អ្នក​ឡ​ពាង​ ៥​នាក់​ត្រូវ​បាន​ដោះ​លែង

អ្នក​ភូមិ​ឡ​ពាង​ ដែល​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធ​នាគារ កាល​ពី​ម្សិល​មិញ​។ រូប​ថត សហការី​

អ្នក​ភូមិ​ឡ​ពាង​ ដែល​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធ​នាគារ កាល​ពី​ម្សិល​មិញ​។ រូប​ថត សហការី​



ភ្នំពេញប៉ុស្តិ៍

អ្នកភូមិ​ឡ​ពាង​ចំនួន ៥ នាក់​ ដែល​ត្រូវ​សមត្ថ​កិច្ច​ខេត្ត​កំពង់​ឆ្នាំង​ ចាប់​ឃុំ​ខ្លួន​ ក្នុង​រឿង​ជម្លោះ​ដី​ធ្លី​ដ៏រ៉ាំ​រ៉ៃ ជា​មួយ​ក្រុម​ហ៊ុន ខេឌីស៊ី របស់​លោក​ស្រី ជា​ ខេង ភរិយា​លោក​ ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ​ នឹង​ថាម​ពល​នោះ ​ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់​ឆ្នាំង​ដោះ​លែង​វិញ​ហើយ​ កាល​ពី​ម្សិល​មិញ​។

ការ​ដោះ​លែង​នេះ ​ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​លិខិត​អន្តរា​គមន៍​ របស់​លោក​អង្គ វង្សវឌ្ឍានា រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ ចុះ​ថ្ងៃ​ទី២៧ ខែ​សីហា ទៅ​តាម​សំណើ​សុំ​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ របស់​លោក​ស្រី កែវ ច័ន្ទ​មុនី​ តំណាង​រាស្ត្រ​គណ​បក្ស​ប្រជា​ជន ​មណ្ឌល​កំពង់​ឆ្នាំង​។

ប្រធាន​តុលាការ​ខេត្ត​កំពង់​ឆ្នាំង មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​បាន​​ទេ ​កាល​ពី​ម្សិល​មិញ ចំណែក​លោក​ ប្រាក់​ វុទ្ធី ស្នង​ការ​រង​នគរ​​បាល​ខេត្ត​កំពង់​ឆ្នាំង បាន​បដិសេធ​មិន​ធ្វើ​អធិប្បាយ ​លើ​​បញ្ហា​របស់​អ្នក​ភូមិ​ឡ​ពាង​នោះ​​ទេ​ ប៉ុន្តែ​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា ​អ្នក​ភូមិ​ឡពាង​​ ៥ នាក់​ ត្រូវ​បាន​តុលាការ​​​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អា​សន្ន​ កាល​ពី​​ម៉ោង៤រសៀល​ថ្ងៃ​ម្សិល​មិញ​។

ប្រជា​ពល​រដ្ឋ​ទាំង ៥ នាក់ ដែល​ត្រូវ​បាន​ដោះ​លែង​នោះ រួម​មាន​ លោក​ សៀង ហេង លោក ​គុជ ហុក លោក ម៉ាង យ៉ាវ លោក ស្រ៊ុន ថា និង​លោក​ ស្ងួន ញឿន។ អ្នក​ទាំង​នេះ ត្រូវ​បាន​ សាលា​ដំបូង​ខេត្ត​កំពង់​ឆ្នាំង សម្រេច​ឃុំ​ខ្លួន​ កាល​ពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៤ និង​ថ្ងៃ​ទី១២ ខែសីហា ឆ្នាំ​២០១៤ ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ​ប្រើ​អំពើ​ហិង្សា និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯក​ជន​។

