្រាសាទតាព្រហ្ម ក៏ប៉ុន្តែក៏ត្រូវគិតគូរឱ្យមែនទែនចំពោះទេសភាពធម្មជាតិតែមួយគត់ ដែលកំពុងទាក់ទាញអ្នកទេសចរយ៉ាងខ្លាំងនោះ៖ «ខ្ញុំជាប្រជាពលរដ្ឋ ខ្ញុំសូមសំណូមពរដល់អាជ្ញាធរអប្សរា ឱ្យគាត់មើលដែរ ពីព្រោះក្នុងចំណោមជាង ១.០០០ប្រាសាទ គឺមានតែប្រាសាទតាព្រហ្មមួយទេ ដែលទាក់ទាញទេសចរណ៍ផ្នែកខាងដើមឈើដុះនៅលើប្រាសាទ។ ប៉ុន្តែបើសិនជាកាប់អស់ដើមឈើអស់ហ្នឹង គឺភ្ញៀវទេសចរគ្មានអ្វីនឹងទាក់ទាញទៀតទេ»។
មន្ត្រីអាជ្ញាធរអប្សរា ឆ្លើយតបបញ្ហានេះថា ដើមឈើនៅប្រាសាទតាព្រហ្មជាច្រើន ពិតជាទេសភាពធម្មជាតិគួរឱ្យទាក់ទាញអារម្មណ៍អ្នកទេសចរមែន ក៏ប៉ុន្តែអាជ្ញាធរត្រូវបង្ខំចិត្តកាត់ដើមឈើខ្លះ ដើម្បីជួយសង្គ្រោះ និងថែទាំប្រាសាទបុរាណឱ្យទាន់ពេលវេលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ខេត្តចំនួន១៦ប្រឈមនឹងទឹកជំនន់ទឹកភ្លៀងដោយសារឥទ្ធិពលប្រព័ន្ធសម្ពោធទាប
- ក្រុមហ៊ុនចិនគ្រោងជម្លៀសពលរដ្ឋចេញពីតំបន់ស្ទឹងឆាយអារ៉ែងដើម្បីសង់ទំនប់វារីអគ្គិសនី
- អាដហុករៀបចំសិក្ខាសាលាស្ដីពីរបៀបការពារធនធានធម្មជាតិនៅកំពង់ចាម
- អាជ្ញាធរបញ្ចប់កិច្ចសន្យាជួលដីនិងទីតាំងរមណីយដ្ឋានទន្លេបាទីដើម្បីប្រគល់ឲ្យសហគមន៍
- មន្ត្រីក្រសួងវប្បធម៌គ្រោងស្នើឲ្យក្រសួងអប់រំបញ្ចូលរបាំតន្ត្រីនិងល្ខោនក្នុងកម្មវិធីសិក្សាថ្នាក់ជាតិ
- ក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយនឹងត្រូវបើកដំណើរការនៅកម្ពុជាក្នុងខែធ្នូ
- មនុស្សស្លាប់កើនឡើងដល់៣៥នាក់ដោយសារទឹកជំនន់គិតត្រឹមថ្ងៃ១៨សីហា
- ស្រូវរាប់ពាន់ហិកតារនៅព្រៃវែងប្រឈមមុខខូចខាតដោយសារខ្វះទឹក
- អាជ្ញាធររារាំងក្រុមយុវជនមិនឲ្យជិះកង់ផ្សព្វផ្សាយពីការថែរក្សាបរិស្ថាន