បើ​តាម​អង្គការ​លីកា​ដូ ពួក​គេ​ត្រូវ​បាន​ដោះ​លែង​បណ្តោះ​អាសន្ន​ ដោយ​មាន​លក្ខខណ្ឌ គឺ​ទី​មួយ ត្រូវ​ចូល​ខ្លួន​មក​តុលាការ​ ពេល​មាន​ដីកាកោះ​ហៅ ទីពីរ​ មិន​ត្រូវ​ផ្លាស់​ប្តូរ​ទី​កន្លែង​ស្នាក់​នៅ​ និង​ទី​ ៣ ត្រូវ​បង្ហាញ​ខ្លួន​នៅ​នគរ​បាល​ប៉ុស្តិ៍​ជា​រៀង​រាល់​ខែ។

អ្នក​ស្រី ​អ៊ុំ ​សូភី​ តំណាង​​អ្នក​ភូមិ​ឡ​ពាង បានឲ្យ​ដឹង​ថា ប្តីរបស់​អ្នក​ស្រី លោក​​ ស្ងួន ញឿន និង​អ្នក​ភូមិ ៤ នាក់​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​ដោះ​លែង ហើយ​​លោក​ស្រី មិន​បាន​ទៅ​ទទួល​គាត់​ទេដោយ​​សារ​កំពុង​ជាប់​តវ៉ា​នៅ​ភ្នំពេញ។

លោក​ស្រី​ សូភី ដែល​មាន​​កូន​តូច​ៗ​ក្នុង​បន្ទុក ៤នាក់ កូន​បង​អាយុ ៧ ឆ្នាំ និង​កូន​ប្អូន អាយុ ៤ ខែ ហើយ​​កំពុង​តែ​នៅ​ជា​មួយ​លោក​ស្រី ដើម្បី​​ធ្វើ​ការ​តវ៉ា​នោះ បាន​ថ្លែង​ថា​៖ «​វា​មិន​ទាន់​ចប់​ទេ ការ​ដោះ​លែង​នេះ គឺ​គ្រាន់​តែ​បណ្តោះ​អា​សន្ន​ប៉ុណ្ណោះ មិន​មែន​ដោះ​លែង​ជា​ស្ថា​ពរ​ឡើយ។ យើង​នៅ​តែ​បន្ត​ធ្វើ​ការ​តវ៉ា​ មិន​ត្រឡប់​ទៅ​​ផ្ទះ​វិញ​ទេ​ គឺ​ទាម​ទារ សូម​ឲ្យ​រដ្ឋាភិបាល​ ដោះ​​ស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​​របស់​យើង​ឲ្យ​បាន​ឆាប់ ​និង​ត្រូវ​បញ្ឈប់​នូវ​រាល់​ការ​ចោទ​ប្រ​កាន់​នានា​ និង​បញ្ឈប់​ការ​តាម​​ចាប់​ខ្លួន​អ្នក​ភូមិ​យើង​ទៀត»។

អ្នក​ស្រី​បាន​ឲ្យ​ដឹង​ថា ប្តី​របស់​អ្នក​ស្រី និង​​អ្នក​ភូមិ​ ៤ នាក់​ ដែល​ត្រូវ​បាន​ដោះ​លែង​នឹង​ឡើង​មក​ភ្នំពេញ​ដើម្បី​ចូល​រួម​តវ៉ា​រហូត​ទាល់​តែ​មាន​ដំណោះ​ស្រាយ​។

លោក​ស្រី​ សូភី បាន​ថ្លែង​អំណរ​គុណ​ដល់​លោក​ស្រី កែវ​ ច័ន្ទ​មុនី និង​លោក​អង្គ វង្សវឌ្ឍានា ក៏​ដូច​ជា​ក្រុម​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​​បាន​ខឹត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​រហូត​ដល់​មាន​ការ​ដោះ​លែង​ប្តី​របស់​អ្នក​ស្រី​និង​អ្នក​ភូមិ​ ៤ នាក់​ផ្សេង​ទៀត​នេះ៕​រាយការណ៍​បន្ថែម ប៊ុត រស្មីគង្គា


What Next?

Recent Articles